អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
អាមេរិក នៅតែ​ឲ្យ​គោរព​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​
08, Aug 2018 , 12:24 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ថតរូបជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន (រូបភាពពី Twitter របស់បេសកកម្មអាមេរិកប្រចាំអាស៊ាន)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ថតរូបជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន (រូបភាពពី Twitter របស់បេសកកម្មអាមេរិកប្រចាំអាស៊ាន)
​វត្តមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​សិង្ហ​បុរី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​ជាច្រើន​នៅ​ចុង​សប្ដាហ៍​នេះ ជាការ​ទទួលស្គាល់​តួនាទី​ស្នូល​របស់​អាស៊ាន​ក្នុង​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Piper Campbell ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​អាស៊ាន​នៅ​ថ្ងៃទី​៧ ខែសីហា​។ មន្ត្រីការទូត​អាមេរិក​ក៏​បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋ​បាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុង​បន្ត​ទំនាក់ទំនង​ជាមួយ​ជិតស្និទ្ធ​ជាមួយ​អាស៊ាន​ដែរ​។

 
​អំឡុងពេល​ទស្សនកិច្ច​នៅ​សិង្ហ​បុរី រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាច្រើន​ដូចជា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​-​អាស៊ាន កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​គំនិត​ផ្ដួចផ្ដើម​មេគង្គ​ក្រោម កិច្ចប្រជុំ​អាស៊ី​បូព៌ា និង​វេទិកា​តំបន់​អាស៊ាន​ជាដើម​។ លោក ប៉ុ​ម​ប៉េ​អូ ក៏បាន​ជួប​ជជែក​ជាមួយ​សម​ភាគី​នៃ​សមាជិក​អាស៊ាន​ជាច្រើនរូប​ទៀត សំដៅ​រឹតបន្តឹង​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​អាមេរិក​-​អាស៊ាន​ជារួម​ផង​។​
 
​លោកស្រី Piper Campbell ភារធារី​នៃ​បេសកកម្ម​អាមេរិក​ប្រចាំ​អាស៊ាន និយាយថា ជំនួប​ជា​បន្តបន្ទាប់​នេះ បានបង្ហាញ​ពី​ជំហរ​របស់​អាមេរិក​ក្នុងការ​ទទួលស្គាល់​តួនាទី​ស្នូល​របស់​អាស៊ាន​។ លោកស្រី Campbell និយាយ​បែបនេះ​ក្នុង​សន្និសីទ​ព័ត៌មាន​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៧ ខែមិថុនា ជុំវិញ​ទំនាក់​ទំនាក់​អាមេរិក​-​អាស៊ាន​នៅ​ខួប​ទី​៥១​ឆ្នាំ​នៃ​ការបង្កើត​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​កាលពី​ឆ្នាំ​១៩៦៧ នៅ​ទីក្រុង​បាងកក​។​
 
​បើតាម​មន្ត្រី​ទូត​អាមេរិក​រូបនេះ ការចូលរួម​របស់លោក ប៉ុ​ម​ប៉េ​អូ ជាការ​ទទួលស្គាល់​ជាក់ច្បាស់​របស់​អាមេរិក​ពី​រចនាសម្ព័ន្ធ​របស់​អា​ស៊ាន និង​កិច្ចសហប្រតិបត្តិការ​រ​ស់រ​វើក​រវាង​ភាគី​ទាំងពីរ​។ លោកស្រី Campbell បន្តថា ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រមុខ​ការទូត​អាមេរិក​នៅ​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ការចូលរួម​ប្រជុំ​នៅ​សិង្ហ​បុរី ក៏​ជាការ​ទទួលស្គាល់​តួនាទី​របស់​អាស៊ាន​នៅ​ចំ​កណ្ដាល​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ក៏ដូចជា​ការទទួលស្គាល់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ជា​តំបន់​មួយ​ផង​។​
 
​សូម​រំឭកថា មុន​ធ្វើដំណើរ​មកកាន់​តំបន់​អាស៊ាន​កាលពី​សប្ដាហ៍​មុន លោក ប៉ុ​ម​ប៉េ​អូ បានប្រកាស​គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ច​ថ្មី​មួយ​ដែលមាន​ទំហំ​ទឹកប្រាក់​១១៣​លាន​ដុល្លារ​។ គំនិត​ផ្ដួចផ្ដើម​នេះ មាន​គោលដៅ​គាំទ្រ​វិស័យ​អាទិភាព​បី​នៅ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក គឺ​សេដ្ឋកិច្ច​ឌីជីថល ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ​។ នេះ​ជាការ​វិនិយោគ​បែប​យុទ្ធសាស្ត្រ​មួយ​របស់​អាមេរិក​ក្នុង​ការបន្ត​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​ប្រទេស​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដែល​នឹង​នាំ​ដល់​កំណើនសេដ្ឋកិច្ច និង​ការបង្កើត​ការងារ​នៅ​អាមេរិក​។​
 
​ជាមួយគ្នានេះ អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន ប្រមុខ​ការទូត​អាមេរិក​ក៏​ប្រកាស​ផ្ដល់ប្រាក់​ចំនួន​៣០០​លាន​ដុល្លារ​ទៀត​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ក្នុង​តំបន់​។ កិច្ច​សហ​ប្រតិ​ត​ការ​នេះ​នឹង​រួមបញ្ចូល​ជំនួយ​មនុស្សធម៌ និង​សន្តិសុខ​លំហ​សមុទ្រ​ដែរ​។ សម្រាប់​ចំណុច​ក្រោយនេះ លោកស្រី Campbell ពន្យល់ថា អាមេរិក​នឹង​សហការ​ជាមួយ​រដ្ឋ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដើម្បី​បង្កើត​ប្រព័ន្ធ​ការពារ​សន្តិសុខ​ផ្ទៃសមុទ្រ ព្រោះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ភាគី​ទាំងអស់​៕
 
 
 
 
 

Tag:
 ​អាមេរិក​
  អាស៊ាន​
  ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​
© រក្សាសិទ្ធិដោយ thmeythmey.com