អន្តរជាតិ
ឥស្សរជន​ណាខ្លះ ធ្លាប់​បម្រើ​ការងារ​ជា «​ប្រមុខ​អាស៊ាន​»?
08, Aug 2018 , 7:19 pm        
រូបភាព
អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន Lim Jock Hoi (រូបភាព AFP)
អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន Lim Jock Hoi (រូបភាព AFP)
ដោយ:
​មិន​ខុសពី​ស្ថាប័ន​អន្តរជាតិ និង​អង្គការ​អន្តររដ្ឋាភិបាល​ក្នុង​តំបន់​ផ្សេងៗ​ទៀតឡើយ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា «​អាស៊ាន​» នោះ  ក៏មាន​រចនាសម្ព័ន្ធ ជាពិសេស​អាណត្តិ​ដឹកនាំ​របស់ខ្លួន​ផងដែរ ។ រចនាសម្ព័ន្ធ​នោះ ក៏​រាប់បញ្ចូល​ទាំង​អាណត្តិ​អគ្គលេខាធិការ ដែលជា​ទូទៅ​ត្រូវបាន​គេ​ស្គាល់​ថា ជា «​ប្រមុខ ឬ​ប្រធាន​រដ្ឋបាល​អាស៊ាន​» ។



​យោងតាម​មាត្រា ១១ នៃ​ធម្មនុញ្ញ​អាស៊ាន ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃ​១៥ ធ្នូ ២០០៨  អគ្គលេខាធិការ​អាស៊ាន ត្រូវបានតែងតាំង​ដោយ​កិច្ចប្រជុំ​កំពូល​អាស៊ាន សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ ដែល​អាណត្តិ​នេះ មិនអាច​បន្តទៀត​បាន​ទេ ។​

​ការតែងតាំង​អគ្គលេខាធិការ​នេះដែរ ក៏ត្រូវ​ជ្រើសរើស​ចេញពី​ចំណោម​ជនជាតិ នៃ​រដ្ឋ​សមាជិក​អាស៊ាន ផ្អែកទៅលើ​ការប្តូរ​វេន​គ្នា​តាម​លំដាប់​អក្ខរក្រម​នៃ​ឈ្មោះ​រដ្ឋ​សមាជិក​ដោយ​ពិចារណា​ល្អិតល្អន់​ទៅលើ​សុច្ចរិតធម៌ សមត្ថភាព និង​បទពិសោធន៍​វិជ្ជាជីវៈ និង​សមភាព​យេនឌ័រ​ផងដែរ ។ តាម​លំដាប់​អក្ខរក្រម​អង់គ្លេស រដ្ឋ​អាស៊ាន​មានដូចជា ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម ។​

​បច្ចុប្បន្ន អគ្គលេខាធិការដ្ឋាន​អាស៊ាន ត្រូវ​ដឹកនាំ​ដោយ​អាណត្តិ​ព្រុយ​ណេ ដែលមាន​លោក Lim Jock Hoi ជា​អគ្គលេខាធិការ​។ លោក Lim Jock Hoi ដែលជា​អតីតមន្ត្រី​ការទូត និង​ពាណិជ្ជកម្ម​ព្រុយ​ណេ បាន​ឡើងកាន់តំណែង​ជា​អគ្គលេខាធិការ​របស់​អា​ស៊ា​នទី​១៤ នៅ​ថ្ងៃ​០១ មករា​ឆ្នាំ​២០១៨ សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ​។ វត្តមាន​របស់​ឥស្សរជន​ព្រុយ​ណេ​រូបនេះ បន្ទាប់ពី​អតីត​អគ្គលេខាធិការ​អាស៊ាន​ចេញពី​កូតា​របស់​វៀតណាម លោក Le Luong Minh បានបញ្ចប់​អាណត្តិ​រយៈពេល​ប្រាំ​ឆ្នាំ​របស់លោក ។​
 
