អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃនេះ ៥១​ឆ្នាំមុន ក្នុង​រាជធានី​បាងកក ប្រមុខ​ការទូត​ប្រាំ​រូប ជជែក​គ្នា​បង្កើត​អាស៊ាន​
08, Aug 2018 , 9:24 am        
រូបភាព
ដោយ:
​ថ្ងៃនេះ ៥១​ឆ្នាំមុន រដ្ឋមន្ត្រីការបរទេស​ប្រាំ​រូប នៃ​ប្រទេស​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ កំពុងតែ​អង្គុយ​ជុំគ្នា និង​ចុះហត្ថលេខា​លើ​លិ​ខិ​តូ​បក​រណ៍​មួយ​ជា​សា​វន្ត​នៅក្នុង​សាល​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ប្រទេស​ក្នុង​ក្រុង​បាងកក នៃ​ប្រទេស​ថៃ​។ លិខិត​តូប​ករ​ណ៍​ដែល​ចុះ​ដោយ​រដ្ឋមន្ត្រីការបរទេស​ទាំង​ប្រាំ​រួមមាន Adam Malik (​ឥណ្ឌូណេស៊ី​), Narciso R. Ramos (​ហ្វីលីពីន​), Tun Abdul Razak (​ម៉ាឡេស៊ី​), S. Rajaratnam (​សិង្ហ​បុរី​) និង Thanat Khoman (​ថៃ​) គឺជា​សេចក្តីប្រកាស​ក្រុង​បាងកក​ស្តីពី​ការបង្កើត «​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​អាស៊ាន​» ជា​ផ្លូវការ​។

-​
 
​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់​ថា​អាស៊ាន ត្រូវបាន​បង្កើតជា​ផ្លូវការ​នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​១៩៦៧ ដោយ​ស្ថាបនិក​ប្រាំ​ប្រទេស​រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។ មកទល់​បច្ចុប្បន្ន អង្គការ​ក្នុង​តំបន់​មួយ​នេះ មាន​សមាជិក​សរុប​ទាំង​១០​ប្រទេស​ដែល​បន្ថែម​ពី​សមាជិក​ចាស់​ទាំង​ប្រាំ​។ សមាជិក​ទាំងនោះ​រួមមាន ព្រុយ​ណេ វៀតណាម ឡាវ មី​យ៉ាន់​ម៉ា និង​កម្ពុជា​។ ទី​ម័​រ​ខាងកើត កំពុងតែ​ស្ថិតនៅក្នុង​នីតិវិធី​នៃ​ការវាយតម្លៃ​ដើម្បី​មើល​ពី​លទ្ធភាព​ដើម្បី​សុំ​ជា​សមាជិក​ទី​១១​របស់​អាស៊ាន​។​
 
​គោលបំណង នៃ​ការបង្កើត​ស្ថាប័ន​អន្តររដ្ឋាភិបាល​នេះ គឺ​ដើម្បី​ផ្សារភ្ជាប់ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច សង្គម វប្បធម៌ បច្ចេកទេស អប់រំ និង​វិស័យ​ជាច្រើន​ផ្សេងទៀត ក្នុងទិសដៅ​លើកកម្ពស់​សន្តិភាព និង​ស្ថិរភាព​នៅ​តំបន់​តាមរយៈ​ការគោរព​យុត្តិធម៌ និង​នីតិរដ្ឋ​ជាដើម​។ 
 
​តាមពិតទៅ មុននឹង​ចេញ​ជា​រូបរាង​មួយ​ជា​ផ្លូវការ អាស៊ាន បាន ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន​។ ក្នុងនោះ​ស្ថាប័ន​ដំបូង​គេ ដែល​ត្រូវបាន​បង្កើត​ដោយ​សមាជិក​អាស៊ាន​មាន​ឈ្មោះថា សមាគម​អាស៊ីអាគ្នេយ៍​(ASA)​។ ស្ថាប័ន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៦១ ក្រោម​ការផ្តួចផ្តើម​រប​ស់លោក ទុន​កា អាប់​ឌុល​រ៉ា​មាន់​(Tunka Abdul Rahman) ដែលជា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ នៅក្នុង​ស្ថាប័ន​នេះ មាន​សមាជិក​សរុប​ចំនួន​បី​ប្រទេស​រួមមាន ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​។ យ៉ាងណាក៏ដោយ បញ្ហា​ផ្ទៃក្នុង និង ភាព​ពុំមាន​ប្រសិទ្ធភាព បានធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ត្រូវ​ដួលរលំ​។​
 
​មិនយូរប៉ុន្មាន​ក្រោយពី​ការបរាជ័យ​នៃ សមាគម​អាស៊ីអាគ្នេយ៍ ស្ថាប័ន​មួយ​ផ្សេងទៀត ត្រូវបាន បង្កើតឡើង​ដោយ​រដ្ឋ​អាស៊ាន​។ នោះ​គឺ ម៉ា​ហ្វី​លីន​ដូ (Maphilindo) ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៣ និង​មាន​សមាជិក​សរុប​បី​ប្រទេស​ផងដែរ​។ ក្នុងនោះ​រួ​មាន ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។ យ៉ាងណាមិញ ស្ថាប័ន​នេះ ក៏ត្រូវ​បាន​ដួលរលំ​ម្តងទៀត​។​
 
​សូម​ជម្រាប​ផងដែរ​ថា ស្ថាប័ន​សំខាន់​ទាំងពីរ​នេះ មិនបាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​អាស៊ាន​នោះទេ ផ្ទុយទៅវិញ​វា​បាន​ដួលរលំ​ភ្លាមៗ​ក្រោយពេល​នៃ​ការបង្កើត ។ នោះ ក៏​ព្រោះតែ ដោយសារ​មាន​ភាពចម្រូងចម្រាសរ​វាង​សមាជិក​នីមួយៗ ដែល​កើតចេញពី​ភាពមិនច្បាស់លាស់​រវាង​នយោបាយ​ការទូត និង បញ្ហា​នៃ​ការកំណត់​ដែន​អធិបតេយ្យភាព​ផងដែរ​៕

Tag:
 ​អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com