ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន​៖ រដ្ឋាភិបាល​ថ្មី នឹង​ប្រឹង​ធ្វើការ​ទ្វេដង
07, Aug 2018 , 10:39 pm        
រូបភាព
រូបពីហ្វេសបុករបស់សម្តេច ហ៊ុន សែន
រូបពីហ្វេសបុករបស់សម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹង​បំពេញការងារ​ឲ្យ​កាន់តែខ្លាំង​ឡើង ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។ នេះ​ជាការ​ប្តេជ្ញា​របស់​សម្តេច ហ៊ុន សែន ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។



​តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​រាជរដ្ឋាភិបាល​ថ្មី ដែលមាន​ខ្ញុំ​ជា​អ្នកដឹកនាំ នឹង​ប្រឹងប្រែង​ទ្វេដង ឲ្យ​សម​ទៅនឹង​ទឹកចិត្ត​ស្រឡាញ់​គាំទ្រ​របស់​បងប្អូន ដើម្បី​កម្ពុជា​យើង រីកចម្រើន​ទៅមុខ​ទាំងអស់គ្នា​»​។​

​បន្ទាប់ពី​បោះឆ្នោត នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បាន​និយាយ​តាម​វេទិកា​មួយចំនួន​រួចមកហើយ ដោយ​ផ្តាំផ្ញើ​ទៅ​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ ឲ្យ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​។ ប្រមុខ​រដ្ឋាភិបាល ថែមទាំង​សង្កត់ធ្ងន់ថា មន្ត្រី​ទាំងអស់ មិនត្រូវ​ជិះសេះ​លែងដៃ ក្រោយ​ឈ្នះឆ្នោត​នោះទេ​។

​ក្នុង​ពី​ធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី កាលពី​ថ្ងៃទី​២ សីហា មេដឹកនាំ​កម្ពុជា​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​ដាស់តឿន ក៏ដូចជា​ដាក់ចេញ​នូវ​បទបញ្ជា​ឲ្យ​មន្ត្រី​ទាំងអស់​ចុះ​បម្រើប្រជាជន​ឲ្យ​បានល្អ​ជាមុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​បាន​ផល​ចំពោះ​ប្រជាជន​ឲ្យ​បាន​ច្រើនជាង​មុន​»​។

​បើតាម​សម្តេច ហ៊ុន សែន សមាសភាព​រដ្ឋាភិបាល​ថ្មី ត្រូវបាន​រៀបចំ​រួច​អស់ហើយ​។ តាម​ការគ្រោងទុក រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោយ​មួយថ្ងៃ​នៃ​ការប្រជុំ​លើកដំបូង​របស់​រដ្ឋសភា​៕


Tag:
 ហ៊ុន សែន​
  រដ្ឋាភិបាល​
  អាណត្តិ​ទី​៦
© រក្សាសិទ្ធិដោយ thmeythmey.com