ជាតិ
សង្គមជាតិ
លោក François តំណាងទូរទស្សន៍បារាំង CFI ជាគ្រូបណ្តុះបណ្តាលអ្នកកាសែតតាមខេត្តនៃសារព័ត៌មាន Thmeythmey.com ភ្នំពេញ៖ នៅដើមខែកញ្ញាខាងមុខនេះ សាស្ត្រាចារ្យសារព័ត៌មានដ៏ល្បីតំណាងឲ្យទូរទស្សន៍បារាំង Canal France International (CFI), គឺលោក François Gerles នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីបើកវគ្គបណ្តុះបណ្តាលអ្នកកាសែតតាមខេត្តនៃសារព័ត៌មាន Thmeythmey.com នៅរាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសារៈសំខាន់លើរបៀបសរសេរ និងរបៀបធ្វើសេចក្តីរាយការណ៍អំពីវិស័យកសិកម្ម បរិស្ថាន ទេសចរណ៍ និងជំនួញខ្នាតតូចនៅតាមបណ្តាខេត្តក្រុងទាំង២៥នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមដែលជាអ្នកសារព័ត៌មានវ័យក្មេងជិត១០នាក់មកពីតាមបណ្តាខេត្ត នឹងចូលរួមសិក្សារយៈពេល១សប្តាហ៍ពេញនៅរាជធានីភ្នំពេញ។ នៅក្នុងវគ្គសិក្សានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងពីរបៀបសរសេរសម្រាប់សារព័ត៌មានសរសេរ, សម្រាប់វិទ្យុ និងសម្រាប់ទូរទស្សន៍។
លោក François Gerles គឺជាអ្នកសារព័ត៌មានដ៏ល្បីល្បាញម្នាក់ក្នុងចំណោមអ្នកសារព័ត៌មានជនជាតិបារាំង។ លោកធ្លាប់បានប្រឡូកការងារក្នុងវិស័យសារព័ត៌មានអស់រយៈពេលជាង២០ឆ្នាំមកហើយ។ លោក François Gerles ធ្លាប់បានបម្រើការនៅក្នុងអង្គភាពសារព័ត៌មានល្បីៗជាច្រើនកន្លែងទាំងនៅក្នុងប្រទេសបារាំង ទាំងនៅបរទេស ហើយក្នុងនោះ ក៏ធ្លាប់ធ្វើការជាអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា លោកធ្លាប់ធ្វើកិច្ចជាអ្នកជាអ្នកប្រឹក្សាជំនាញសារព័ត៌មានឲ្យស្ថាប័នធំៗជាច្រើនកន្លែង និងធ្លាប់ធ្វើជានិពន្ធនាយករងនៃកាសែតបារាំង Cambodge Soir ផងដែរ។ ស្ថិតក្នុងវ័យជាង៤០ឆ្នាំ, លោក François Gerles មានបទពិសោធន៍ខ្ពស់ក្នុងអាជីពសារព័ត៌មាន។ សម្រាប់គម្រោងទូរទស្សន៍បារាំង CFI ជាមួយសារព័ត៌មានអេឡិចត្រូនិក Thmeythmey, លោក François ត្រូវបានទូរទស្សន៍បារាំងដ៏ល្បីមួយនេះជ្រើសរើសឲ្យធ្វើជាសាស្ត្រាចារ្យបង្ហាត់អ្នកសារព័ត៌មានវ័យក្មេងនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development (the French Media Development Agency) និងសារព័ត៌មានអេឡិចត្រូនិច Thmeythmey.com គ្រោងនឹងផលិតព័ត៌មានទាក់ទងទៅនឹងវិស័យកសិកម្មនៅតាមជនបទនៃប្រទេសកម្ពុជា និងព័ត៌មានផលិតផលអត្តសញ្ញាណដទៃទៀតនៅតាមបណ្តាខេត្តនីមួយៗនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងចាប់ផ្តើមដាក់ឲ្យដំណើរនៅដើមខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ។ ទូរទស្សន៍បារាំង Canal France International (CFI) គឺជាទូរទស្សន៍ដ៏ធំ និងដ៏ល្បីមួយក្នុងចំណោមទូរទស្សន៍ល្បីនៅក្នុងប្រទេសបារាំង។
ផលិតដំណឹងទាក់ទងនឹងផលិតផលកសិកម្ម និងផលិតផលអត្តសញ្ញាណដទៃទៀតនៃខេត្តនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺជាបេសសកម្មថ្មីៗរបស់សារព័ត៌មានThmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development។
សារព័ត៌មាន Thmeythmey.com និង ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងធ្វើសេចក្តីរាយការណ៍ច្រើនទាក់ទងទៅនឹងសហគ្រាសខ្នាតតូច និងមធ្យមនៅតាមបណ្តាខេត្តនានាដែលមានគំនិតច្នៃប្រឌិតផលិតផលខ្មែរថ្មីៗ ឬមានគម្រោងជំរុញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ទីផ្សារក្នុងស្រុក និងទៅកាន់ទីផ្សារនៅក្រៅប្រទេស។ គម្រោងនេះមានឈ្មោះថា Rural Networks។
ការជួយជំរុញការសរសេររបស់សារព័ត៌មាន Thmeythmey.com ក្រោមការគាំទ្រ និងសហការដោយ ទូរទស្សន៍បារាំង Canal France International (CFI) ផ្នែក Media/Development នឹងនឹងរួមចំណែកជំរុញជំនួញខ្នាតតូចទាំងឡាយនៅតាមបណ្តាខេត្តឲ្យទទួលបានការផ្សព្វផ្សាយទូលំទូលាយជាងមុន។ តាមរយៈការផ្សព្វផ្សាយនេះ ផលិតផលអត្តសញ្ញាណនៅតាមបណ្តាខេត្ត ជាពិសេស ផលិតផលកសិកម្មនឹងអាចពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំជាងមុន។ ដូច្នេះ ដើម្បីទទួលបានព័ត៌មានផលិតផលអត្តសញ្ញាណប្រចាំខេត្ត និងផលិតផលកសិកម្មទូទាំង២៥រាជធានី-ខេត្ត សូមមេត្តាចុច Download for IOS :
https://apple.co/2ub9pdj and Android :
http://bit.ly/2KSe1MB
© រក្សាសិទ្ធិដោយ thmeythmey.com