អន្តរជាតិ
ចៅក្រមអាមេរិកម្នាក់បញ្ជាឲ្យបិទមាត់ជនជាប់ចោទដែលពូកែតមាត់នាអំឡុងសវនាការ
× ចៅក្រមម្នាក់នៅក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលជនជាប់ចោទមិនព្រមស្តាប់តាមការណែនាំរបស់ខ្លួន ដោយមិនរក្សាភាពស្ងៀមស្ងាត់នាអំឡុងពេលនៃសវនាការកាលពីពេលថ្មីកន្លងមកនេះ។
Franklyn Williams អាយុ៣២ឆ្នាំ ជាប់ចោទពីបទប្លន់ និងប្រើប្រាស់បណ្ណឥណទានក្លែងក្លាយ។ ជនជាប់ចោទរួមនេះ បដិសេធរក្សាភាពស្ងៀមស្ងាត់ក្នុងសវនាការ បើទោះបីជាលោកចៅក្រម John Russo ស្រែកហាមឃាត់ច្រើនដងក៏ដោយ។
«លោក Williams ខ្ញុំគឺជាចៅក្រមក្នុងសំណុំរឿងនេះ។ បិទមាត់របស់លោកទៅ ហើយខ្ញុំនឹងប្រាប់លោក នៅពេលដែលលោកមានសិទ្ធិនិយាយ»។ លោកចៅក្រមស្រែកទៅកាន់ជនជាប់ចោទ ប៉ុន្តែ Williams បានតបតទៅវិញថា៖ «លោកព្យាយាមយកជីវិតខ្ញុំ ហើយលោកមិនព្រមអនុញ្ញាតឲ្យខ្ញុំរៀបរាប់ពីអ្វីដែលបានកើតឡើង»។
ដោយខឹងសម្បារនឹងភាពចចេសរឹងរូសរបស់ជនជាប់ចោទ លោក Russo បានបញ្ជាឲ្យមន្ត្រីតុលាការយកបង់ទៅបិទមាត់របស់ Williams។ ក្នុងបទសម្ភាសជាមួយ Fox 8 លោក Russo អះអាងពីសិទ្ធិរបស់ខ្លួនក្នុងការបិទមាត់របស់ជនជាប់ចោទ លោកបញ្ជាក់ថា គេមនុស្សពិបាកនិយាយគ្នា ពីព្រោះលោកធ្លាប់បានកាត់ក្តីជននេះ ៤ករណីរួចមកហើយ។
លោក Russo បានបញ្ជាក់ថា៖ «Williams ជាមនុស្សដែលចូលចិត្តនិយាយច្រើន និងកាត់សំដីអ្នកដទៃ។ គាត់កាត់សំដីមេធាវីរបស់ខ្លួន សាក្សី ព្រមទាំងខ្ញុំ ដែលជាចៅក្រមផងដែរ»។ លោកបានបន្ថែមថា លោកបានព្រមានយ៉ាងហោចជាង១០លើកនាអំឡុងពេលប្រមាណតែ៣០នាទី ប៉ុន្តែគេមិនព្រមស្តាប់នោះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ទង្វើបែបនេះ ទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសហភាពសេរីភាពស៊ីវិលអាមេរិក (American Civil Liberties Union)។ ការបិទមាត់ជនជាប់ចោទ មិនមែនជារឿងធម្មតានោះឡើយ វាជាការបំបិទសិទ្ធនិយាយស្តីនាអំឡុងសវនាការ៕
© រក្សាសិទ្ធិដោយ thmeythmey.com