កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ប្រាប់​មិត្ត​រួម​ក្រុម​ថា​ចង់ទៅ​លេង​នៅ Barca តែ Mourinho មិន​អនុញ្ញាត​
08, Aug 2018 , 4:34 pm        
រូបភាព
Paul Pogba បាន​ប្រាប់​មិត្ត​រួម​ក្រុម Manchester United ថា​រូបគេ​ចង់​ចាក​ចេញពី​ទឹកដី Old Trafford ដើម្បី​ទៅ​ចូលរួម​ជាមួយ​ក្រុម FC Barcelona​។ តែ​យ៉ាងណា​លោក Jose Mourinho បាន​ប្រាប់​មិន​ឲ្យ​ខ្សែបម្រើ​ជម្រើសជាតិ​បារាំង​រូបនេះ​ចាកចេញ​ទៅណា​ឡើយ​។​



​បើតាម​ការផ្សាយ​របស់ DailyMail ខ្សែបម្រើ​ដែល​បាន​ជួយ​ក្រុម​ជម្រើសជាតិ​បារាំង​លើក​ពាន World Cup លើ​ទឹកដី​រុស្ស៊ី​កន្លងទៅនេះ​បាន​បង្ហើប​ប្រាប់​កីឡាករ​និង​បុគ្គលិក​ទាំងអស់​នៅ​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយនេះ ពី​បំណង​ចង់​ចាកចេញ​បន្ទាប់​រួមរស់​ជាមួយ​ក្រុម​រហស្សនាម​បិសាច​ក្រហម​២​រដូវ​កាល​ក្រោយ​ផ្ទេរ​ពី Juventus ក្នុងតម្លៃ ១១៥​លាន​ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា ខ្សែបម្រើ​វ័យ​២៥​ឆ្នាំ​រូបនេះ ក៏ត្រូវ​បាន​គេ​យល់ថា​បាន​ផ្ញើ​សារ ជូនដំណឹង​ទៅ​អនុប្រធាន​ប្រតិបត្តិ​ក្លិប Man Utd ដើម្បី​ប្រាប់​ទៅ​លោក Ed Woodward អំពី​បំណង​ចង់ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ បើទោះជា​ប្រធាន​ក្លិប​រូបនេះ​បាន​បដិសេធ​រួចទៅហើយ​ក្តី​។​



​ជុំវិញ​ការចង់​ចាកចេញ​របស់​អតីត​ខ្សែបម្រើ​ឆ្មើ​ម​ក្រុម​សេះបង្កង់ Juvenuts និង​ការចង់បាន​ពី​សំណាក់​ក្រុម Barca នោះ សារព័ត៌មាន Metro បាន​ចុះផ្សាយ​ដែរ​ថា លោក Jose Mourinho បាន​ប្រាប់ Pogba រួចទៅហើយ ថា​លោក​នឹងមិន​អនុញ្ញាត​ឲ្យ​រូបគេ​ចាក​ចេញពី​ទឹកដី Old Trafford នោះទេ​។

​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ក៏បាន​ផ្តល់យោបល់​ថា Pogba លេង​បានល្អ​ជាង​មុន​ក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី ដោយសារ​មិនមាន​ការរំខាន​ពី​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​។ Mourinho សង្ឃឹមថា រូបគេ​នឹង​យល់​ហើយ​បន្ត​បង្ហាញ​ភាពខ្លាំង​បន្ថែមទៀត​សម្រាប់ Man United នៅ​រដូវ​កាល​ថ្មី​។​

​ជាមួយគ្នានេះ​ក្លិប​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ កំពុង​ពិភាក្សា​ដោយ​គ្រោង​ផ្ដល់ប្រាក់​ឈ្នួល​បន្ថែម​លើ​ថ្លៃ​ពលកម្ម​បច្ចុប្បន្ន​ប្រមាណ ៥០០០០០​ដុល្លារ​អាមេរិក​ក្នុង​១​សប្តាហ៍​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់ Pogba នៅ​រដូវ​កាល​ថ្មី​នេះ​៕


Tag:
 បាល់ទាត់​
  Manchester United
  Paul Pogba
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com