ចេះតែ​ហើម​កែងជើង អាចមាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​រឿងនេះ​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចេះតែ​ហើម​កែងជើង អាចមាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​រឿងនេះ​
09, Aug 2018 , 6:59 pm         1607
រូបភាព
ដោយ: ថ្មីៗ
​ការដែល​ហើម​កែងជើង​គឺជា​បញ្ហា​មួយ​ដែល​កើត​ឡើងលើ​មនុស្ស​ភាគច្រើន​ក្នុង​ជីវិត​របស់​ពួកគេ​។ ករណីខ្លះ វា​គ្មានអ្វី​ធ្ងន់ធ្ងរ​ទេ ហើយក៏​ស្រួលបួល​វិញ​ដោយ​ខ្លួនឯង​ដែរ​។ ប៉ុន្តែ មាន​ករណី​ខ្លះទៀត ក៏​អាច​បណ្តាលមកពី​ជំងឺ​ណាមួយ​ក្នុង​រាងកាយ​ដែល​ត្រូវ​ការតាមដាន និង​ព្យាបាល​ដែរ​។ បើសិន​ជាថ្មីៗ​នេះ អ្នក​សម្គាល់​ឃើញ​មានការ​ហើម​នៅ​កែងជើង យក​ល្អ​គួរតែ​ស្វែងយល់​អំពី​មូលហេតុ​ញឹកញាប់​បំផុត​របស់​វា​ដូចខាងក្រោម​នេះ​សិន​ទៅ​៖


​កែងជើង​មាន​របួស​

​ការដែល​មាន​របួស​នៅ​កែងជើង​គឺជា​មូលហេតុ​ខ្លាំង​បំផុត​ដែល​នាំ​ឲ្យ​ហើម​។ ក្រៅពី​ហើម វា​ក៏​ធ្វើ​ឲ្យ​ឈឺចាប់ ដែលជា​សញ្ញា​ច្បាស់​មួយ​ថា មាន​អ្វី​ខុស​ប្រក្រតី​ហើយ​។ ពេលខ្លះ វា​ក៏​អាចទាក់ទង​នឹង​ការ​ដាច់ដោច​សរសៃ​ចង​ឆ្អឹង ឬ​បាក់បែក​ឆ្អឹង​ដែរ​។

​ការ​មាន​ផ្ទៃពោះ​

​បើសិនជា​អ្នកជា​ស្ត្រី ហើយ​មានគ្រួសារ​ទៀត វា​មិនមាន​អ្វីដែល​គួរ​ភ្ញាក់ផ្អើល​ឡើយ​បើសិនជា​កែងជើង​ហាក់បីដូច​ជាធំ​ជាង​ធម្មតា​នោះ​។ នេះ​ដោយសារតែ​ការ​ហើម​កែងជើង​ជា​បញ្ហា​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន​ត្រូវ​ប្រឈមមុខ​។ តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ការ​ហើម​កែងជើង​ក្នុងពេល​មាន​ផ្ទៃពោះ​ច្រើនតែ​បង្កឡើង​ដោយ​អតុល្យភាព​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ករណីខ្លះ វា​ក៏​ដោយសារតែ ការប្រមូលផ្តុំ​ឈាម​ក្នុង​ជើង​ដោយសារតែ​សម្ពាធ​ពី​ការរីក​ធំ​របស់​ស្បូន​លើ​សរសៃឈាម​នៅ​ជើង​ដែរ​។ ចូរ​ប្រាកដថា អ្នក​បាន​ទៅ​ជួប​គ្រូពេទ្យ​បាន​លឿន​តាមតែ​អាចធ្វើ​ទៅបាន បើសិន​ជាការ​ហើម​កែងជើង​នោះ​ធ្ងន់ធ្ងរ​ក្នុងពេល​មាន​ផ្ទៃពោះ ព្រោះ​វា​ជា​សញ្ញា​នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង​។

​ការ​ឈរ ឬ​អង្គុយ​

​តើ​ការងារ​អ្នក​តម្រូវ​ឲ្យ​អង្គុយ ឬ​ឈរ​ច្រើន​ម៉ោង​ដែរ​ទេ​? បើសិនជា​អ៊ីចឹង​មែន កែងជើង​អ្នក​អាច​ងាយ​នឹង​ហើម និង​អស់កម្លាំង​ហើយ​ក្រោយពី​ធ្វើការ​រួច​។ ប៉ុន្តែ​កុំ​បារម្ភ​អី ព្រោះ​វា​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​។ យក​ល្អ​គួរតែ​ដាក់​ប្រអប់ជើង​នៅលើ​ខ្នើយ​កល់​ពី​ជាន់​ឡើងលើ ហើយ​គេង ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​ការ​ហើម​ភ្លាមៗ​ដែរ​។

​ផល​រំខាន​របស់​ថ្នាំ​

​បើសិន​ជាការ​ហើម​កែងជើង​កើតឡើង​នៅ​រយៈពេល​ពីរ​បី​ម៉ោង​ក្រោយពី​លេបថ្នាំ​ណាមួយ​ដែលជា​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ នោះ​អាចជា​ផល​រំខាន​របស់​ថ្នាំ​ហើយ​។ មាន​ថ្នាំ​ច្រើនណាស់​ដែល​ត្រូវបាន​គេ​ដឹងថា ធ្វើ​ឲ្យ​ច្រាល​ជាតិ​ទឹក រហូតដល់​ហើម​កែងជើង​បាន​។ ថ្នាំ​មួយចំនួន​នោះ​មានដូចជា​ពពួក Anti-inflammatory Drugs (NSAIDs) និង Steroids ថ្នាំ​ពន្យា​កំណើត ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​ថ្នាំ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។ ចូរ​មិនត្រូវ​ឈប់​ប្រើ​ថ្នាំ​នេះ​ភ្លាម​ដោយសារតែ​រឿងនេះ​ទេ តែ​ត្រូវ​ទៅ​ជួប​ពេទ្យ​សិន​។

​រលាក​សន្លាក់


​មាន​សន្លាក់​ខុសៗ​គ្នាច្រើន​ណាស់​ក្នុង​រាងកាយ​យើង ដែល​វា​ងាយ​នឹងរង​ការ​រលាក ហើយ​កែងជើង​គឺជា​ផ្នែក​មួយ​របស់​វា​ហើយ​។ វា​ដូចជា​មិនមាន​អ្វី​ភ្ញាក់ផ្អើល​ឡើយ​ដោយសារតែ​សន្លាក់​កែងជើង​មានការ​ទ្រ​ទ្រ​ង​ទម្ងន់​ច្រើន​នៅពេល​មនុស្ស​ម្នាក់​ធ្វើ​សកម្មភាព​រាងកាយ​ដូចជា​ការដើរ ឬ​ឈរ​នោះ​។ សំណាង​ដែរ យើង​មាន​មធ្យោបាយ​ច្រើនណាស់​ក្នុងការ​គ្រប់គ្រង​ការ​រលាក​សន្លាក់​ដូចជា ប្រើ​ថ្នាំ របប​អាហារ និង​ផ្លាស់ប្តូរ​របៀប​រស់នៅ​ជាដើម​។

​បញ្ហា​នៅ​បេះដូង តម្រងនោម ឬ​ថ្លើម​

​តើ​ការ​ហើម​កែង​ជើងមាន​ជាប់ទាក់ទង​នឹង​រោគសញ្ញា​មិនធម្មតា​ដូចជា ការពិបាក​ដកដង្ហើម វិលមុខ និង​រមាស់​ស្បែក​ដែរ​ទេ​? យក​ល្អ​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​បន្ថែម​ផង បើសិន​ជាមាន​ករណីបែបនេះ​មែន​។ មូលហេតុ​នៃ​ការ​ហើម​កែងជើង​មួយចំនួន​អាច​នឹង​គ្រោះថ្នាក់​ខ្លាំង ហើយក៏​ត្រូវការ​រកមើល និង​ព្យាបាល​បន្ទាន់​ដែរ​។ បញ្ហា​នោះ​អាច​តាក់​ទង​នឹង​តម្រងនោម បេះដូង និង​ថ្លើម ដែល​នាំ​ឲ្យ​ច្រាល​ជាតិ​ទឹក រហូតដល់​ហើម​កែងជើង និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12...678910next