ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មេធាវី អ៊ីវ ប៉ូ​លី​៖ បើ​ឆ្កែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ឬ​របួស​ដល់​អ្នកដទៃ ម្ចាស់​ឆ្កែ​ទទួលខុសត្រូវ​
09, Aug 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ នៅពេលដែល​សត្វ​ចិញ្ចឹម​របស់ខ្លួន​ដូចជា​សត្វ​ឆ្កែ បាន​បង្ក​របួសស្នាម​ដល់អ្នក​ដទៃ មិន​ថាដោយ​ការ​ខាំ ឬគ្រោះថ្នាក់​ចរាចរណ៍​នោះទេ ម្ចាស់​​​សត្វ​ចិញ្ចឹម គឺជា​អ្នកទទួលខុសត្រូវ​ដល់​ភាគី​រងគ្រោះ ទាំង​នៅពេល​បច្ចុប្បន្ន និង​នៅពេល​អនាគត​។ នេះ​បើតាម​លោក អ៊ីវ ប៉ូ​លី មេធាវី​នៃ​ក្រុម​មេធាវី JC Law និង​ជា​គ្រូបង្រៀន​ច្បាប់​នៅ​សាលា​មេធាវី​។



​លោក​មេធាវី​បន្ថែមថា ម្ចាស់សត្វឆ្កែត្រូវទទួលខុសត្រូវ​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​ជនរងគ្រោះ រាប់​ពី​ករណី​របួសស្នាម​បន្តិចបន្តួច ឬ​ដល់​បាត់​បង់ជីវិត​។ នៅក្នុង​ករណី​បង្ក​របួសស្នាម​នេះ ម្ចាស់​សត្វ​ឆ្កែ គឺជា​អ្នក​ចេញថ្លៃ​ព្យាបាល​រហូត​ទាល់តែ​ជាសះស្បើយ​។ តែបើ​ព្យាបាល​មិនបាន ហើយ​ត្រូវ​បាត់បង់​ជីវិត ម្ចាស់​សត្វ​ឆ្កែ ក៏ត្រូវ​ចេញថ្លៃ​សំណង​ផ្លូវចិត្ត​ដល់​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ផងដែរ​។​

​ខាងក្រោម​នេះ គឺជា​កិច្ច​សម្ភាស​រវាង​កញ្ញា ថា​ន រស្មី អ្នកព័ត៌មាន​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ជាមួយ​លោក អ៊ីវ ប៉ូ​លី មេធាវី​នៃ​ក្រុម​មេធាវី  JC និយាយ​អំពី​ការទទួលខុសត្រូវ​រប​ស់​ម្ចាស់​សត្វ​ឆ្កែ ដែល​បាន​បង្ក​គ្រោះថ្នាក់​ទៅ​អ្នកដទៃ​៖




​ម្យ៉ាងវិញទៀត ករណី​ដែល​សត្វ​ឆ្កែ​ខាំ ទោះ​រយៈពេល​យូរ​ឆ្នាំ​ក្ដី ប្រសិន​មាន​ករណី​ជំងឺ​រើ​ឡើងវិញ​នោះ ម្ចាស់​សត្វ​ឆ្កែ ក៏​នៅតែមាន​កាតព្វកិច្ច​សង​ទៅកាន់​ជនរងគ្រោះ​ដដែល​។ នេះ​ជាការ​ពន្យល់​របស់លោក អ៊ីវ ប៉ូ​លី​។​

​មេធាវី​រូបនេះ បាន​បន្ថែមថា ក្នុងករណី​អាច​បន្ធូរ​បន្ថយ​ការទទួលខុសត្រូវ​ពី​ម្ចាស់​សត្វ​ចិញ្ចឹម​បាន គឺជា​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយមាន​ការចូលរួម​ពី​ជនរងគ្រោះ ដូចជាជនរងគ្រោះ​យក​ឈើ ឬ​យក​ទឹក ទៅ​ចាក់​លើស​ត្វ​ឆ្កែ​ជាដើម។ ករណី​ដូច​រៀបរាប់​នេះ ជនរងគ្រោះ និង​ម្ចាស់​ឆ្កែ​មានការ​ទទួលខុសត្រូវ​ស្មើៗ​គ្នា​។ ប៉ុន្តែ​ប្រសិនជា​ជនរងគ្រោះ​ផ្លោះ​របង​ផ្ទះ​របស់គេ ហើយ​ត្រូវ​សត្វ​ឆ្កែ​ខាំ​នោះ មិនមែនជា​ទំនួល​ខុសត្រូវ​របស់​ម្ចាស់​សត្វ​ឡើយ​។​

​យ៉ាងណាមិញ​លោក​មេធាវី ដែល​បាន​ប្រឡូក​ក្នុង​វិស័យ​ច្បាប់​១០​ឆ្នាំ​មកនេះ បាន​ឲ្យ​ដឹងថា ករណី​ដែល​សត្វ​ចិញ្ចឹម​របស់ខ្លួន​បង្ក​របួស​ស្នាម​ដល់​អ្នកដំណើរ ឬ​អ្នក​ដែល​មិនបាន​ធ្វើអំពើ​ទៅលើ​សត្វ​ឆ្កែ​នោះ ម្ចាស់​សត្វ​ឆ្កែ​ត្រូវ​ទទួលខុសត្រូវ បើទោះជា​ក្រៅរបង​ផ្ទះ​បាន​សរសេរ​ស្លាក​សញ្ញា​ថា មាន​សត្វ​ឆ្កែ​កាច​ក្តី​៕


Tag:
 ច្បាប់​
 ​ការចិញ្ចឹម​សត្វ​
 ​សត្វ​ឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com