កីឡាជាតិ
ជាតិ
Hun Sen Cup ៖ ស្វាយរៀង​, ណាហ្គា​, ភ្នំពេញ​ក្រោ​ន​,​ប៉ូលិស មានប្រៀប​ក្នុងជំនួប​ថ្ងៃនេះ​
08, Aug 2018 , 12:08 pm        
រូបភាព
ជំនួបក្រុមព្រះខ័នរាជស្វាយរៀងយកឈ្នះក្រសួងការពារជាតិ ២-១ ក្នុងជើងទី១នៅកីឡដ្ឋានស្តាតចាស់
ជំនួបក្រុមព្រះខ័នរាជស្វាយរៀងយកឈ្នះក្រសួងការពារជាតិ ២-១ ក្នុងជើងទី១នៅកីឡដ្ឋានស្តាតចាស់
ដោយ:
​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ បាន​ឈានដល់​ការប្រកួត​បញ្ចប់​ជើង​ទី​២​វគ្គ​៨​ក្រុម​ចុងក្រោយ​(១/៤) នៅ​ថ្ងៃ​ពុធ ទី​៨ ខែសីហា ឆ្នាំ​២០១៨​នេះ ដោយមាន​ការប្រកួត​ចំនួន​៤​គូ ដែល​រៀបចំ​នៅ​កីឡដ្ឋាន​ផ្សេងៗ​គ្នា​។ ក្រុម​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល ព្រះខ័ន​រាជ​ស្វាយរៀង និង​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ឈានទៅ​វគ្គ​បន្ត បន្ទាប់ពី​ពួកគេ​មាន​ទុន​ក្នុង​ដៃ ក្រោយពី​ឈ្នះ​ក្នុង​ជើង​ទី​១​រៀងៗ​ខ្លួន​។



​ភ្នំពេញ​ក្រោ​ន ជួប​អង្គ​រថា​យ​ហ្គឺ​រ​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន RSN

​សម្រាប់​ជំនួប​ល្ងាច​នេះ វា​មិនសូវមាន​សម្ពាធ​ប៉ុន្មាន​នោះទេ​សម្រាប់​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន គឺ​ដោយសារ​ពួកគេ​ត្រូវការ​ត្រឹមតែ​ស្មើ​ប៉ុណ្ណោះ​ក្នុង​ការឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ខណៈ​ឱកាស​ឡើងទៅ​វគ្គ​បន្ត​សម្រាប់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ ស្តួចស្តើង​បំផុត​។ អង្គ​រថា​យ​ហ្គឺ​រ​ត្រូវការ​ឈ្នះ​ភ្នំពេញ​ក្រោ​ន​លើសពី​៣​គ្រាប់ ក្រោយ​ពួកគេ​ចាញ់​ភ្នំពេញ​ក្រោ​ន ៣-០ ក្នុង​ជើង​ទី​១​។ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ក្នុងការ​យកឈ្នះ​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ​នោះទេ ដោយសារ​ការប្រកួត​លើក​នេះ​ធ្វើឡើង​នៅលើ​ទឹកដី​ភ្នំពេញ​ក្រោ​ន​។ ម្យ៉ាង​ភ្នំពេញ​ក្រោ​ន​ជា​ក្រុម​ខ្លាំង សម្បូរ​ដោយ​យុវជន​មាន​ទេពកោសល្យ​ខ្ពស់​។
 
