ជាតិ
សង្គមជាតិ
ក្រុមគ្រួសារ៖ អ្នកនិពន្ធ យូ បូ ទទួលមរណភាព
× អ្នកនិពន្ធជើងចាស់ និងជាអ្នកដែលបានបង្កើតសមាគមអ្នកនិពន្ធខ្មែរឡើងវិញ ក្រោយពីសម័យខ្មែរក្រហម លោក យូ បូ បានទទួលមរណភាព នៅម៉ោង ១១ និង១១នាទី ព្រឹក នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ។ នេះបើតាមអ្នកស្រី បូប៊ុន ចាន់ធី ដែលជាកូនស្រីរបស់លោក យូ បូ។
អ្នកស្រី បូប៊ុន ចាន់ធី ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក យូ បូ បានទទួលមរណភាព បន្ទាប់ពីក្រុមគ្រួសារ បានបញ្ជូនលោកចេញពីមន្ទីរពេទ្យ ទៅគេហដ្ឋានវិញ។ អ្នកស្រី បន្តថា ដើមឡើយលោក យូ បូ មានជំងឺទឹកនោមផ្អែម ប៉ុន្ដែទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ លោកធ្លាក់ខ្លួនឈឺធ្ងន់ លែងនិយាយស្ដី។ អ្នកស្រីបន្ថែមថា ក្រោយពីបញ្ជូនលោកទៅមន្ទីរពេទ្យ គ្រូពេទ្យពិនិត្យឃើញថាលោក ខ្វះគ្រាប់ឈាមក្រហម និងខ្វះជាតិស្ករទៅវិញ។
លោក យូ បូ កើតនៅថ្ងៃទី៦មេសាឆ្នាំ១៩៤២ នៅសង្កាត់ដង្កោរ ស្រុកដង្កោរ ខេត្តកណ្ដាល។ លោកបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ១៩៦៣។ លោកមានកូនស្រីពីរនាក់។ អតីតប្រធានសមាគមអ្នកនិពន្ធខ្មែររូបនេះ ធ្លាប់មានប្រសាសន៍ថា ទោះការងារទ្រទ្រង់អក្សរសាស្ត្រខ្មែរ មិនធ្វើឱ្យលោកបានប្រាក់ញ៉ាំងឱ្យជីវភាពមានបាននឹងគេក្ដី តែលោកនៅតែធ្វើកិច្ចការងារនេះដោយសប្បាយចិត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com