ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុខ ទូច មិន​ខ្វល់​ពី​បណ្ដឹង​របស់​គណបក្ស​ខ្មែរ​ក្រោក​
07, Aug 2018 , 6:20 pm        
រូបភាព
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា
ដោយ:
​ភ្នំពេញ​៖ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា មិន​ខ្វល់​ជាមួយ​ពាក្យបណ្ដឹង​ដែល​គណបក្ស​ខ្មែរ​ក្រោក បាន​ប្ដឹង​ឡើយ​។ លោក សុខ ទូច រង​បណ្តឹង​នេះ ក្រោយពី​លោក លើកឡើងថា គួរតែ​ចាប់​អ្នកធ្វើ​ចលនា​ទាមទារ​កោះត្រល់ ដែល​ផ្តើមគំនិត​ដោយ​គណបក្ស​ខ្មែរ​ក្រោក​។​



​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​រូបនេះ បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា អ្វីដែល​លោក បានលើកឡើង គឺ​មិនបាន​ហាមឃាត់​មិន​ឲ្យ​មាន​យុទ្ធនាការ​អ្វី​នោះទេ តែ​នៅក្នុង​ដំណាក់កាល​នេះ ជាការ​បោះឆ្នោត​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ធ្វើ​យុទ្ធនាការ​អី្វ​ធ្វើទៅ តែ​ចាំ​ក្រោយ​ការបោះឆ្នោត ចាំ​មាន​រដ្ឋាភិបាល​គ្រប់គ្រាន់ ចាំ​មាន​យុទ្ធនាការ​។ បច្ចុប្បន្ន​យើង​មានតែ រដ្ឋាភិបាលចាំផ្ទះ​។ បើ​យើង​ទៅធ្វើ​ព្យុះសង្ឃរា រដ្ឋាភិបាល អាច​ចាប់​ដាក់គុក​បាន​»​។

​ប្រធាន​រាជបណ្ឌិត្យសភា បាន​បន្តថា តាមផ្លូវ​ច្បាប់ គណបក្ស​មួយ មិនអាច​ទៅ​និយាយ​ជាមួយ​ប្រទេសមួយ​បានឡើយ​។ ការបង្កើត​ស្ថានការណ៍​បែបនេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកវិនិយោគ នៅក្នុង​ប្រទេស​កម្ពុជា​។ មិនតែប៉ុណ្ណោះ រដ្ឋធម្មនុញ​កម្ពុជា បានទទួល​ស្គាល់​ផែនទី​ក្រោយ​អាណានិគម​បារាំង ដែល​បារាំង​បាន​កាត់​តំបន់​កូ​សាំង​ស៊ិន ដែលមាន​កោះត្រល់​នៅ​ជាមួយ​ផង ទៅ​ឲ្យ​វៀតណាម​។

​យ៉ាងណា លោក សុខ ទូច លើកឡើងថា កិច្ចការ​នេះ គឺជា​រឿង​របស់​អ្នកនយោបាយ ហើយ​អ្នកមាន​សមត្ថកិច្ច​លើ​រឿងនេះ គឺជា​អ្នកទទួល​សំឡេងឆ្នោត​គាំទ្រ​ឲ្យ​ធ្វើជា​រដ្ឋាភិបាល ហើយ​អាចបង្កើត​កងទ័ព ឬ​ដោះស្រាយ​តាម​វិធី​អ្វី​ផ្សេង ដែលជា​សិទ្ធិ​របស់​អ្នកដឹកនាំ​។ តែបើ​គ្រាន់តែ​ផ្ដិត​មេដាយ នោះ​មិនអាច​ទាមទារ​កោះត្រល់​មកវិញ​បានឡើយ​។​

​គណបក្ស​ខ្មែរ​ក្រោក ដែល​ប្រកាស​ធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ ដើម្បី​ទាមទារ​យក​កោះត្រល់​មក​វិញ បានដាក់​បណ្តឹង​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ នៅ​ល្ងាច​ថ្ងៃទី​៧ ខែសីហា​។ ពាក្យបណ្ដឹង​នោះ បាន​ចោទ​លោក សុខ ទូច ថា​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​នៅក្នុង​ការបំពេញ​ការងា​រ​សាធារណៈ និង​ញុះញង់​ឲ្យ​មានការ​រើសអើង ក៏ដូចជា​រំលោភ​លើ​អំណាចតុលាការ​។​

​គណបក្ស​ខ្មែរ​ក្រោក ដែលមាន​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នា សារ​ពង្ស ជា​ប្រធាន បាន​សុំ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក សុខ ទូច តាមច្បាប់ និង​ទាមទារ​ឲ្យ​សងជំងឺចិត្ត​ចំនួន ១០០​លាន​រៀល​៕


​លោក សុខសុវណ្ណ វឌ្ឍនា សារពង្ស  ប្រធានគណបក្សខ្មែរក្រោក។ រូបពីហ្វេសបុក William Guang

Tag:
 ​នយោបាយ​
 ​កោះត្រល់​
 ​គណបក្ស​ខ្មែរ​ក្រោក
© រក្សាសិទ្ធិដោយ thmeythmey.com