ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ខៀវ សុភ័គ ៖​យុទ្ធនាការ​ដើម្បី​កោះត្រល់​របស់​បក្ស​ខ្មែរ​ក្រោក នឹង​បរាជ័យ​ដូច​លោក សម រង្ស៊ី​
03, Aug 2018 , 9:19 pm        
រូបភាព
ប្រភពរូបពីផេកគណបក្សខ្មែរក្រោក
ប្រភពរូបពីផេកគណបក្សខ្មែរក្រោក
ដោយ:
​ភ្នំពេញ​៖ គណបក្ស​ខ្មែរ​ក្រោក កំពុង​ប្រកាស​ប្រមូល​ស្នាម​មេដៃ​របស់​ពលរដ្ឋ ដើម្បី​ទាមទារ​កោះត្រល់​ត្រឡប់​វិញ ។ តែ​យុទ្ធនាការ​នេះ ទំនង​អាច​ប្រឈមមុខ​ផ្លូវច្បាប់​ផងដែរ​។​



​ដ្បិត​យុទ្ធនា​ការប្រមូល «​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» ដែលជា​គំនិត​ផ្តួចផ្ដើម​របស់​គណបក្ស​ខ្មែរ​ក្រោក មិនទាន់​លេចចេញ​ជា​រូបរាង​ក្តី តែ​ក្រសួងមហាផ្ទៃ បាន​ព្រលយ​សម្ដី​ដោយ​ប្រយោល​ទៅ​គណបក្ស​មួយ​នេះ ដើម្បី​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ផែនការ​ខ្លួន​។ សម្រាប់​លោក ខៀវ សុភ័គ ទង្វើ​ដែល​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ចង់​ប្រមូល​«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» នេះ គឺជា​ចលនា​បំផុសបំផុល ឲ្យ​កម្ពុជា​មានទំនាស់​ជាមួយ​ប្រទេស​វៀតណាម​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​រំឭក​ពី​បញ្ហា​ប្រឈម​របស់​គណបក្ស​ខ្មែរ​ក្រោក ដោយ​ធៀប​ទៅនឹង​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច្នេះ​ថា​៖«​ចលនា​នេះ​មិន​ខុស​អ្វី​ពី​ចលនា សម រង្ស៊ី​នោះទេ ហើយ​វា​ក៏​បរាជ័យ​ដូច​ចលនា សម រង្ស៊ី​ដែរ​»​។​

​បើតាម​លោក ខៀវ សុភ័គ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ចំពោះ​អ្នក​ដែល​ចង់​ទាមទារ​កោះត្រល់​ត្រឡប់មកវិញ​ដែរ​។

​បើទោះជា​ក្រសួងមហាផ្ទៃ ព្រលយ​សម្តី​ដោយ​ប្រយោល​ពី​វិធានការ​ច្បាប់​ក្តី ប៉ុន្តែ​គណបក្ស​ខ្មែរ​ក្រោក នៅតែ​ប្ដេជ្ញា​ធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ​នេះ ទោះ​ជាមាន​បញ្ហា​អ្វី​ក៏ដោយ ។ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ចំពោះ​បញ្ហា​ប្រទេសជាតិ បញ្ហា​ទឹកដី គឺជា​រឿង​សំខាន់​ណាស់ បើទោះជា​ប្រៀបធៀប​ជីវិត​យើង​មួយ វា​គ្មាន​តម្លៃ​ស្មើ​ទឹកដី​ទេ ដូច្នេះ​យើង​នៅតែ​បន្ត​។ បើ​យើង​អ្នកដឹកនាំ​គេ យើង​មាន​ភាព​ខ្លាចរអា​យើង​មិន​អាចធ្វើ​ថ្នាក់ដឹកនាំ​គេ​បានទេ​»​។​

​បើតាម​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស ការធ្វើ​យុទ្ធនាការ​ខាងមុខនេះ គឺ​ធ្វើតាម​ច្បាប់​កម្ពុជា ដូច្នេះ​គ្មាន​អ្វីដែល​ហាម​លោក​អនុវត្ត​ឡើយ​។ «​ខ្ញុំ​មិន​គិតថា​វា​ប៉ះពាល់​អ្វី​ទេ ព្រោះ​វា​គ្រាន់តែ​ជាការ​បង្ហាញ​ឆន្ទៈ ដែល​អនុលោម​តាម​ការចង់បាន​ភាគច្រើន​របស់​ម្ចាស់ឆ្នោត​។ យុទ្ធនាការ​នេះ​ស្នាម​មេដៃ​នេះ គឺ​ដើម្បី​ឲ្យ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ ដែលមាន​សមត្ថកិច្ច​លើ​ការងារ​និង ជំរុញ​ឲ្យ​រដ្ឋសភា​រំលាយចោល​នូវ​សន្ធិសញ្ញា​ឆ្នាំ​២០០៥»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​បក្ស​ខ្មែរ​ក្រោក ដែល​បាន​យកពាក្យ​ជូនដំណឹង​ទៅ​ដា​ក់នៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៣ សីហា​នេះ​។​

​គណបក្ស​ខ្មែរ​ក្រោក នឹង​អនុវត្ត​យុទ្ធនា​ការប្រមូល​«​ស្នាម​មេដៃ​ដើម្បី​កោះត្រល់​» នៅ​ថ្ងៃទី​៨ សីហា​ខាងមុខ​។ សម្រាប់​យុទ្ធនាការ​នេះ លោក សារ​ពង្ស រំពឹងថា គណបក្ស​លោក​អាច​ទទួលបាន​ស្នាម​មេដៃ​គាំទ្រ​ពី​ពលរដ្ឋ​លើសពី ៥​ម៉ឺន​នាក់ ប្រសិនជា​គ្មាន​ការរារាំង ឬ​គំរាមកំហែង​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​គួរ​បញ្ជាក់ថា កម្ពុជា​បាន​បាត់បង់​កោះត្រល់​របស់ខ្លួន​នៅ​ឆ្នាំ ១៩៣៩ ក្រោយពី​ទេសាភិបាល​ឥណ្ឌូចិន របស់​បារាំង ដោយ​លោក ប្រេ​វី​យេ បានដាក់​កោះត្រល់ ឲ្យ​ស្ថិតក្នុង​ការគ្រប់គ្រងរ​បស់​ដែនកម្ពុជា​ក្រោម ឬ​តំបន់​កូ​សាំង​សី​ន​។ នៅ​ឆ្នាំ​១៩៤៩ បារាំង​បានប្រគល់​ដែនដី​កូសាំងស៊ីន ដែលជា​ទឹកដី​កម្ពុជា​ក្រោម​នេះ ទៅ​ឲ្យ​ព្រះ​ចៅ​បៅ​ដាយ របស់​ប្រទេស​វៀតណាម​។ នេះ​បើតាម​ការបញ្ជាក់​ពីស​ម្ដេច ហ៊ុន សែន កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១២ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​។​

​សម្ដេច ហ៊ុន សែន  បាន​បន្ថែមថា មូលហេតុ​ដែល​នាំ​ឲ្យ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ព្រោះ​ឯកសារ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ដាក់​កម្ក​ល់​នៅ​អង្គការសហប្រជាជាតិ​ឆ្នាំ​១៩៦៤ បានទទួល​ស្គាល់​ខ្សែបន្ទាត់ ប្រេ​វី​យេ ដែល​កាត់​កោះត្រល់​ឲ្យ​ទៅ​វៀតណាម​៕



Tag:
 នយោបាយ​
 ​កោះត្រល់​
 ​អធិបតេយ្យភាព
© រក្សាសិទ្ធិដោយ thmeythmey.com