ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន កំណត់​សមាសភាព​រដ្ឋមន្ត្រី​រួច​អស់ហើយ​
07, Aug 2018 , 3:25 pm        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន
​ដោយ​គិត​ត្រឹមតែ​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុង​អាណត្តិ​ទី​៦​នេះ នៅសល់​ប្រមាណ​តែ​៣០​នាក់​ប៉ុណ្ណោះ​។ នាយករដ្ឋមន្ត្រី បានជ្រើសរើស​រួច​អស់ហើយ​ថា អ្នកណាខ្លះ នឹងត្រូវ​ធ្វើជា​រដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ថ្មី​នេះ​។​



​សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ធ្លាប់មាន​ដល់​ទៅ​រាប់រយ​នាក់​ក្នុង​អាណត្តិ​មុនៗ នឹងត្រូវ​កាត់បន្ថយ​ម​ក​សល់​ក្នុងរង្វង់តែ​៣០​នាក់​ប៉ុណ្ណោះ​។ អាច​លើសពី​៣០​នាក់ បើ​រាប់បញ្ចូល​ទាំង​ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​។​

​រដ្ឋមន្ត្រី​ណា ត្រូវ​កាន់កាប់​ក្រសួង​ណា សម្រាប់​អាណ​តិ្ត​ទី​៦ ត្រូវបាន​រៀបចំ​រួចរាល់​អស់ហើយ​។ នេះ​ជាការ​បង្ហើប​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨​។

​មេដឹកនាំ​កម្ពុជា ដែល​ទើបនឹង​ទទួល​ជ័យជម្នះ​សាជាថ្មី​លើ​ការបោះឆ្នោត បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖« [​សមាជិក​រដ្ឋាភិបាល​អាណ​ត្តិ​នេះ​] មាន​ចំនួន​តិច​ទេ ដែល​មិន​សំពីងសំពោង​ដូច​មុន​ឡើយ​។ រដ្ឋាភិបាល ខ្ញុំ​បង្កើត និង​មាននៅ​ក្នុង​បញ្ជី​រួចហើយ មិន​ពិបាក​ទេ​។ ហើយ​ក្បាលម៉ាស៊ីន​រដ្ឋសភា ក៏​រៀបចំ​រួចហើយ​ដែរ​»​។​

​យ៉ាងណាក៏ដោយ ប្រមុខ​រដ្ឋាភិបាល មិនបាន​បញ្ជាក់​នោះទេថា ​រដ្ឋមន្ត្រី​ណាខ្លះ ដែល​ត្រូវ​កាន់កាប់​ក្រសួង​របស់ខ្លួន​ដដែល ហើយ​រដ្ឋមន្ត្រី​ណាខ្លះ ដែល​នឹងត្រូវ​ផ្លាស់ប្តូរ​ទៅ​ក្រសួង​ផ្សេង​។ ម្យ៉ាងទៀត ប្រមុខ​រដ្ឋាភិបាល​រូបនេះ ក៏​មិនបាន​និយាយ​ដែរ​ថា នឹងមាន​ការដក​រដ្ឋ​មន្ត្រី ឬក៏​ដាក់​រដ្ឋមន្ត្រី​ថ្មី​។ លទ្ធផល​ទាំងនេះ នឹងត្រូវ​បង្ហាញ នៅពេល​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី​។
 
​តាម​ការគ្រោងទុក ព្រះមហាក្សត្រ នឹង​កោះប្រជុំ​រដ្ឋសភា​នីតិកាល​ទី​៦ ជា​លើកដំបូង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ហើយ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹងត្រូវ​បង្កើតឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា​។ ប៉ុន្តែ សម្តេច ហ៊ុន សែន បានប្រកាស​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កីឡាករ​-​កីឡាការិនី​ថា លោក​នឹង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​ថ្មី​ឲ្យ​បាន​មុន​ការកំណត់ បើ​អាចទៅរួច ដើម្បី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ត្រៀមខ្លួន ទៅ​ថ្លែងការណ៍​ស្តីពី​នយោបាយ​កម្ពុជា នៅ​អង្គការសហប្រជាជាតិ ដែល​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​។

​ក្នុងចំណោម​រដ្ឋមន្ត្រី​ជិត​៣០​រូប អ្នកខ្លះ មិន​ត្រឹម​តែមាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ទេ តែ​អាចជា​ទេសរដ្ឋមន្ត្រី​ផងដែរ ហើយ​អ្នកខ្លះទៀត មាន​ឋានៈ​ជា​រដ្ឋមន្ត្រី​ផង និង​ជា​ឧបនាយករដ្ឋមន្ត្រី​ផង​។ ជាក់ស្តែង លោក ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ ហើយក៏​មាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី​ផងដែរ ហើយ​សម្តេច ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយក៏​មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ថែមទៀត​។

