ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធាន​បក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច នឹង​ងើប​តវ៉ា បើ​រដ្ឋាភិបាល មិន​បម្រើ​ប្រយោជន៍​ពលរដ្ឋ​
07, Aug 2018 , 11:44 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រោយ​បោះឆ្នោត លោក ហួន រាជ​ចំរើន ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឃន៍​សេដ្ឋកិច្ច បានប្រកាស​ធ្វើជា​អ្នកប្រឆាំង ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ប្រជាជន​ពិតប្រាកដ​។ មិនតែប៉ុណ្ណោះ លោក ហួន រាជ​ចំរើន បាន​អះអាងថា គណបក្ស​លោក នឹងមាន​ការធ្វើ​បាតុកម្ម​ផ្សេងៗ នៅពេល ដែល​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល មិន​បម្រើ​ដល់​ផលប្រយោជន៍​ពលរដ្ឋ​។



​ទោះជា​មិន​ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា​សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៦​នេះ​ក្តី តែ​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លោក​ហួន រាជ​ចំរើន បាន​តាំងចិត្ត​ថា នឹងមិន​បញ្ឈប់​សកម្ម​ភាព​នយោបាយ​ឡើយ​។ លោក ប្រកាសថា នឹង​ធ្វើជា​ប្រធាន​គណបក្សប្រឆាំង ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​ប្រជាជន ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​។ សកម្មភាព​ប្រឆាំង ដែល​ប្រធាន​គណបក្ស​នេះ សំដៅ គឺ​ការធ្វើ​បាតុកម្ម ដោយមាន​ការគោរព​ច្បាប់​។

​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​នេះ លោក ហួន រាជ​ចំរើន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​បើជា​មាន​នរណាម្នាក់ យក​អំណាច​ជា​រាជរដ្ឋាភិបាល ទៅ​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជារាស្ត្រ ខ្ញុំ​ត្រូវតែ​ការពារ​។ ខ្ញុំ ត្រូវតែ​ស្នើសុំ​ដល់​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ នឹងដាក់​ទោស​ទៅលើ​ជន​ទាំងឡាយណា ដែល​ធ្វើបាប​ប្រជារាស្ត្រ​»​។​

​ប្រធាន​គណបក្ស​ខាងលើ បាន​អះអាង​ទៀតថា គណបក្ស​របស់លោក នឹងមិន​ធ្វើ​នយោបាយ​លាប​ពណ៌​គ្នា​ឡើយ ក្នុងន័យ​ធ្វើយ៉ាងណា​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​៕


Tag:
 នយោបាយ​
 ​បាតុកម្ម​
 ​បោះឆ្នោត​
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com