Hun Sen Cup៖ ស្វាយរៀង បឹងកេត និង​ភ្នំពេញ​ក្រោ​ន បាត់បង់​ឱកាស​ឡើង​វគ្គ​បន្ត​

កីឡាជាតិ
ជាតិ
Hun Sen Cup៖ ស្វាយរៀង បឹងកេត និង​ភ្នំពេញ​ក្រោ​ន បាត់បង់​ឱកាស​ឡើង​វគ្គ​បន្ត​
09, Aug 2018 , 4:05 pm         1769
រូបភាព
សកម្មភាពប្រកួតជើងទី២រវាងបឹងកេតជាមួយណាហ្គាវើល
សកម្មភាពប្រកួតជើងទី២រវាងបឹងកេតជាមួយណាហ្គាវើល
​ក្រុម​ណាហ្គា​វើ​ល អង្គ​រថា​យ​ហ្គឺ​រ អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​) និង​ក្រសួងការពារជាតិ​(​ទ័ព​) ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​(១/២)​ពានរង្វាន់​សម្តេច ហ៊ុន សែន ក្រោយ​ពួកគេ​ទម្លាក់​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​វគ្គ​១/៤​។ ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង រង​ការខកចិត្ត​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១៥ ក្រោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ដោយ​បាល់​កាត់សេចក្តី​។ ចំណែក​បឹងកេត និង​ភ្នំពេញ​ក្រោ​ន ក៏​រង​ការខកចិត្ត​ដោយ​បាល់​កាត់សេចក្តី​ផងដែរ​។


​ក្រុម​ណាហ្គា​វើ​ល​ទទួលបាន​កៅអី​ឡើងទៅ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ បន្ទាប់ពី​ក្រុម​ជើងឯក​រង​ឆ្នាំ​២០១៧​មួយ​នេះ ទម្លាក់​បឹងកេត​ក្នុង​វគ្គ​១/៤ ដោយ​បាល់​កាត់សេចក្តី ៣-២​។ នា​ជំនួប​ជើង​ទី​២​កាលពី​ថ្ងៃទី​៨ ខែសីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ បឹងកេត​បាន​យកឈ្នះ​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-១ ក្រោយ​ប្រកួត​រយៈពេល​១២០​នាទី​។

​លទ្ធផល​នេះ តម្រូវ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេចក្តី ក្រោយ​ណាហ្គា​វើ​ល​យកឈ្នះ​បឹងកេត​ក្នុង​លទ្ធផល ២-០ នា​ជំនួប​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ក្នុងការ​ស៊ុត​បាល់​កាត់សេចក្តី កីឡាករ ស៊ុន សុវណ្ណ​រិទ្ធី បានផ្តល់​ការខកចិត្ត​សម្រាប់​បឹងកេត​ក្នុងការ​ទាត់​បាល់​១១​ម៉ែត្រ​ដំបូង ក្រោយ​អ្នកចាំទី ស៊ូ យ៉ា​ទី ជួយសង្គ្រោះ​បាន មុន​កីឡាករ គួច ដា​នី ផ្តល់​ការខកចិត្ត​ដល់​ណាហ្គា​វើ​ល ក្រោយ​អ្នកចាំទី គឹម មករា ជួយសង្គ្រោះ​បាន​ដូចគ្នា​។

​លី មី​ហ្សា​ន ទាត់​បាល់​លើក​ទី​២​បានសម្រេច​សម្រាប់​បឹងកេត ហើយ​កីឡាករ គួច សុគ​ម្ភៈ សម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ណាហ្គា​វើ​ល​។ បន្ទាប់មក ហុង ផេង បាន​ជួយ​ឲ្យ​បឹងកេត​នាំមុខ ២-១ សាជាថ្មី មុន សុះ ស៊ូ​ហា​ណា រក​គ្រាប់​តាម​ស្មើ ២-២ សម្រាប់​ណាហ្គា​វើ​ល​។ ឈានដល់​ការ​ទាត់​គ្រាប់​បាល់​ទី​៤ ម៉ាត់ យ៉ា​មីន បានធ្វើ​ឲ្យ​បឹងកេត​ខកចិត្ត​លើក​ទី​២ ក្រោយ ស៊ូ យ៉ា​ទី ចាប់​យ៉ាង​ស្រួល​ពី​ការ​ទាត់​របស់ខ្លួន​។ ឃឹម បូរី បានសម្រេច​គ្រាប់​បាល់​នាំមុខ ៣-២ សម្រាប់​ណាហ្គា​វើ​ល ហើយក៏​ជា​គ្រាប់​ជ័យជម្នះ​ផងដែរ ក្រោយ​កីឡាករ កែវ វណ្ណៈ ទាត់​បាញ់​ចាប សម្រាប់​គ្រាប់​បាល់​ទី​៥​របស់​បឹងកេត​។