​ឲ្យ​តែ​ជា​រដ្ឋមន្ត្រី គឺ​សុទ្ធតែ​ត្រូវ​កាន់កាប់​ក្រសួង​មួយ​។ ប៉ុន្តែ​មិនមែន​ឲ្យ​តែមាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី ឬ​ឧបនាយករដ្ឋមន្ត្រី សុទ្ធតែ​កាន់កាប់​ឬ​គ្រប់គ្រង​ក្រសួង​នោះទេ​។ ជា​ឧទាហរណ៍ លោក កុល ផេង មាន​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី ហើយ​លោក ហោ ណាំហុង មាន​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី ប៉ុន្តែ​លោក​ទាំងពីរ មិន​កាន់កាប់​ក្រសួង​ឡើយ​។ លោក កុល ផេង ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ ឯ​លោក ហោ ណាំហុង ធ្លាប់ជា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​។   

​ទោះជា​ទេសរដ្ឋមន្ត្រី និង​ឧបនាយករដ្ឋមន្ត្រី មិនមែនជា​ប្រធាន​ស្ថាប័ន ហើយ​មិន​កាន់កាប់​ក្រសួង​ដូច​រដ្ឋមន្ត្រី​ពិតមែន តែ​នៅតែ​រាប់បញ្ចូល​ជា​សមាជិក​រដ្ឋាភិបាល​។ ដូច្នេះ នៅ​អាណត្តិ​ទី​៦​នេះ បើ​ឧបនាយករដ្ឋមន្ត្រី និង​ទេសរដ្ឋមន្ត្រី​ទាំងនោះ នៅតែ​ត្រូវបាន​រក្សា​តំណែង​ឲ្យ​នៅ​ដដែល  សមាជិក​រដ្ឋាភិបាល នឹងមាន​ចំនួន​លើសពី​៣០​នាក់​។ 

​សមាជិក​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ធ្លាប់មាន​ដល់​ទៅ​រាប់រយ​នាក់ ហើយ​ធ្លាក់​មក​សល់​តិចតួច​ក្នុង​អាណត្តិ​ទី​៦​នេះ គឺ​ដោយសារតែ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ត្រូវបាន​ដក​ចេញពី​សមាជិក​រដ្ឋា​ភិ​បាល​។​

​មុន​ចប់​នីតិកាល​ទី​៥ រដ្ឋសភា បាន​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ដក​រដ្ឋលេខាធិការ និង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចេញពី​សមាជិក​រដ្ឋាភិបាល​។

​មាត្រា​៥១​នៃ​រដ្ឋធម្មនុញ្ញ ត្រូវបាន​កែប្រែ​មក​ថា សមាជិក​រដ្ឋាភិបាល រួមមាន នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។ មាត្រា​៥១​នេះ លែង​កំណត់​យក​រដ្ឋលេខាធិកា​រ ជា​សមាជិក​រដ្ឋាភិបាល ដូច​មុន​ទៀតហើយ​។ ឯ​មាត្រា​៥៣​នៃ​ច្បាប់​ថ្មី​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី ចែងថា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មិនមែនជា​សមាជិករ​ដ្ឋា​ភិ​បាល​ទេ ហើយក៏​មិនមែនជា​ភ្នាក់ងារ​រដ្ឋាភិបាល​អចិ​ន្ត្រៃ​យ៍​ដែរ​។

​សមាជិក​រដ្ឋាភិបាល​នា​អាណត្តិ​ទី​៥ ដែល​កើតឡើង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ រួមមាន នាយករដ្ឋមន្ត្រី (​សម្តេច ហ៊‌ុ​ន សែន​) ឧបនាយករដ្ឋមន្ត្រី​៩​នាក់ ទេសរដ្ឋមន្ត្រី​១៥​នាក់ រដ្ឋមន្ត្រី​២៧ (​ដឹកនាំ​ក្រសួង​ទាំង​២៧)  រដ្ឋមន្ត្រី​អម​ប្រតិភូ​នាយករដ្ឋមន្ត្រី​១៣​នាក់ រួមទាំង​រដ្ឋលេខាធិកា​រ​ជិត​២០០​នាក់ នៅតាម​បណ្តា​ក្រសួង​ទាំង​២៧​។ គណៈរដ្ឋមន្ត្រី ក្នុង​អាណត្តិ​ទី​៥ ធ្លាប់​ត្រូវបាន​រុះរើ ដោយបាន​ផ្លាស់ប្តូរ​រដ្ឋមន្ត្រី​មួយចំនួន ហើយ​រដ្ឋលេខាធិការ​មួយចំនួនទៀត ត្រូវបានតែងតាំង​បន្ថែម​ដែរ​៕


Tag:
 រដ្ឋាភិបាល​
  អាណត្តិ​ទី​៦
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com