សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​បាន​ប្រុងប្រៀប​ខ្លួន​បំពេញ​គម្លាត​ទីផ្សារ​អ៊ីរ៉ង់​នៅពេលដែល​ការដាក់ទណ្ឌកម្ម​អាមេរិក​ចាប់ផ្តើម​
08, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​ចិន​ទំនងជា​ប្រុងប្រៀប​ខ្លួន​ដើម្បី​បំពេញ​គម្លាត​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ដែល​ត្រូវបាន​ចាកចេញ​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​ដែល​បាន​បិទ​កិច្ចប្រតិបត្តិការ​របស់​ខ្លួន​មុន ពេល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើងវិញ​របស់​សហរ​ដ្ឋ​អាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​។​



​ចំណាត់ការ​របស់​ចិន​អាចធ្វើ​ឲ្យ​មាន​ជម្លោះ​មួយទៀត​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​នឹង​បន្ថែម​ជម្លោះ​រវាង​ប្រទេស​ទាំង​២ ដែល​ត្រូវបាន​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​រាលដាល​កាន់តែ​ធំ​ឡើង​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Renault របស់​បារាំង​ដែលមាន​ភាគហ៊ុន​ចំនួន​៩​ភាគរយ​នៅក្នុង​ទីផ្សារ​រថយន្ត​អ៊ីរ៉ង់​ដែលជា​ទីផ្សារ​ធំ​ទី​១២​របស់​ពិភពលោក បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​នឹងចូលរួម​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ​ជាង​១​រយ​ទៀត​ដកខ្លួន​ចេញពី​ប្រទេស​អ៊ីរ៉ង់​ដើម្បី​អនុវត្ត​ទៅតាម​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក ដែល​ការដាក់ទណ្ឌកម្ម​ថ្មី​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ ថ្វីបើ ក្រុមហ៊ុន​រថយន្ត​បារាំង Renault មិនមាន​កិច្ចប្រតិបត្តិការ​ក្នុង​សហរដ្ឋអាមេរិក​ក៏ដោយ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Peugeot បានប្រកាសថា ការចាកចេញ​របស់​ក្រុមហ៊ុន​នោះ​គឺ​នៅ​ខែមិថុនា ក្រុមហ៊ុន​នោះ​មាន​ភាគហ៊ុន​៣៤​ភាគរយ​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ដោយបាន​លក់​រថយន្ត​ប្រហែល​៥​សែន​គ្រឿងក្នុង​មួយឆ្នាំ​។​

​យោងតាម​ការដាក់ទណ្ឌកម្ម​នោះ ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Daimler របស់​អាល្លឺម៉ង់​ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​បាន​ផ្អាក​សកម្មភាព​របស់ខ្លួន​ក្នុងប្រទេស​អ៊ីរ៉ង់ រហូត​ទាល់តែ​មានការ​ជូនដំណឹង​បន្ថែម​។​

​សេចក្តីសម្រេច​របស់​ប្រធានាធិបតី​ត្រាំ​កាលពី​ខែឧសភា​ដើម្បី​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​កាន់តំណែង​មុន​របស់លោក​ដែល​ក្នុងនោះ​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​យល់ព្រម​បញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​ដើម្បី​ដោះដូរ​ការបន្ធូរបន្ថយ​ការដាក់ទណ្ឌកម្ម​ដែល​បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់ធ្វើ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ឯកតោភាគី​ដោយ​សហរដ្ឋអាមេរិក​លើ​ប្រទេស​អ៊ីរ៉ង់​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com