ជាតិ
សម្ដេច ហ៊ុន សែន ៖ សមត្ថកិច្ច​អាច​រកឃើញ​ទីតាំង​អ្នក​ជេរ​លើ​ហ្វេ​ស​ប៊ុ​ក ត្រឹមតែ​៨​នាទី​ប៉ុណ្ណោះ​
08, Aug 2018 , 11:16 am        
រូបភាព
​ភ្នំពេញ​៖ អ្នកប្រើប្រាស់​ពាក្យ​អសុរោះ និង​ជេរប្រមាថ​សម្ដេច លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេច​មិន​ផុតពី​ការតាមដាន​ឡើយ បើសិនជា​សម្ដេច ចង់​ចាប់​ទោសពៃរ៍​។ សមត្ថកិច្ច​អាច​រក​ទីតាំង​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នេះ ត្រឹមតែ​៨​នាទី​ប៉ុណ្ណោះ​។​



​ជាការ​ក្រើនរំឭក​ជាថ្មី ដល់​អ្នកប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ​លើ​រដ្ឋាភិបាល តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ សម្ដេច ហ៊ុន សែន បាន​បង្ហើប​ថា រដ្ឋាភិបាល​អាច​ក្តាប់បាន រាល់​ទិន្នន័យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​គ្រប់​ទីកន្លែង ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​បែប​ណាក៏ដោយ​។ វា​គ្មានអ្វី​ពិបាក​សម្រាប់​រដ្ឋាភិបាល ក្នុង​ការកំណត់​មុខសញ្ញា ឬ​ទីតាំង​របស់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ទេ ។​

​ប្រមុខ​រដ្ឋាភិបាល បាន​បង្ហើប​ពី​ការងារ​គ្រប់គ្រង​សន្តិសុខ​សង្គម នៅ​ចំពោះ​មុខកម្មក​រោងចក្រ​ជិត​២​ម៉ឺន​នាក់ ក្នុង​ខេត្តកំពង់ស្ពឺ ដូច្នេះ​ថា​៖«​គេ​កំពុង​ច្រៀង​សប្បាយ មាន​អ្នក​ចូល Comment (​អត្ថាធិប្បាយ​) ពី​រឿង​សប្បាយ​របស់គេ​ទៅ ប៉ុន្តែ​វា​មានអ្នកចូល Comment មួយ មកជេរ​គេ​ទៅ​។ ហើយ​អាហ្នឹង បើ​គេ​តាមរក​រឿង​ងាយ​ទេ ត្រូវ​ដឹង​បច្ចេកវិទ្យា​បច្ចុប្បន្ន មិន​ឲ្យ​លើសពី​៨​នាទី​ទេ រកឃើញ​ទីតាំង​ឈរជើង​របស់​អ្នក Comment ចូល​ហើយ ទោះបី​អ្នកឯង​ដាក់ឈ្មោះ​(​គណនី​ហ្វេ​ស​ប៊ុ​ក​)​អ្វី​ក៏ដោយចុះ ដាក់ឈ្មោះ​អាច​ក់ អា​ចែម​ក៏ដោយចុះ ប៉ុន្តែ​យូរ​បំផុត​៨​នាទី រកឃើញ​ទីតាំង​ឈរជើង​ហើយ ត្រូវ​ចាំ​បច្ចេកវិទ្យា​បច្ចុប្បន្ន ។​សូម្បីតែ​អ្នកលេង​តាម WhatsApp, Telegram, Line ក៏​គេ​ចាប់​យកបាន​ទាំងអស់​ដែរ មិនមែន​ត្រឹមតែ SMS នោះទេ​»​។​

​ក្រៅពី​កំណត់​ទីតាំងនៅ​កម្ពុជា​បាន​ហើយ បច្ចេកវិទ្យា​របស់​រដ្ឋា​ភិ​បាល ក៏​អាច​កំណត់​ទីតាំង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​ប្រើប្រាស់​ពាក្យ​អសុរោះ នៅក្រៅ​ប្រទេស​បានដែរ​។ នេះ​ជាការ​​បន្ថែម​របស់​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន​អះអាងថា ប្រព័ន្ធគ្រប់គ្រង​រដ្ឋាភិបាល​សព្វថ្ងៃ មាន​បច្ចេកវិទ្យា​ទំនើប និង​រឹងមាំ​ក្នុង​ទប់ស្កាត់​ស្ថាន​ការ​ណ៍អសន្តិសុខ​នានា​។​

​គួរ​បញ្ជាក់ថា កន្លងមក​សមត្ថកិច្ច​ធ្លាប់​ឃាត់ខ្លួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​ប្រើប្រាស់​ពាក្យ​ជេរប្រមាថ និង​សកម្ម​ភាពមិន​សមរម្យ លើ​រដ្ឋាភិបាល ហើយ​បង្ហោះ​ជា​សាធារណៈ លើ​បណ្ដាញ​សង្គម​ដ៏​ពេញនិយម​មួយ​នេះ​ផងដែរ​៕


Tag:
 ​ហ៊ុន សែន​
  បណ្ដាញ​សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com