ជាតិ
ក្រសួងធនធានទឹក៖កម្ពុជា នឹងមានភ្លៀងច្រើនថ្ងៃទៀត ក្នុងកម្រិតមធ្យមទៅច្រើន
× ភ្នំពេញ៖ តំបន់មាត់សមុទ្រពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធា្លក់ជាច្រើនថ្ងៃទៀត ខណៈតំបន់ខ្ពង់រាប និងបណ្តាខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀណាម ក៏នឹងមានភ្លៀងពីបង្គួរទៅច្រើនដែររហូតដល់ចុងសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក ដែលបានឲ្យដឹងទៀតថា បណ្តារាជធានី និងខេត្តផ្សេង អាចនឹងមានភ្លៀងពីមធ្យម ទៅបង្គួរ។
តំបន់មាត់សមុទ្រ ពិសេសខេត្តកោះកុង និងព្រះសីហនុ អាចមានភ្លៀងធ្លាក់ខ្លាំង ឯលំហសមុទ្រមានភ្លៀង-ខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ៗ។ នេះបើតាមការព្យាករក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៨ សីហា។
ក្រសួងនេះ បានបញ្ជាក់មូលហេតុថា ដោយសារមានប្រព័ន្ធសម្ពាធទាបមួយ កំពុងអូសកាត់លើអាងទន្លេមេគង្គ ហើយនៅក្នុងប្រព័ន្ធសម្ពាធទាបនេះ មានសម្ពាធទាបសកម្មមួយកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង ដែលវានឹងរំកិលឆ្ពោះទៅរកកោះហៃណាំ។ ការព្យាករឲ្យដឹងទៀតថា ក្នុងពេល៣-៤ថ្ងៃទៀត សម្ពាធទាបសកម្ម នឹងវិវត្តន៍ទៅជាកូនព្យុះនៅចន្លោះកោះហៃណាំ-ហុងកុង។ ក្នុងពេលជាមួយគ្នានេះ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ឆ្នេរកម្ពុជា ដែលឥទ្ធិពលនេះ នឹងនាំឲ្យកម្ពុជា មានភ្លៀងធ្លាក់។
ក្រៅពីតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប និងបណ្តាខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀណាម ក៏នឹងមានភ្លៀងពីបង្គួរទៅច្រើនដែរ រហូតដល់ចុងសប្តាហ៍។ ចំណែកឯ នៅតាមបណ្តារាជធានី និងខេត្តផ្សេងទៀត អាចមានភ្លៀងពីមធ្យម ទៅបង្គួរ។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ដល់អ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ៕
Tag:
សមុទ្រ
ភ្លៀង
តំបន់ឆ្នេរ
ព្រះសីហនុ
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com