ផ្លាស់ប្តូរ អារម្មណ៍ពីការទទួលទានកាហ្វេស្តាប់ចម្រៀងមកស្តាប់សំឡេងឆ្មាយំនៅ Cat U house
09, Aug 2018 , 11:45 am
រូបភាព
×
ដោយ:
សម្រាប់អ្នកដែលចូលចិត្ត និងស្រលាញ់ សត្វឆ្មា ពេលនេះលោកអ្នក អាចទៅទស្សនា ឆ្មាស្អាតៗ ឆ្មាឃ្យូតៗ ជាច្រើននៅហាង Cat U house ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥៧ កែងផ្លូវ ៣៣៤ សង្កាត់ បឹងកេងកង ១ ខណ្ឌ ចំការមន។ ហាងកាហ្វេ ដែលបានដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៨ ខែ សីហា ឆ្នាំ ២០១៨ មួយនេះ ក៏អនុញ្ញាតឲ្យអតិថិជន អាចលេងកម្សាន្ត និងថតរូបជាមួយឆ្មាទាំងនោះ។ Cat U house នឹងផ្លាស់ប្តូរអារម្មណ៍លោកអ្នក ដែលធ្លាប់ស្តាប់ចម្រៀងពេលពិសាកាហ្វេ មកស្តាប់សំឡេង ឆ្មាយំវិញម្តង។
Cat U house បង្កើតឡើងក្នុងគោលបំណងឲ្យអតិថិជន ពិសាកាហ្វេ និងភេសជ្ជៈផ្សេងៗ ដែលមានរសជាតិឈ្ញុយឆ្ញាញ់ក្នុងហាង Cat U house និងអាចលេងកម្សាន្ត ជាមួយឆ្មាជាច្រើន ដែលមាននៅក្នុងហាងមួយនេះ។ លើសពីនេះ Cat U house ក៏ជាបណ្ដុំនៃក្រុមអ្នកចូលចិត្តសត្វឆ្មា ជួបជុំគ្នា និងអ្នកដែលចូលចិត្តសត្វឆ្មា កាន់តែមានភាពស្និទ្ធស្នាលជាមួយសត្វឆ្មា។ Cat U House ត្រូវបានបង្កើតឡើងដោយពាក្យបី ៣ ម៉ាត់ជាភាសាអង់គ្លេស Cat ដែលមានន័យថាឆ្មា ពាក្យ You ដែលមានន័យថាអ្នក និងពាក្យ House ដែលមានន័យថាផ្ទះ ដែលយកពាក្យទាំង៣ នេះបូកចូលគ្នាមានន័យថា អ្នក និង ឆ្មា គឺនៅផ្ទះតែមួយ។
កញ្ញា KI O អ្នកគ្រប់គ្រងហាង Cat U house បានឲ្យដឹងថា ហាងរបស់ខ្លួន មិនបានបង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយហាងកាហ្វេប្រេន ក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែ Cat U house ជាកន្លែងផ្ទះរបស់អ្នកគ្រប់គ្នា ព្រោះអតិថិជនដែលចូលមកទីនេះ គឺមិនមែនជាភ្ញៀវទេ ប៉ុន្តែជាគឺជាសមាជិកគ្រួសារ ដូចជាបងស្រី ប្អូនស្រី បងប្រុស ប្អូនប្រុស។ ចំពោះរសជាតិភេសជ្ជៈរបស់ហាង Cat U house នេះ គឺផ្ដោតទៅលើរសជាតិប្លែក ដែលនៅប្រទេសកម្ពុជាពុំទាន់មាន។ នេះជាការបញ្ជាក់របស់ កញ្ញា KI O ដោយបានបន្ថែមទៀតរថា៖« នាពេលខាងមុខ ហាង Cat U house នឹងបន្ថែមលក្ខណៈពិសេសទៀត ដោយមិនមែនមានតែកាហ្វេ និងភេសជ្ជៈ គឺថែមទាំងមាននូវគំនូរប្រេងទៀតផង។ លើសពីនេះហាង Cat U house នឹងមានក្រុមភ្លេងដើម្បីឲ្យអ្នកមកទីនេះបានស្ដាប់ភ្លេងកំដរអារម្មណ៍»៕
គ្រួសារ Cat U House របស់យើង នឹងនៅជាមួយអ្នកគ្រប់ពេលវេលា!