ជាតិ
កម្ពុជា ត្រៀម​បញ្ជូន​យុវ​សិស្ស ៣​រូប​ដើម្បី​ប្រកួតប្រជែង ASEAN Quiz ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​
07, Aug 2018 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវ​សិស្ស​ចំនួន ៣​រូប ដែល​មកពី​រាជធានី​ភ្នំពេញ នឹង​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង ក្នុង​កម្មវិធី ASEAN Quiz ថា្នក់​ជាតិ នៅ​ខែធ្នូ ឆ្នាំ​២០១៨ នា​ប្រទេស​ឥណ្ឌូណេស៊ី ។ យុវ​សិស្ស ៣​រូបនេះ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សម្រិតសម្រាំង​យ៉ាង​ម៉ត់ចត់ តាមរយៈ​ការប្រឡង​ក្របខណ្ឌ​សាលារៀន​ចំនួន​២៤ ទូទាំង​រាជធានី​ភ្នំពេញ​។



​​ក្នុង​កម្មវិធី ជួប​សំណេះសំណាល​ជាមួយ​យុវ​សិស្ស​ទាំង ៣​រូបនេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា កា​រប​ញ្ចូ​ន​សិស្ស​ទៅ​ចូលរួម​ប្រកួតប្រជែង​នេះ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​អប់រំ​ដល់​យុវ​សិស្ស ឲ្យ​ខិតខំ​រៀនសូត្រ និង​យល់ដឹង​ពី​អាស៊ាន​ឲ្យ​កាន់តែ​រឹងមាំ ។ ជាពិសេស​ផ្តល់ឱកាស​ដល់​យុវ​សិស្ស​អាច​បង្ហាញ​ពី​សមត្ថភាព​ទៅ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ផង​។​

​បេក្ខជន ៣​រូប ដែល​ត្រៀមខ្លួន​ប្រកួត​ក្នុង​កម្មវិធី ASEAN Quiz ថា្នក់​ជាតិ ឆ្នាំ​២០១៨ នៅ​ប្រទេស ឥណ្ឌូណេស៊ី ខាងមុខនេះ រួមមាន កញ្ញា សុង វី​រី​កា មកពី​សាលា​វេ​ស្ទើ​ន​អន្តរជាតិ​, កញ្ញា ឃៀង សុ​ជីវី សាលា​អន្តរជាតិ​សិង្ហ​បុរី និង​កញ្ញា យ៉ង សុ​វិចារ ពី​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​។

​ជា​សិស្ស​នៅ​សាលា​វេ​ស្ទី​ន​អន្តរជាតិ កញ្ញា សុង វី​រី​កា បាន​បេ្ត​ជ្ញា​ចិត្ត​ថា នាង​នឹង​ខំ​ស្រាវជ្រាវ រក​ចំណេះដឹង​ទាក់ទង​នឹង​អាស៊ាន​បន្ថែមទៀត ដើម្បី​ទទួលបាន​ជ័យ​លាភី​ជូន​ប្រទេសជាតិ​ឲ្យ​មានមុខមាត់​នៅក្នុង​ឆាក​អន្តរជាតិ​។

​ទោះបី​លទ្ធផល​យ៉ាងណា ក៏​កញ្ញា សុ​ជីវី រីករាយ​នឹង​ទទួលបាន​បទពិសោធន៍​ ពី​ការចូលរួម​ប្រកួតប្រជែង​នេះ​។ យុវ​សិស្ស ដែល​មកពី​សាលា​អន្តរជាតិ​សិង្ហ​បុរី​រូបនេះ  បាន​តាំងចិត្ត​រួចជាស្រេច​ថា ខ្លួន​នឹង​ទទួលបាន​ជោគជ័យ​។

​នេះ​ជា​លើក​ទី​៨ ដែល​ក្រសួង​បញ្ជូន​យុវ​សិស្ស ចូលរួម​ប្រកួតប្រជែង​ASEAN Quiz ក្នុងចំណោម​សិស្ស​ទូទាំង​ប្រទេស​អាស៊ាន​៕


Tag:
 កម្ពុជា​
  ASEAN Quiz
© រក្សាសិទ្ធិដោយ thmeythmey.com