​អ្វី​គួរកត់សម្គាល់​នោះ មុន​ពេលដែល​អាស៊ាន​មាន​ធម្មនុញ្ញ អគ្គលេខាធិការ​អាស៊ាន មិនទាន់មាន​អាណត្តិ​ជាក់លាក់ និង​អាច​ធានា​ពី​អចិន្ត្រៃយ៍​បាន​នោះទេ ។ ជាក់ស្តែង​នោះ អាស៊ាន បាន​ផ្លាស់ប្តូរ​អាណត្តិ​របស់​អគ្គ​លេខាធិការ ពី ពីរ​ឆ្នាំទៅ​បី​ឆ្នាំ នៅ​ឆ្នាំ​១៩៨៥ ។

​ខាងក្រោម​នេះ​គឺជា​ឥស្សរជន ដែលជា​អគ្គលេខាធិការ​អាស៊ាន​ទាំងអស់ គិត​ចាប់ពី​អាស៊ាន​បាន​បង្កើត​អគ្គលេខាធិការដ្ឋាន​រប​ស់​ខ្លួន ។

១. លោក Le Luong Minh ជា​ឥស្សរជន ជនជាតិ​វៀតណាម ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ២០១៣ ដល់​ឆ្នាំ​២០១៧ ។​
២. លោក SURIN PITSUWAN ជា​ឥស្សរជន ជនជាតិ​ថៃ ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ២០០៨ ដល់​ឆ្នាំ​២០១២ ។
៣. លោក ONG KENG YONG ជា​ឥស្សរជន​ជន ជាតិ​សិង្ហ​បុរី ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ២០០៣ ដល់​ឆ្នាំ​២០០៧ ។
៤. លោក RODOLFO C. SEVERINO JR.  ជា​ឥស្សរជន​ជន ជាតិ​ហ្វីលីពីន ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៩៨ ដល់​ឆ្នាំ​២០០២ ។
៥. លោក DATO AJIT SINGH ជា​ឥស្សរជន​ជនជាតិ​ម៉ាឡេស៊ី ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៧  ។
៦. លោក RUSLI NOOR ជា​ឥស្សរជន​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៨៩ ដល់​ឆ្នាំ ១៩៩៣ ។
៧. លោក RODERICK YONG ជា​ឥស្សរជន​ជនជាតិ​ព្រុយ​ណេ ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៨៦ ដល់​ឆ្នាំ ១៩៨៩ ។​
៨. លោក PHAN WANNAMETHEE ជា​ឥស្សរជន​ជនជាតិ​ថៃ ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៨៤ ដល់​ឆ្នាំ ១៩៨៦ ។​
 ៩. លោក  CHAN KAI YAU ជា​ឥស្សរជន​ជនជាតិ​សិង្ហ​បុរី ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៨២ ដល់​ឆ្នាំ ១៩៨៤ ។ 
១០. លោក NARCISO G. REYES ជា​ឥស្សរជន​ជនជាតិ​ហ្វីលីពីន ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ ១៩៨២ ។
១១. លោក DATUK ALI BIN ABDULLAH ជា​ឥស្សរជន​ជនជាតិ​ម៉ាឡេស៊ី ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ស​ម្រា​ប់​អាណត្តិ​ឆ្នាំ ១៩៧៨ ដល់​ឆ្នាំ ១៩៨០ ។​
១២.  លោក UMARJADI NOTOWIJONO ជា​ឥស្សរជន​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ចាប់ពី​ខែកុម្ភៈ ដល់​ខែមិថុនា ឆ្នាំ ១៩៧៨ ។ 
១៣. លោក  H.R DHARSONO ជា​ឥស្សរជន​ជនជាតិ​ឥណ្ឌូណេស៊ី ដែល​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អាស៊ាន​ចាប់ពី​ខែមិថុនា ឆ្នាំ ១៩៧៦ ដល់​ថ្ងៃ​១៨ កុម្ភៈ ឆ្នាំ​១៩៧៨ ។​

​គួរ​រម្លឹក​ដែរ​ថា អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ១៩៦៧ ។ ពេលនោះ​ដែរ អាស៊ាន មិនទាន់មាន​អគ្គលេខា​ដ្ឋា​ន​នៅឡើយ​នោះទេ ហើយ​អគ្គលេខាធិការដ្ឋាន​នេះ​ទើបតែ​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ​១៩៧៦ ប៉ុណ្ណោះ​៕ 


Tag:
 អាស៊ាន​
  អគ្គលេខាធិការ​អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com