ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក ស៊ា​ង សុ​បញ្ញា​៖ភាសា​ចិន និង​អង់គ្លេស នឹង​កាន់តែ​សំខាន់​សម្រាប់​ការងារ​ផ្លូវការ​,ធុរកិច្ច និង​ទំនាក់ទំនង​
07, Aug 2018 , 9:34 am        
រូបភាព
​ភ្នំពេញ​៖ វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន (Cam-Asean) បង្កើតឡើង​រយៈពេល​៤​ឆ្នាំ​ហើយ​។ បន្ទាប់ពី​ជោគជ័យ លើ​ការអប់រំ​ផ្នែក​ភាសា​អង់គ្លេស Cam-Asean បាន​ពង្រីក​ការបណ្តុះបណ្តាល​ភាសា​ចិន​បន្ថែមទៀត ដោយសារតែ​ចិន ជា​ភាសា​មួយ​ដែលមាន​សក្តានុពល​ទាំង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ​។ នេះ​ជា​ការបញ្ជាក់​របស់លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន Cam-Asean ដោយបាន​បន្តថា អ្នក​ដែល​ចេះ​ភាសា​ចិន ក៏​នឹងមាន​សក្តានុពល និង​ឱកាស​កាន់តែច្រើន​ដែរ ទាំង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន និង​ការងារ​ដែលមាន​ប្រាក់ចំណូល​ខ្ពស់​។ បើទោះជា​ភាសា​ចិន​កាន់​តែមាន​ឥទ្ធិពល​នៅ​កម្ពុជា​ក៏ដោយ នាយក​វិទ្យាស្ថាន Cam-Asean ក៏​នៅ​មើលឃើញ​ពី​តួនាទី​សំខាន់​នៃ​ភាសា​អង់គ្លេស និង​ភាសា​ផ្សេងទៀត​ដែរ​។ លោក​សន្និដ្ឋានថា ភាសា​ចិន និង​អង់គ្លេស នៅតែ​ដើរតួនាទី​ស្នូល នៅ​៥០​ឆ្នាំ​ទៅមុខទៀត ហើយនឹង​កាន់តែ​សំខាន់​សម្រាប់​កិច្ចការ​ការទូត ធុរកិច្ច និង​ការទំនាក់ទំនង​ទូទៅ​។​


​សូម​លោក​អ្នកនាង​ទស្សនា និង​អាន​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក​ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន​ខាងក្រោម​នេះ​៖
 
 
​វិទ្យា​វិ​ស្ថាន​អន្តរជាតិ​កម្ពុជា​-​អាស៊ាន បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ផ្តល់​ការអប់រំ​ផ្នែក​ភាសាបរទេស​ដែលមាន​គុណភាព​ដល់​យុវជន​កម្ពុជា​។ ប៉ុន្តែ​នៅក្នុង​រយៈពេល​២​ឆ្នាំ​ដំបូង Cam-Asean ចាប់ផ្តើម​បណ្តុះបណ្តាល​ជាមួយ​ការអប់រំ​ភាសា​អង់គ្លេស ដោយសារតែ​ធនធាន និង​ពិសោធន៍​ក្នុង​ផ្នែក​នេះ​មាន​ច្រើន​។ គួបផ្សំ​នឹង​ការត្រៀមខ្លួន និង​ការជឿជាក់​លើ​គុណភាព​អប់រំ​ផ្នែក​ភាសា​អង់គ្លេស​ពី​សំណាក់​សិស្ស​-​និស្សិត  Cam-Asean បានផ្តល់​ការបណ្តុះបណ្តាល​ភាសា​ចិន នៅក្នុង​អំឡុង​ឆ្នាំ​២០១៦​។ 
 
​លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន Cam-Asean បញ្ជាក់ថា​មូលហេតុ​ដែល Cam-Asean  បន្ថែម​ការអប់រំ​ភាសា​ចិន​នេះ គឺ​ដោយសារ​ចិន ជា​ប្រទេស​ដែលមាន​សក្តានុពល​ទាំង​ផ្នែក​ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង​នយោបាយ​។ ក្នុង​បរិបទ​កម្ពុជា វិនិយោគិន​ចិន កាន់តែច្រើន បានមក​បណ្តាក់ទុន មក​ធ្វើ​ការងារ​ផ្សេងៗ ទេសចរ​ចិន​កាន់តែ​ច្រើនឡើង បានមក​កម្ពុជា​។ ទៅ​ថ្ងៃ​អនាគត លោក ស៊ា​ង សុ​បញ្ញា ជឿជាក់ថា​ចិន​នឹង​នៅតែ​ដើរតួនាទី​សំខាន់ ក្នុង​វិស័យសេដ្ឋកិច្ច និង​នយោបាយ រវាង​កម្ពុជា​-​ចិន  និង​ទំនាក់ទំនង​របស់​កម្ពុ​ជា ជាមួយ​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​។​
 
​សម្រាប់​លោក​ស៊ា​ង សុ​បញ្ញា អ្នកចេះ​ភាសា​ចិន​នឹង​មានឱកាស​កាន់តែច្រើន ទាំង​ឱកាស​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន ការធ្វើការងារ​ជាមួយ​វិនិយោគិន​ចិន​នៅ​កម្ពុជា ក៏ដូចជា​ការទទួល​ប​ដិ​ស​ណ្ឋា​រ​កិច្ច​ខណៈ​ទេសចរ​ចិន​មក​កម្ពុជា កាន់តែ​កើនឡើង​។ 
 
​ទោះជា​មើលឃើញ​ពី​សក្តានុពល​នៃ​ការចេះ​ភាសា​ចិន​ក្តី នាយក​វិទ្យាស្ថាន Cam-Asean ក៏​នៅតែ​គូស​បញ្ជាក់ដែរថា ទៅ​អនាគត​ភាសា​អង់គ្លេស និង​ការចេះ​ភាសា​ដទៃទៀត ក៏​នៅតែមាន​សារៈសំខាន់​ដែរ​។ លោក ស៊ា​ង សុ​បញ្ញា បញ្ជាក់​ដូច្នេះ​៖« ខ្ញុំ​គិតថា​ការចេះ​ភាសាបរទេស ភាសា​អ្វី​ក៏ដោយ​វា​ជា​រឿង​ល្អ ហើយ​អ្នក​ដែលមាន​ខួរក្បាល​ល្អ អាច​ចេះ​ភាសា​បាន​ច្រើន​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ខ្ញុំ​គិតថា​ភាសា​អង់គ្លេស និង​ភាសា​ចិន នៅតែ​ដើរតួនាទី​ស្នូល តាម​គិត​របស់ខ្ញុំ មិនតិចជាង​៥០​ឆ្នាំ​ទៅមុខទៀត​ទេ ហើយ​ភាសា​ទាំង​២​នេះ នឹង​កាន់តែ​ដើរតួនាទី​សំខាន់​»​។​
 
​លោក ស៊ា​ង សុ​បញ្ញា បាន​ជំរុញ​ឲ្យ​យុវជន​ត្រូវ​វិនិយោគ​លើ​ការអប់រំ និង​ត្រូវ​ចេះ​ភាសា​អន្តរជាតិ​ណាមួយ​ឲ្យ​បាន​ច្បាស់ នៅក្នុង​បរិបទ​បច្ចុប្បន្ន ដើម្បី​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ជាពិសេស​ជាមួយ​អ្នក​ពី​ខាងក្រៅ​។​« ការអប់រំ ជាការ​វិនិយោគ​សម្រាប់​អនាគត  ហើយក៏​ជាការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ស៊ា​ង សុ​បញ្ញា​៕
 
 

Tag:
 ស៊ា​ង សុ​បញ្ញា​
 ​ភាសា​ចិន​
 ​ ភាសា​អង់គ្លេស​
  Cam-Asean
 ​អប់រំ​
 ​ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com