ជាតិ
បោះឆ្នោត
សម្តេច ហ៊ុន សែន​៖ កម្ពុជា​ជាប់​លេខ​២ ដែលមាន​អត្រា​អ្នកបោះឆ្នោត​ខ្ពស់​ជាងគេ លើ​ពិភពលោក
08, Aug 2018 , 9:59 pm        
រូបភាព
ប្រជាពលរដ្ឋទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
ប្រជាពលរដ្ឋទៅបោះឆ្នោត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
ដោយ: ថ្មីៗ
​កម្ពុជា មាន​ភាគរយ​នៃ​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់​ជាងគេ លើ​ពិភពលោក បន្ទាប់ពី​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​។ នេះ​ជាការ​អះអាង​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨​។



​សម្តេច ហ៊ុន សែន លើកឡើងថា ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក មាន​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ ចេញទៅ​បោះឆ្នោត ខណៈ​កម្ពុជា មាន​ប្រជាពលរដ្ឋ​ជាង ៨២​ភាគរយ ចេញទៅ​បោះឆ្នោត​។ មេដឹកនាំ​កម្ពុជា លើកឡើង​បែបនេះ ដោយ​ប្រៀបធៀប​ជាមួយនឹង​តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត នៅតាម​បណ្តា​ប្រទេស​នានា ដែល​ចេញផ្សាយ​ដោយ​អង្គការ​មួយ​ឈ្មោះ Pew Research Center នៅ​សហរដ្ឋអាមេរិក​។ 

​យ៉ាងណាក៏ដោយ តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត​នៅ​កម្ពុជា ពុំបាន​ស្ថិតក្នុង​របាយការណ៍រ​បស់​អង្គការ Pew Research Center នោះទេ ពីព្រោះថា ប្រទេស​កម្ពុជា ទើបនឹង​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯ​របាយការណ៍​របស់​អង្គការ Pew Research Center  បានធ្វើ​ឡើង និង​ផ្សព្វផ្សាយ​តាំងពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៨ មកម្ល៉េះ​។ មាន​ប្រទេស​៣៥ ដែល​អង្គការ​នេះ យកទៅ​ប្រៀបធៀប អំពី​តួលេខ​នៃ​អ្នក​ចេញទៅ​បោះឆ្នោត​។

​របាយការណ៍​របស់​អង្គការ Pew Research Center  បង្ហាញថា ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក មាន​អ្នក​ចេញទៅ​បោះឆ្នោត ៨៧,២១ ភាគរយ កាលពី​ឆ្នាំ​២០១៤ (​ចំណាត់ថ្នាក់​លេខ​១), ប្រទេស​ស៊ុយ​អ៊ែត មាន ៨២,៦១ ភាគរយ កាលពី​ឆ្នាំ​២០១៤ (​ចំណាត់ថ្នាក់​លេខា​២), ប្រទេស​ដា​ណឺ​ម៉ាក មាន ៨០,៣៤ ភាគរយ កាលពី​ឆ្នាំ​២០១៥ (​ចំណាត់ថ្នាក់​លេខ​៣), ប្រទេស​អូស្ត្រាលី មាន ៧៨,៩៦ ភាគរយ កាលពី​ឆ្នាំ​២០១៦ (​ចំណាត់ថ្នាក់​លេខ​៤) ។​ល​។ បើ​ប្រៀបធៀប​នឹង​របាយការណ៍​នេះ កម្ពុជា ដែលមាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ៨២,៨៩ ភាគរយ កាលពីពេល​ថ្មីៗ​នេះ ត្រូវ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២​។

​ដោយមាន​មោទនភាព​ចំពោះ​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​ដ៏​ច្រើន​បែបនេះ សម្តេច ហ៊ុន សែន បាន​និយាយ​ទៅកាន់​កម្មករ​-​កម្មការិនី យ៉ាង​ដូច្នេះ​ថា​៖«​នេះ​បង្ហាញថា ប្រជាពលរដ្ឋ​របស់​យើង បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ តាមរយៈ​ការបោះឆ្នោត​ជា​ទៀងទាត់ នៅក្នុង​ប្រទេស​របស់​យើង​»​។

​លទ្ធផល​បឋម ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ជាង ៤,៨ លាន​នាក់ ដែល​ស្មើ​ជាង ៧៦​ភាគរយ​។ តាម​តួលេខ​បឋម​នេះ ប្រហែលជា​មានតែ​គណបក្សកាន់អំណាច​នេះ​ទេ ដែល​អាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​។

​សម្តេច ហ៊ុន សែន ប្រកាស​ជាថ្មី​ថា រដ្ឋសភា​នីតិកាល​ទី​៦ នឹង​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ហើយ​រដ្ឋាភិបាល​អាណត្តិ​ទី​៦ នឹងត្រូវ​បង្កើតឡើង​នៅ​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨៕



Tag:
 ​បោះឆ្នោត​
  កម្ពុជា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com