​នា​ការប្រកួត​ក្រោម​ដំណក់ទឹកភ្លៀង​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​លទ្ធផល ២-១ ក្រោយ​ចប់​ការប្រកួត​១២០​នាទី​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​ត្រូវ​ទាត់​បាល់​១១​ម៉ែត្រ​កាត់សេចក្តី ព្រោះ​កាល​ជើង​ទី​១​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​ទ័ព ក្នុង​លទ្ធផល ២-១ ដូចគ្នា​។

​ឈានដល់​ការទា​ត់បាល់​១១​ម៉ែត្រ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ទាត់​បាល់​ទី​១​បានសម្រេច ជួយ​ឲ្យ​ម្ចាស់ផ្ទះ​នាំមុខ ១-០ តែ​កីឡាករ​របស់​ក្រសួងការពារជាតិ​បាន​ទាត់​បាល់​តាម​ស្មើ ១-១ វិញ​។ នេន សុធា​រ័ត្ន សម្រេច​គ្រាប់​បាល់​នាំមុខ ២-១ សាជាថ្មី​ឲ្យ​ម្ចាស់ផ្ទះ មុន​ប្រធាន​ក្រុម រ៉ឹង ប៊ុន​ហៀ​ង សម្រេច​គ្រាប់​បាល់​តាម​ស្មើ ២-២ សម្រាប់​ភ្ញៀវ​។ បន្ទាប់មក ណុប តុលា សម្រេច​គ្រាប់​ទី​៣​សម្រាប់​ព្រះខ័ន​រាជ​ស្វាយរៀង មុន​អ្នកចាំទី អ៊ុំ សេរី​រ័ត្ន ទាត់​តាម​ស្មើ ៣-៣ ឲ្យ​ទ័ព​។

​អ្នកចាំទី អោម ឧ​ត្ត​ម សម្រេច​គ្រាប់​បាល់​នាំមុខ ៤-៣ ជាថ្មី​ម្តងទៀត​ឲ្យ​ម្ចាស់ផ្ទះ តែ ខែ​ក ខេ​ម​រិ​ន្ទ្រ ទាត់​បាល់​តាម​ស្មើ ៤-៤ ឲ្យ​ភ្ញៀវ​។ ឈានដល់​ការទា​ត់បាល់​ទី​៥ កីឡាករ សួន សុវណ្ណ បានធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​ខកចិត្ត តាមរយៈ​ការទា​ត់បាល់​បាញ់​ចាប​ឡើង​ទៅលើ បន្ទាប់មក​កីឡាករ ជា សំណាង បានសម្រេច​គ្រាប់​បាល់​ជ័យជម្នះ ៥-៤ ឲ្យ​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​។​

​ជ័យជម្នះ ដែល​កើតចេញ​ការប្រកួត​ដ៏​ស្វិត​ស្វាយ​ក្រោម​ដំណក់ភ្លៀង​នេះ ជួយ​ឲ្យ​ក្រុម​ជើងឯក​ឆ្នាំ​២០១៦ ក្រសួងការពារជាតិ​ឡើងទៅ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច ហ៊ុន សែន ជាមួយ​ជម្នះ​ទាំងពី​ជើង ៨-៧​។ បើ​គិត​តាំងពី​ឆ្នាំ​២០១៥ នេះ​ជា​លើក​ទី​១​សម្រាប់​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ធ្លាក់​ចេញពី​ការប្រកួត​ត្រឹម​វគ្គ​ជម្រុះ​។ នៅ​ឆ្នាំ​២០១៥ ព្រះខ័ន​រាជ​ស្វាយរៀង​គ្រង​ជើងឯក ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល ២-១​។ បន្ទាប់មក​គ្រង​ជើងឯក​រង​នៅ​ឆ្នាំ​២០១៦ ក្រោយ​ចាញ់​ក្រសួងការពារជាតិ​ដោយ​បាល់​ប៉េ​ណា​ល់​ទី ៦-៥​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​បាន​គ្រង​ជើងឯក​សាជាថ្មី ក្រោយ​យកឈ្នះ​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ៣-០​។

