ជាតិ
នយោបាយជាតិ
ជប៉ុនមិនពេញចិត្តចំពោះការបោះឆ្នោតកម្ពុជា រដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ចាប់ដៃសមភាគីជប៉ុន តារ៉ូ កូណូ នាជំនួបនៅសិង្ហបុរី។ (រូបភាពពីហ្វេសប៊ុកក្រសួងការបរទេស)
× ភ្នំពេញ៖ ក្រោយពីអន្តរជាតិរិះគន់លើការបោះឆ្នោតកម្ពុជា ជាបន្តបន្ទាប់ ដល់វេនរដ្ឋាភិបាលជប៉ុន ចេញមុខរិះគន់វិញម្ដង។ ការខកចិត្តរបស់ជប៉ុន បានបង្ហាញចំពោះមុខលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ កាលពីថ្ងៃទី៤ សីហា។
ជប៉ុនដែលរក្សាជំហរស្ងៀមស្ងាត់ចំពោះការបោះឆ្នោតនៅកម្ពុជានេះ បែរជាផ្លាស់ប្ដូរជំហរភ្លាមៗ ក្រោយពីបានសួរនាំលោក ប្រាក់ សុខុន ពីរឿងលទ្ធផលបោះឆ្នោតនៅកម្ពុជា។ ក្នុងជំនួបទ្វេរភាគី នៅប្រទេសសិង្ហបុរី លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន បានវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា មានចំណុចជាច្រើនដែលគួរឲ្យខកចិត្ត។ ចំណុចដែលលោក Taro Kono មើលឃើញថា ជាបញ្ហាក្នុងការបោះឆ្នោតនោះ គឺសន្លឹកជាច្រើន ដែលមិនបានការ បើទោះជាជប៉ុន បានគាំទ្រផ្ដល់ជំនួយបច្ចេកទេសសម្រាប់ការបោះឆ្នោត ដើម្បីធានាថាការបោះឆ្នោតនឹងអាចឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋកម្ពុជាក្តី។
អមជាមួយការខកចិត្តនេះ លោក Taro Kono ក៏បានរំឭកថា ជប៉ុនបានគាំទ្រដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសកម្ពុជា ដែលជាមិត្តរបស់ជប៉ុននេះ ចាប់តាំងពីដំណើរសន្តិភាពរហូតដល់បច្ចុប្បន្ន។ ថ្លែងចំពោះមុខលោក ប្រាក់ សុខុន នៅក្នុងជំនួបទ្វេរភាគី ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅសិង្ហបុរី លោក Taro Kono បានបញ្ជាក់ដូច្នេះថា៖«ជប៉ុនចង់ឃើញកម្ពុជា បន្តដើរលើគន្លងផ្លូវអភិវឌ្ឍប្រទេស»។
បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតបរិយាកាសនយោបាយថ្មី ដោយងាកទៅបើកច្រកចរចាជាមួយអតីតគណបក្សសង្គ្រោះជាតិ ដើម្បីបន្តដំណើរលទ្ធិប្រជាធិបតេយ្យ។«គាត់ចង់ឃើញកម្ពុជាដើរលើផ្លូវនាំយកលទ្ធិប្រជាធិបតេយ្យរួមគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំង»។ នេះជាការលើកឡើងរបស់លោក Taro Kono ដែលចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន NHK។
ជាការឆ្លើយតបលោក ប្រាក់ សុខុន បានប្រាប់លោក Taro Kono ថា លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា គឺបង្ហាញពីលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
បើទោះជាការបោះឆ្នោតនៅកម្ពុជា ដំណើរការទៅដោយរលូន ដែលមានពលរដ្ឋចូលរួមបោះឆ្នោត៨២,៨៩ភាគរយក្តី ប៉ុន្តែអន្តរជាតិនៅតែរិះគន់ ដំណើរការបោះឆ្នោតមួយនេះ។ នោះក៏ព្រោះតែ ការបោះឆ្នោតនេះ គ្មានវត្តមានអតីតគណបក្សប្រឆាំងដ៏ធំចូលរួម ស្របជាមួយបរិយាកាសនយោបាយ ឃុំខ្លួនមេដឹកនាំ ហាមសកម្មភាពនយោបាយថ្នាក់ដឹកនាំបក្ស១១៨នាក់ និងរំលាយបក្សប្រឆាំងមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com