ជាតិ
បទយកការណ៍ / បទសម្ភាសន៍
«ស្នា» ដែលជនជាតិគ្រឹងប្រើ មានប្រសិទ្ធភាពមិនចាញ់កាំភ្លើង
× រតនគិរី៖ ជនជាតិដើមភាគតិចគ្រឹងដែលរស់នៅខេត្តរតនគិរី ចេះប្រើស្នាប្រភេទនេះគ្រប់ៗគ្នា។ ទំហំ និងកម្លាំងស្នា ដែលមានគ្រាប់ព្រួញធ្វើពីដើមឫស្សីនេះ មានប្រសិទ្ធភាពខ្លាំង អាចបាញ់សត្វព្រៃមាឌតូច ដូចជា កំប្រុក ដង្ហែន ចាប និងមាន់ព្រៃ ដែលនៅចម្ងាយពី ១៥ ទៅ ២០ម៉ែត្រ។ នេះជាខ្លឹមសារដែលលោក បៀន យ៉ែម ផ្តល់បទសម្ភាសដល់ក្រុមការងារកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នៅក្នុងភូមិរបស់លោកកាលពីថ្ងៃទី១៩ កក្តដា ឆ្នាំ២០១៨។
រស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី បុរសជនជាតិគ្រឹងវ័យ៤៦ឆ្នាំរូបនេះ បញ្ជាក់ថា៖ «តាមជំនឿ និងប្រពៃណីរបស់ជនជាតិដើមភាគតិចគ្រឹង នៅពេលដែលគេបាញ់ត្រូវសត្វអ្វីមួយ គេយកឈាម និងរោមរបស់វា មកលាបនៅលើស្នានោះ ដើម្បីឲ្យបាញ់សត្វត្រូវទៀត»។
នៅក្នុងបទសម្ភាសដដែលលោកតា បៀន គ្លីម ជាម្ចាស់ស្នា និងឪពុកបង្កើតរបស់លោក បៀន យ៉ែម មានប្រសាសន៍ថា លោកតាបានប្រើស្នានេះ បាញ់សត្វព្រៃមាឌតូចទាំងនោះយកមកបរិភោគ តាំងពីលោកតាមានអាយុ ១០ឆ្នាំមកម្ល៉េះ៕
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម នៃសារព័ត៌មានថ្មីៗ ជាមួយលោក បៀន យ៉ែម ជនជាតិដើមភាគតិចគ្រឹងរស់នៅឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរីដូចតទៅ៖
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
Tag:
រតនគិរី
ស្នា
ជនជាតិដើមភាគតិចគ្រឹង
បៀន យ៉ែម
© រក្សាសិទ្ធិដោយ thmeythmey.com