ច្រឹង ពលរដ្ឋ ផ្លាស់​ទៅលេង​ក្លិប Buriram លី​គ​កំពូល​ថៃ

កីឡាជាតិ
ជាតិ
ច្រឹង ពលរដ្ឋ ផ្លាស់​ទៅលេង​ក្លិប Buriram លី​គ​កំពូល​ថៃ
09, Aug 2018 , 12:45 pm         4118
រូបភាព
រូបពីហ្វេសប៊ុកក្លិប Buriram United
រូបពីហ្វេសប៊ុកក្លិប Buriram United
ភ្នំពេញ​៖ ខ្សែបម្រើ​ការពារ​ក្រសួងការពារជាតិ កីឡាករ ច្រឹង ពលរដ្ឋ ផ្លាស់​ទៅលេង​ឲ្យ​ក្លិប Buriram លី​គ​កំពូល​ថៃ នៅ​រដូវ​កាល​ក្រោយនេះ​។ ការផ្ទេរ ច្រឹង ពលរដ្ឋ ទៅលេង​ក្លិប​ជើងឯក​ថៃ​មួយ​នេះ ស្ថិតនៅក្នុង​កិច្ចសន្យា​រយៈពេល​វែង​។
 
​ច្រឹង ពលរដ្ឋ ដែល​កំពុងមាន​វត្តមាន​នៅ​ប្រទេស​ថៃ បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​សមាជិក​ក្រុម ដើម្បី​ត្រៀម​បង្ហាញ​សមត្ថភាព​ខ្លួន ឲ្យ​ក្រុមខ្លាំង នៅក្នុង​លី​គ​កំពូល​ថៃ នា​រដូវ​កាល​ក្រោយនេះ​។ ខ្សែបម្រើ​ការពារ​ក្រសួងការពារជាតិ​រូបនេះ បាន​ផ្ទេរ​ទៅ​ក្លិប​ជើងឯក​ថៃ ទាំង​របួស​មិនទាន់​ជាសះស្បើយ​នៅឡើយ​។ ស្ថិតនៅក្នុង​ស្ថានភាពរ​បួស កីឡាករ ពលរដ្ឋ ត្រូវការ​ពេល​ហ្វឹកហាត់​ជាច្រើន​ខែ​ទៀត ដើម្បី​អាច​វិល​ទៅរក​ទម្រង់​លេង​ដូចដើម​។​
 
​លោក ភា សុភ​ក្ត្រា គ្រូបង្វឹក​ក្លិប​ក្រសួងការពារជាតិ បាន​និយាយថា វត្តមាន​របស់​កីឡាករ ច្រឹង ពលរដ្ឋ នៅក្នុង​ក្លិប​Buriram​នេះ វា​ជា​គោលដៅ​មួយ​ល្អ សម្រាប់​រូបគេ ដែល​អាចមាន​ពេល​ព្យាបាល​របួស​ឲ្យ​មាន​ប្រសិទ្ធភាព​ផង និង​ទទួលបាន​បទពិសោធន៍​ថ្មី​មួយទៀត ក្នុង​អាជីព​បាលទាត់​ផង​។ ចំពោះ​តម្លៃ​ខ្លួន​ផ្ទេរ​ទៅលេង​ក្លិប​ថៃ​នេះ​វិញ លោក ភា សុភ​ក្ត្រា មិនទាន់​ដឹង​ព័ត៌មាន​ច្បាស់​នោះទេ ។ ប៉ុន្តែ​លោក​គ្រាន់តែ​ដឹងថា ច្រឹង ពលរដ្ឋ ត្រូវ​ផ្លាស់​ទៅលេង​ឲ្យ​Buriram ក្នុង​រយៈពេល​វែង​។




តាមរយៈ​វីដេអូ​យូ​ធូប របស់​ក្លិប​Buriram កីឡាករ ច្រឹង ពលរដ្ឋ បាន​និយាយថា ការចូលរួម​លេង​ជាមួយ​ក្លិប​ជើងឯក​លី​គ​កំពូល​ថៃ​នេះ គឺជា​ឱកាស​មួយ​សម្រាប់​ខ្លួន ដែល​អាច​អភិវឌ្ឍ​សមត្ថភាព និង​ទម្រង់​លេង​បន្ថែមទៀត ។​ដ្បិត​មិនទាន់​ប្រកួត​ក្តី តែ​ខ្សែបម្រើ​ការពារ​រូបនេះ បាន​ប្ដេជ្ញា​ជួយ​ឲ្យ​ក្រុម​Buriram ទទួលបាន​ជ័យជម្នះ នៅ​រដូវ​កាល​ក្រោយ​ផងដែរ​៕

Tag:
 ច្រឹង ពលរដ្ឋ​
  Buriram
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1718next