អន្តរជាតិ
យន្តហោះ​ចម្បាំង​ណា​តូ ច្រឡំ​បាញ់​មី​ស៊ី​ល​ពិត​ពេល​ហ្វឹកហាត់​ក្បែរ​ព្រំដែន​រុស្ស៊ី
08, Aug 2018 , 9:39 pm        
រូបភាព
យន្តហោះចម្បាំងអេស្ប៉ាញ Eurofighter Typhoon EF2000 (រូបភាព Reuters)
យន្តហោះចម្បាំងអេស្ប៉ាញ Eurofighter Typhoon EF2000 (រូបភាព Reuters)
​នៅ​ថ្ងៃទី​៧ ខែសីហា យន្តហោះ​ចម្បាំង​អេ​ស្ប៉ា​ញ​ដែល​ចូលរួម​ក្នុងការ​ហ្វឹកហាត់​របស់​សម្ព័ន្ធ​យោធា​ណា​តូ បាន​បាញ់​មី​ស៊ី​ល​ពិត​មួយ​គ្រាប់​អំឡុងពេល​ហោះហើរ​ក្បែរ​ព្រំដែន​រុស្ស៊ី​ក្នុង​ទឹកដី​អេ​ស្តូ​នី​។ ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ​ក៏បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ ហើយ​អ្នកបើកបរ​យន្តហោះ ត្រូវបាន​ផ្អាក​តួនាទី​បណ្ដោះអាសន្ន ទម្រាំ​ការស៊ើបអង្កេត​បញ្ចប់​។ ចំណែក​អេ​ស្តូ​នី​បានសម្រេច​ចិត្ត​ផ្អាក​ការហោះហើរ​របស់​យន្តហោះ​ចម្បាំង​អេ​ស្ប៉ា​ញ​សិន​ដែរ​។



​យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធ​យោធា​ណា​តូ​មួយក្រុម ដោយ​ពីរ​គ្រឿង​ធុន Eurofighter Typhoon 2000 របស់​អេ​ស្ប៉​ញ​និង​ពីរ​គ្រឿង​ទៀត​ធុន Mirage 2000 ជា​យន្តហោះ​បារាំង បាន​ហោះហើរ​ក្នុង​បេសកម្ម​ល្បាត​នៅ​ភាគ​និរតី​អេ​ស្តូ​នី​នៅ​ថ្ងៃទី​៧ ខែសីហា​។ អំឡុងពេល​ហ្វឹកហាត់ យន្តហោះ​ចម្បាំង​មួយគ្រឿង​របស់​អេ​ស្ប៉ា​ញ​ក៏​ស្រាបតែ​បាញ់​មី​ស៊ី​ល​ពិត​ប្រភេទ​បាញ់​លើ​អាកាស​ទៅ​គោលដៅ​អាកាស (air-to-air missile) តែម្ដង​។​

​យោងតាម​សារព័ត៌មាន RT ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ​អះអាងថា មី​ស៊ី​ល​នេះ​មិនបាន​វាយប្រហារ​ចំ​គោលដៅ​ណាមួយ​ឡើយ ឯ​យន្តហោះ​ទាំងអស់​ក៏បាន​ហោះ​ទៅកាន់​មូលដ្ឋាន​អាកាស Saiuliai ដែល​ស្ថិ​តនៅក្នុង​ទឹកដី​លី​ទុយ​អា​នី​ដោយ​សុវត្ថិភាព​។ ក្រសួងការពារជាតិ​អេ​ស្ប៉ា​ញ ក៏​ចាប់ផ្ដើម​ការស៊ើបអង្កេត​រក​មូលហេតុ​នៃ​ហេតុការណ៍​នេះ ដ្បិត​កើតឡើង​នៅក្បែរ​ព្រំដែន​របស់​រុស្ស៊ី​។​

​ជាមួយគ្នា ក្រសួងការពារជាតិ​អេ​ស្តូ​នី​ក៏​សម្រេចចិត្ត​ហាម​យន្តហោះ​ចម្បាំង​អេ​ស្ប៉ា​ញ​ទាំងអស់​ចូលរួម​បេសកកម្ម​ហោះហើរ​របស់​ណា​តូ​លើ​ទឹកដី​ខ្លួន​ទៀត​ដែរ​។ បើតាម​សារព័ត៌មាន​ក្នុងស្រុក រដ្ឋមន្ត្រី​ការពារជាតិ​អេ​ស្តូ​នី Juri Luik និយាយថា ការផ្អាក​នឹង​ធ្វើឡើង​រហូតដល់​បញ្ហា​ត្រូវ​ដោះស្រាយ​រួចរាល់ ហើយ​លំ​ហាត់​នឹង​នៅតែ​បន្ត​ដដែល​។ សារព័ត៌មាន​ក្នុងស្រុក ERR ផ្សាយ​ថា កម្លាំង​ទ័ពអាកាស​ព័រ​ទុយ​ហ្គា​ល់​នឹង​ចូល​បំពេញ​កន្លែង​របស់​យោធា​អេ​ស្ប៉ា​ញ​។​

​មី​ស៊ី​ល​ដែល​ពី​ឡុ​ត​អេ​ស្ប៉ា​ញ​បាញ់​ចេញ​នោះ ជា​មី​ស៊ី​លបាញ់​ពី​អាកាស​ទៅ​គោលដៅ​លើ​អាកាស​ធុន AMRAAM ដែល​អាច​រត់​បាន​ចម្ងាយ​១០០​គីឡូម៉ែត្រ និង​មាន​បំពាក់​ក្បាល​គ្រាប់​ដែលមាន​ទម្ងន់​រំសេវ​ដល់ទី​១០​គីឡូក្រាម​។ មី​ស៊ី​ល​នេះ​ត្រូវបាន​កំណត់​ទីតាំង​ចុងក្រោយ​នៅ​តំបន់​មួយ​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​នៃ​ទីក្រុង Tartu ភាគ​ខាងជើង​អេ​ស្តូ​នី​។

​ភ្លាមៗ​ក្រោយ​កើតហេតុ កម្លាំង​អាកាស​អេ​ស្តូ​នី​ក៏បាន​បើក​ប្រតិបត្តិ​ការស្វែងរក​មី​ស៊ី​ល​នេះ​។ អាជ្ញាធរ​អេ​ស្តូ​នី​បានស្នើ​ឲ្យ​ប្រជាជនមាន​ការប្រុងប្រយ័ត្ន និង​ជូនដំណឹង​ឲ្យ​អាជ្ញាធរ ឬ​ភ្នា​ក់​សង្គ្រោះបន្ទាន់ ក្នុងករណី​ប្រទះឃើញ​មី​ស៊ី​ល​។ ដោយឡែក នាយករដ្ឋមន្ត្រី​អេ​ស្តូ​នី Juri Ratas ចាត់ទុក​ហេតុការណ៍​នេះ​ជា​រឿង​ដ៏​អាក្រក់ និង​គួរ​ឲ្យ​សោកស្ដាយ​បំផុត​។ ប៉ុន្តែ​លោក​ក៏​ឆ្លៀត​សរសើរ​កម្លាំងយោធា​ណា​តូ​ដែល​បាន​ជួយ​ការពារ​សន្តិសុខ​អេ​ស្តូ​នី​៕


Tag:
 ណា​តូ​
  រុស្ស៊ី​
  អេ​ស្តូ​នី
© រក្សាសិទ្ធិដោយ thmeythmey.com