​បឹងកេត ប៉ះ​ណាហ្គា​វើ​ល​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​

​វា​ជា​ជំនួប​ដ៏​តាន​តានតឹង និង​ជក់ចិត្ត​បំផុត​សម្រាប់​ទស្សនិកជន ព្រោះ​បឹងកេត​ត្រូវការ​ឈ្នះ​ណាហ្គា​វើ​ល​លើសពី​២​គ្រាប់​ដាច់ខាត នា​ជំនួប​ជើង​ទី​២​នេះ បន្ទាប់ពី​ពួកគេ​បរាជ័យ​ក្រោយ​ថ្វី​ជើង​ណាហ្គា​វើ​ល ២-០ ក្នុងជំនួប​ជើង​ទី​១​។ ចំណែក​ណាហ្គា​វើ​ល​ត្រូវការ​ត្រឹម​ទប់​មិន​ឲ្យ​មានការ​ស៊ុត​បញ្ចូល​ទី ពី​បឹងកេត​តែប៉ុណ្ណោះ សម្រាប់​គោលដៅ​ឈានទៅ​វគ្គ​បន្ត​។ ទោះបី​ណាហ្គា​វើ​ល​មាន​ទុន​ក្នុង​ដៃ ដែល​បានមកពី​ជើង​ទី​១​ក៏ដោយ តែ​មិនអាច​មើលស្រាល និង​ធ្វេស​ប្រហែល​បានឡើយ​នៅថ្ងៃនេះ ព្រោះ​បឹងកេត​មាន​ខ្សែប្រយុទ្ធ​ដ៏​មុត​ស្រួច គឺ​កីឡាករ ចាន់ វឌ្ឍនាកា ។ វឌ្ឍនាកា អវត្តមាន​ក្នុងជំនួប​ក្រុម​ទាំងពីរ កាលពី​ជើង​ទី​១ ។ ណាហ្គា​វើ​ល​ជា​ក្រុម​ជើងឯក​រង​ពានរង្វាន់​សម្ដេច ហ៊ុន សែន ឆ្នាំ​២០១៧ និង​ជា​ម្ចាស់​ជើងឯក​ឆ្នាំ​២០១៣​។ ចំណែក​បឹងកេត​ជា​ក្រុម​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤​នៅ​ឆ្នាំ​២០១៧​។ ហើយ​ក្រុម​នេះ​មិន​ធ្លាប់​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះឡើយ​តាំងពី​បង្កើត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ​២០០៧​។ 

​ព្រះខ័ន​រាជ​ស្វាយរៀង ជួប​ក្រសួងការពារជាតិ​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​

​ក្រោយ​យកឈ្នះ ២-១ ក្នុង​ជើង​ទី​១ ព្រះខ័ន​រាជ​ស្វាយរៀង​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ ដើម្បី​ឡើងទៅ​វគ្គ​បន្ត ខណៈ​ក្រសួងការពារជាតិ​ត្រូវការ​ឈ្នះ​លើសពី​១​គ្រាប់​។ ព្រះខ័ន​រាជ​ស្វាយរៀង ធ្លាប់​គ្រង​ជើងឯក​ពានរង្វាន់​នេះ​ចំនួន​៣​លើក គឺ​នៅ​ឆ្នាំ​២០១១, ២០១២ និង​២០១៧​។ ចំណែក​ក្រសួងការពារជាតិ​ធ្លាប់​ឈ្នះ​ជើងឯក​ពីរលើក គឺ​នៅ​ឆ្នាំ​២០១០ និង ២០១៦​។ នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៦ ក្រសួងការពារជាតិ​បាន​យកឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ៦-៥ ដោយ​បាល់​កាត់សេចក្តី បន្ទាប់ពី​ពួកគេ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។

​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​ប៉ះ​អគ្គស្នងការ​នគរបាល​ជាតិ​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី​

​ដើម្បី​អាច​បន្ត​ឱកាស​នៅ​វគ្គ​បន្ត​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ ត្រូវ​យកឈ្នះ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ លើសពី​៣​គ្រាប់​នៅ​ជើង​ទី​២​នេះ​។ នោះ​ក៏​ព្រោះតែ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ បាន​យកឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ៣-០ ក្នុង​ជើង​ទី​១​។ ទោះបី​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវការ​ត្រឹម​ស្មើ ដើម្បី​ឈានទៅ​វគ្គ​បន្ត​ក្តី តែ​មិនអាច​មើលស្រាល និង​ធ្វេសប្រហែស​ឡើយ ព្រោះ​ជំនួប​ជើង​ទី​២​នេះ ធ្វើ​នៅលើ​ទឹកដី​របស់​យុវជន​បាទី​។ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​ធ្លាប់​ឈ្នះ​ជើងឯក​ម្តង​នៅ​ឆ្នាំ​២០១៤៕


Tag:
 បាល់ទាត់​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com