ជប៉ុន​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​កម្ពុជា​

ជាតិ
​​​ន​យោ​បាយ​ជាតិ​
ជប៉ុន​មិន​ពេញចិត្ត​ចំពោះ​ការបោះឆ្នោត​កម្ពុជា​
05, Aug 2018 , 2:31 pm         55789
រូបភាព
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចាប់ដៃសមភាគីជប៉ុន តារ៉ូ កូណូ នាជំនួបនៅសិង្ហបុរី។ (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស)
រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចាប់ដៃសមភាគីជប៉ុន តារ៉ូ កូណូ នាជំនួបនៅសិង្ហបុរី។ (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស)
​ភ្នំពេញ​៖ ក្រោយពី​អន្តរជាតិ​រិះគន់​លើ​ការបោះឆ្នោត​កម្ពុជា ជា​បន្តបន្ទាប់ ដល់​វេន​រដ្ឋាភិបាល​ជប៉ុន ចេញមុខ​រិះគន់​វិញ​ម្ដង​។ ការខកចិត្ត​របស់​ជ​ប៉ុន បានបង្ហាញ​ចំពោះមុខ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ កាលពី​ថ្ងៃទី​៤ សីហា​។​

 
​ជប៉ុន​ដែល​រក្សា​ជំហរ​ស្ងៀមស្ងាត់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ បែរជា​ផ្លាស់ប្ដូរ​ជំហរ​ភ្លាមៗ ក្រោយពី​បាន​សួរនាំ​លោក ប្រាក់ សុខុន ពី​រឿង​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​។ ក្នុងជំនួប​ទ្វេរ​ភាគី នៅ​ប្រទេស​សិង្ហ​បុរី លោក Taro Kono រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​វាយតម្លៃថា ការបោះឆ្នោត​នៅ​កម្ពុជា មាន​ចំណុច​ជាច្រើន​ដែល​គួរ​ឲ្យ​ខកចិត្ត​។ ចំណុច​ដែល​លោក Taro Kono មើលឃើញថា ជា​បញ្ហា​ក្នុងការ​បោះឆ្នោត​នោះ គឺ​សន្លឹក​ជាច្រើន ដែល​មិនបានការ បើទោះជា​ជប៉ុន បាន​គាំទ្រ​ផ្ដល់ជំនួយ​បច្ចេកទេស​សម្រាប់​ការបោះឆ្នោត ដើម្បី​ធានាថា​ការបោះឆ្នោត​នឹង​អាច​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា​ក្តី​។ 
 
​អម​ជាមួយ​ការខកចិត្ត​នេះ លោក Taro Kono ក៏បាន​រំឭកថា ជប៉ុន​បាន​គាំទ្រ​ដល់​ការស្ថាបនា និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ដែលជា​មិត្ត​របស់​ជប៉ុន​នេះ ចាប់តាំងពី​ដំណើរ​សន្តិភាព​រហូតដល់​បច្ចុប្បន្ន​។ ថ្លែង​ចំពោះមុខ​លោក ប្រាក់ សុខុន នៅក្នុង​ជំនួប​ទ្វេរ​ភាគី ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​សិង្ហ​បុរី លោក Taro Kono បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជប៉ុន​ចង់ឃើញ​កម្ពុជា បន្ត​ដើរ​លើ​គន្លង​ផ្លូវ​អភិវឌ្ឍ​ប្រទេស​»​។​

អត្ថបទទាក់ទង

 
​បន្ថែម​ពីនេះ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្កើត​បរិយាកាស​នយោបាយ​ថ្មី ដោយ​ងាក​ទៅ​បើក​ច្រក​ចរចា​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្តដំណើរ​លទ្ធិប្រជាធិបតេយ្យ​។​«​គាត់​ចង់ឃើញ​កម្ពុជា​ដើរ​លើផ្លូវ​នាំយក​លទ្ធិប្រជាធិបតេយ្យ​រួមគ្នា​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Taro Kono ដែល​ចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK​។ 
 
​ជាការ​ឆ្លើយតប​លោក ប្រាក់ សុខុន បាន​ប្រា​ប់លោក Taro Kono ថា លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា គឺ​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។​
 
​បើទោះជា​ការបោះឆ្នោត​នៅ​កម្ពុជា ដំណើរការ​ទៅដោយ​រលូន ដែលមាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​៨២,៨៩​ភាគរយ​ក្តី ប៉ុន្តែ​អន្តរជាតិ​នៅតែ​រិះគន់ ដំណើរការ​បោះឆ្នោត​មួយ​នេះ​។ នោះ​ក៏​ព្រោះតែ ការបោះឆ្នោត​នេះ គ្មាន​វត្តមាន​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​ចូលរួម ស្រប​ជាមួយ​បរិយាកាស​នយោបាយ ឃុំខ្លួន​មេដឹកនាំ ហាម​សកម្មភាព​នយោបាយ​ថ្នាក់ដឹកនាំ​បក្ស​១១៨​នាក់ និង​រំលាយ​បក្សប្រឆាំង​មួយ​នេះ​៕
 
 
 

Tag:
 ជប៉ុន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com