ជាតិ
សង្គមជាតិ
យុវ​សិស្ស​កម្ពុជា​៤​រូប ឈ្នះ​បាន​មេដាយ​៩ ពី​ការប្រកួត​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​អាស៊ាន​បូក​បី នៅ​ប្រទេស​ម៉ាឡេស៊ី​
04, Aug 2018 , 10:42 am        
រូបភាព
រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា
រូបភាពពីក្រសួង​អប់រំ យុវជន និង​កីឡា
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុវ​សិស្ស​កម្ពុជា​៤​រូប ឈ្នះ​បាន​មេដាយ​៩​គ្រឿង ពី​ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង អាស៊ាន​បូក​បី លើក​ទី​៧ នៅ​ប្រទេស​ម៉ាឡេស៊ី​។ «​វិទ្យាសាស្ត្រ និង​ការបង្កើត​ថ្មី​ដើម្បី​សុខភាព និង​សុខុមាលភាព​សង្គម​» ជា​ប្រធានបទ​ដែល​សិស្ស​កម្ពុជា​ប្រកួតប្រជែង​ក្នុងចំណោម​បេក្ខជន​ជាច្រើន  មកពី​បណ្តា​ប្រទេស​អាស៊ាន​។

 
​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា សិស្ស​កម្ពុជា​៤​រូប ដែល​ទទួលបាន​មេដាយ នោះ​រួមមាន យុវ​សិស្ស អៀង ហ៊ុយ​ឃាង ខេត្តបាត់ដំបង ទទួលបាន​មេដាយមាស​១​គ្រឿង​។ យុវ​សិស្ស ឡី ឡាយ​អាន ខេត្តបាត់ដំបង បាន​មេដាយប្រាក់​១​គ្រឿង និង​មេដាយសំរិទ្ធ​២ គ្រឿង​។ យុវ​សិស្ស ស្រ៊ុន រដ្ឋា ខេត្តតាកែវ បាន​មេដាយសំរិទ្ធ ៣​គ្រឿង និង ពេ​ជ្ច ពុធ​ស្រីនាថ ខេត្តកំពង់ឆ្នាំង បាន​មេដាយសំរិទ្ធ​២​គ្រឿង​។​
 
 
​សិស្ស​កម្ពុជា ៤​រូប ដែល​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ជ្រើសរើស​ទៅ​ចូលរួម​ប្រកួតប្រជែង​ប្រកួត អ្នកវិទ្យាសាស្ត្រ​វ័យក្មេង មាន​អាយុ​ចាប់ពី​១៣​ឆ្នាំ ដល់​១៥​ឆ្នាំ តែប៉ុណ្ណោះ​។ ការប្រកួតប្រជែង​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​នេះ មានការ​ចូលរួម​៥៧ រូប មកពី​បណ្តា​ប្រទេស​អាស៊ាន ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា ដល់​ថ្ងៃទី​៤ ខែសីហា​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕
 


 

Tag:
 អប់រំ​
  អាស៊ាន​
  មេដាយ​
 ​ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com