ជាតិ
សេដ្ឋកិច្ច
ចិន​បើកផ្លូវ​ឲ្យ​កម្ពុជា​នាំចេញ​ផ្លែ​ចេក​ទៅ​ទីផ្សារ​ខ្លួន​ដោយផ្ទាល់​
03, Aug 2018 , 10:19 pm        
រូបភាព
រូបពីហ្វេសប៊ុក
រូបពីហ្វេសប៊ុក
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែ​ចេក ដែលជា​ការបើកផ្លូវ​ឲ្យ​កម្ពុជា​នាំចេញ​ចេក​ទៅ​ទីផ្សារ​ប្រទេសមួយ​នេះ​។ ពិធីសារ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២​ខែសីហា​។



​ក្នុង​ពិធីសារ​នេះ​មិនបាន​កំណត់​ប្រភេទ​ផ្លែ​ចេក​នោះទេ ពោលគឺ​ផ្លែ​ចេក​ទូទៅ​។ ប៉ុន្តែ​លោក ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម បាន​អះអាងថា មានតែ​ចេកអំបូង​លឿង​ទេ​ជា​ជម្រើស​ល្អ​បំផុត ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​អាច​នាំចេញ​បាន​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ជាទូទៅ​ចេក​ក្នុងស្រុក មិនអាច​ទុក​បានយូរ​ហួស​ពី​៣​ថ្ងៃ ដូចនេះ​យើង​ត្រូវ​ដាំ​ពូជ​ថ្មី ចេកអំបូង​លឿង​នេះ​»​។​

​សព្វថ្ងៃ​ចេកអំបូង​លឿង មាន​ដាំ​នៅ​ខេត្តរតនគិរី ក្រចេះ និង​ខេត្តកំពត ប្រមាណ ៥​ពាន់​ហិកតា ដែល​ឲ្យ​ផល​ប្រហែល ៣០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។ ប្រភេទ​ផ្លែ​ចេក​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ស្ទើ​តែ​រៀងរាល់ថ្ងៃ ហើយ​វៀតណាម​ធ្វើការ​នាំចេញ​បន្ត​។ នេះ​បើតាម​លោក ហ៊ាន វណ្ណ​ហន ។ លោក​បន្ថែមថា  នៅពេលនេះ កម្ពុ​ជាមាន​ច្រក​ទីផ្សារ​ថ្មី​មួយទៀត គឺ​ប្រទេស​ចិន ដែល​នឹង​បាន​តម្លៃ​ខ្ពស់ជាង​លក់​ឲ្យ​វៀតណាម​។

«​អាច​ថា​បង្វែរ​ទីផ្សារ​ក៏​ថា​បាន តែ​យ៉ាងណា​យើង​មាន​ទីផ្សារ​ថ្មី​មួយទៀត ដែល​អាច​លក់បាន​តម្លៃ​ប្រសើរ​ជាង ហើយ​យើង​មិនបាច់​ចំណុះ​ក្រោម​ទីផ្សារ​តែមួយ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ហ៊ាន វណ្ណ​ហន ។​

​បន្ទាប់ពី​មាន​ពិធីសារ​នេះ ចេក​របស់​កម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​ចូល​ទឹកដី​ចិន​ដោយផ្ទាល់​លើកដំបូង​នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហ៊ាន វណ្ណ​ហន ដោយ​លោក​ថា​នឹង​ខំប្រឹង​ជំរុញ​កិច្ចការ​បច្ចេកទេស​ផ្សេងៗ​ឲ្យ​បាន​រួចរាល់​នៅ​ចុងឆ្នាំ​នេះ​។​

​លោក​បាន​ពន្យល់​ដូច្នេះ​ថា​៖«​មានការ​ងារ​មួយចំនួន ត្រូវ​ចាត់ចែង​ជាបន្ទាន់​ដើម្បី​នាំ​ចេញទៅ​ចិន​លើកដំបូង​។ ហើយ​ត្រូវ​ការចូលរួម​ចាំបាច់​ពី​ម្ចាស់​កសិដ្ឋាន​។ ព្រោះថា ក្នុង​ពិធីសារ​នេះ​មាន​គោលបំណង​គ្រប់​គ្រង់​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​សមាសភាព​ចង្រៃ (​ផ្នែក​ភូតគាម​អនាម័យ​) ដែល​ចិន​ហាមឃាត់ ដូចនេះ​ទាមទារ​ឲ្យ​កសិដ្ឋាន ចុះបញ្ជី និង​គោរព​តាម​នីតិវិធី គោល​ការណែនាំ​ផ្សេងៗ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​។ ហើយ​យើង​ត្រូវ​ត្រួតពិនិត្យ តាមដាន ចាប់តាំងពី​ការដាំដុះ ប្រមូល​ផល វេច​ខ្ចប់ រហូតដល់​ការដឹកជញ្ជូន ដើម្បី​អញ្ជើញ​ភាគី​ចិន​មក​ត្រួតពិនិត្យ​លើកដំបូង នៅ​ចុងឆ្នាំ មុននឹង​នាំចេញ​»​។

​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម​រូបនេះ ទទូច​ឲ្យ​វិស័យ​ឯកជន​ព្យាយាម​ចាប់យក​ឱកាស​ពី​ទីផ្សារ​អន្តរជាតិ ខណៈ​រដ្ឋាភិបាល​ជួយ​បើក​ច្រក​ទីផ្សារ​កាន់តែ​ទូលាយ​។ លោក ហ៊ាន វណ្ណ​ហន មានប្រសាសន៍​ដូចនេះ​ថា​៖«​រដ្ឋាភិបាល​បាន​ត្រឹម​ជួយ​សម្របសម្រួល តែ​វិស័យ​ឯកជន​ខ្លួនឯង​ត្រូវ​ចេះ​ចាប់យក​ឱកាស​នេះ តាមរយៈ​ការត្រៀមខ្លួន និង​បំពេញ​លក្ខខណ្ឌ​បានល្អ​ក្នុងការ​នាំចេញ​។ លទ្ធភាព​នាំចេញ​របស់​កម្ពុជា​បាន​ដល់​ទំហំ​ប៉ុនណា គឺ​អាស្រ័យ​ផ្នែក​ឯកជន​នេះហើយ​»​។​

​គួរបញ្ជាក់ ពិធីសារ​នេះ​មិនបាន​កំណត់​កូតា​នាំចេញ​ចេក​របស់​កម្ពុជា​ទៅ​ចិន​នោះឡើយ ពោលគឺ​ដូចគ្នា​នឹង​ផលិតផល​កសិកម្ម​ផ្សេងទៀត​មួយចំនួន​ដែរ លើកលែងតែ​អង្ករ​ដែល​កំណត់​កូតា​។​

​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ពិធីសារ​នេះ​ផងដែរ ភាគី​កម្ពុជា​បានស្នើ​ឲ្យ​ភាគី​ចិន ព​ន្លឿ​ន​ការងារ​ក្នុងការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំចេញ ផ្លែស្វាយ តា​ង៉ែ​ន ស្រកានាគ ម្រេច និង​សំបុក​ត្រចៀកកាំ ទៅ​ទីផ្សារ​ចិន​។​

​ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត ២០​ម៉ឺន​តោន ដំឡូង​មី​ក្រៀម និង​ម្សៅ ៥៨​ពាន់​តោន កៅស៊ូ​ជាង ៣​ពាន់​តោន ទៅ​ទីផ្សារ​ចិន​៕



Tag:
 កសិកម្ម​
  ចេក​
© រក្សាសិទ្ធិដោយ thmeythmey.com