ពីនេះ ពីនោះ
ត្រីប្រម៉ា ហាក់ពុំសូវមានទម្លាប់ធ្វើចរាចរផ្លាស់ទីច្បាស់លាស់ ដូចត្រីដទៃទៀតទេ
× គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) សូមណែនាំត្រីមានស្រកាមួយប្រភេទ ជាប្រភេទត្រីទឹកសាប ដែលរស់នៅក្នុងទន្លេធំៗ ដែលមានទឹកហូរ បឹងទន្លេសាប និងនៅតាមអន្លង់ជ្រៅៗ ក្នុងទន្លេមេគង្គ ជាពិសេសនៅខេត្តក្រចេះ និងស្ទឹងត្រែង ទាំងខួបប្រាំងខួបវស្សា។ វាស៊ីចៃទឹក សត្វល្អិតដែលរស់ក្នុងទឹក និងត្រីល្អិតៗជាអាហារ។
ត្រីប្រម៉ា មានឈ្មោះវិទ្យាសាស្ត្រ (Boesemania microlepis) និងឈ្មោះជាភាសាអង់គ្លេស Boeseman croaker មានប្រវែងដងខ្លួនអតិបរមា ១០០ ស.ម និងមានទម្ងន់អតិបរមា ១៨ គ.ក។
ត្រីប្រភេទនេះ ហាក់ដូចជាមិនសូវមានទម្លាប់ធ្វើចរាចរផ្លាស់ទីច្បាស់លាស់ទេ។ ការកកើតឡើងយ៉ាងគំហុកនូវចំនួនត្រីប្រម៉ានៅក្នុងតំបន់ទឹកជ្រៅ នៃទន្លេមេគង្គ ដូច្នេះត្រូវបានគេសន្និដ្ឋានថា វាអាចជាកន្លែងពង-កូនរបស់វាតែម្តង។
ត្រីប្រម៉ា ត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីរក្រហម IUCN Red List (Near Threatened) ក្នុងឆ្នាំ ២០១១ ជាប្រភេទត្រីដែលកំពុងជិត នៃការគំរាមកំហែងឈានទៅរងគ្រោះជិតផុតពូជ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ ការនេសាទហួសកម្រិត ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ដោយប្រើចរន្តអគ្គិសនីឆក់ ដែលគេនិយមហៅថា ឆក់ក្តៅ ឆក់ត្រជាក់ ដែលជាឧបករណ៍នេសាទដ៏គ្រោះថ្នាក់បំផុតសម្រាប់មច្ឆជាតិ និងការសាងសង់ទំនប់វារិអគ្គីសនី សុទ្ធតែជាបញ្ហាប្រឈមដល់កំណើតពួកវា។ ទៅថ្ងៃអនាគត ប្រភេទត្រីចំនួននៅក្នុងប្រទេសកម្ពុជា អាចនឹងឈានទៅផុតពូជ បើពុំមានការចូលរួមពីមជ្ឈដ្ឋានទូទៅ ដើម្បីថែរក្សាការពារធនធានមច្ឆជាតិស្រុកយើងទាំងអស់គ្នាទេនោះ។
Tag:
ត្រីប្រម៉ា។ រូបភាព៖ Supplied
© រក្សាសិទ្ធិដោយ thmeythmey.com