​ម្ចាស់​ជើងឯក​ពីរ​សម័យកាល​ភ្នំពេញ​ក្រោ​ន ដែល​រំពឹង​ខ្ពស់​ថា នឹង​បាន​កៅអី​ឡើងទៅ​វគ្គ​បន្ត ក្រោយ​មាន​ទុក ៣-០ ក្នុង​ជើង​ទី​១ បាន​រង​ការខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ ត្រូវបាន​អង្គ​រថា​យ​ហ្គឺ​រ​ទម្លាក់​ដោយ​បាល់​កាត់សេចក្តី​។ នា​ជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន RSN កាលពី​ល្ងាច​ថ្ងៃទី​៨ សីហា ក្រុម​ភ្ញៀវ​អង្គ​រថា​យ​ហ្គឺ​របា​ន​យកឈ្នះ​ម្ចាស់ផ្ទះ ៤-១ ក្រោយ​ប្រកួត​១២០​នាទី​។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​ឈានដល់​ការទា​ត់បាល់​១១​ម៉ែត្រ​កាត់សេចក្តី​។

​ឈានដល់​ការទា​ត់បាល់​១១​ម៉ែត្រ​ខ្សែការពារ គឹម ឆា​យ៉ា ផ្តល់​ការខកចិត្ត​ដល់​អ្នកគាំទ្រ​សម្រាប់​គ្រាប់​បើកឆាក ក្រោយ​ទាត់​ចេញ​ក្រៅ​បង្គោល​ទី​។ កីឡាករ ពៅ ភា​រិ​ទ្ធ ធ្វើបាន​សម្រេច​សម្រាប់​គ្រាប់​បាល់​ដំបូង ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​នាំមុខ ១-០ មុន​កីឡាករ អ៊ុក សុធី សម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​គ្រាប់​បាល់​ទី​២​របស់​ភ្នំពេញ​ពេ​ក្រោ​ន​។ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ សម្រេច​គ្រាប់​បាល់​នាំមុខ ២-១ សាជាថ្មី​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ បន្ទាប់មក យ៉ើ មូ​ស្លិ​ម សម្រេច​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ម្ចាស់ផ្ទះ​។

​អ្នកចាំទី Alex You របស់​ភ្នំពេញ​ក្រោ​ន​បានធ្វើ​អង្គ​រថា​យ​ហ្គឺ​រ​រង​ការខកចិត្ត តាមរយៈ​ការជួយ​រារាំង​បានសម្រេច​ពី​ការទា​ត់របស់​កី​ឡករ ឆាយ រ៉ូ​ត​សេរី ដែលជា​គ្រាប់​ទី​៣​របស់​អង្គ​រថា​យ​ហ្គឺ​រ​។ ក្រុម​ទាំងពីរ​ទាត់​មិន​ចូល​ម្នា​ក់មួយ​ដូចគ្នា ដូច្នេះ​នៅសល់​ពីរ​គ្រាប់​រៀងៗ​ខ្លួន​។ ឈានដល់​ការទា​ត់បាល់​ទី​៤​កីឡាករ យ៉ើ សា​ហ្វី សម្រេច​គ្រាប់​បាល់​នាំមុខ ៣-២ សម្រាប់​ម្ចាស់ផ្ទះ មុន យី វាសនា សម្រេច​គ្រាប់​បាល់​តាម​ស្មើ ៣-៣ សម្រាប់​ភ្ញៀវ​។

​ស៊ិន កក្កដា បានធ្វើ​ភ្នំពេញ​ក្រោ​ន​ខក​ចិត្តជា​លើក​ទី​២ ក្រោយ​រូបគេ​ទាត់​បាល់​ចុងក្រោយ​បាញ់​ចាប​ឡើង​ទៅលើ​។ បន្ទាប់មក​កីឡាករ ឆុំ ពីសា សម្រេច​គ្រាប់​ជ័យជម្នះ ៤-៣ ដើម្បី​ជួយ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ​ឡើង​លេង​នៅ​វគ្គ​បន្ត​។

​ការប្រកួត​នៅ​កីឡដ្ឋាន​សាលា​បាល់ទាត់​ជាតិ​បាទី ក្រុម​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ លត់​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ក្នុង​លទ្ធផល ៦-១ នា​ជំនួប​ជើង​ទី​២​។ ជ័យជម្នះ​ដ៏​ធំធេង​នេះ ជួយ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ឡើងទៅ​លេង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ជ័យជម្នះ​សរុប​ទាំងពីរ ៩-១​។ 

​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហ៊ុន សែន នឹង​ចាប់ឆ្នោត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕     


Tag:
 បាល់ទាត់​
  Hun Sen Cup 2018
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង