Chelsea លក់ Courtois ឲ្យ Real តែ​ទិញ​អ្នកចាំទី​ពី Bilbao ក្នុងតម្លៃ​ថ្លៃ​បំផុត​លើ​លោក

កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea លក់ Courtois ឲ្យ Real តែ​ទិញ​អ្នកចាំទី​ពី Bilbao ក្នុងតម្លៃ​ថ្លៃ​បំផុត​លើ​លោក
09, Aug 2018 , 8:39 pm         2717
រូបភាព
Chelsea បាន​បើក​ខ្ទង់ចំណាយ​ដ៏​ច្រើនសន្ធឹក នៅ​ថ្ងៃទី​ផ្សារ​ទិញដូរ​កីឡាករ​ចុងក្រោយ ដើម្បី​ចុះហត្ថលេខា​ទិញយក​អ្នកចាំទី Kepa Arrizabalaga ពី Athletic Bilbao ក្នុងតម្លៃ ៧១​លាន​ផោន (៩១​លាន​ដុល្លារ​អាមេរិក​) ដែលជា​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង ដើម្បី​ជំនួស​តំណែង​អ្នកចាំទី Thibaut Courtois ដែល​ចាក​ចេញទៅ Real Madrid​។​


​ការផ្លាស់​ពី La Liga ទៅកាន់​ក្លិប​នៃ​ក្របខណ្ឌ Premier League របស់​អ្នកចាំទី​សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​បំបែក​កំណត់ត្រា​អ្នកចាំទី​ថ្លៃ​ជាងគេ​លើ​លោក​របស់ Alisson ដែល Liverpool ទិញ​ពី AS Roma ក្នុងតម្លៃ ៦៦,៨​លាន​ផោន (៨៦​លាន​ដុល្លារ​) កាលពី​ខែកក្កដា​។​

Kepa វ័យ ២៣ ឆ្នាំ​បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសន្យា​រយៈពេល​៧​ឆ្នាំ​នៅ​ទឹកដី Stamford Bridge ដើម្បី​ជំនួស​តំណែង​អ្នកចាំទី​ដៃ​ស្អិត Thibaut Courtois ដែល​សម្រេចចិត្ត​ទៅ​ចូលរួម​ជាមួយ Real Madrid​។​



Kepa ក៏​ជាប់​ក្នុង​សមាសភាព​កីឡាករ​២៣​រូប​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្នុង​យុទ្ធនាការ World Cup នៅ​រុស្ស៊ី​ផងដែរ ប៉ុន្តែ​ស្ថិតក្នុង​ជម្រើស​ទី​២ បន្ទាប់ពី David de Gea របស់ Manchester United​។​

​ដោយឡែក ការចាកចេញ​របស់​ម្ចាស់​ស្រោមដៃ​មាស (Golden Gloves) ពី​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨ Thibaut Courtois ទៅកាន់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ត្រូវបាន​កាសែត​ល្បីៗ​ចុះផ្សាយ​ថា​មានតម្លៃ​ផ្ទេរ ៣៥​លាន​ផោន (៤៥​លាន​ដុល្លារ​) និង​ចុះកិច្ចសន្យា​រយៈពេល ៦​ឆ្នាំ​។

​ប៉ុន្តែ​លក្ខខណ្ឌ​ផ្ទេរ​របស់​អ្នកចាំទី​សញ្ជាតិ​បែ​ល​ហ្សិ​ក វ័យ​២៦​ឆ្នាំ​រូបនេះ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការចាកចេញ​របស់​ខ្សែបម្រើ Mateo Kovacic ពី​ទឹកដី Bernabéu ទៅ​ចូលរួម​ជាមួយ Chelsea វិញ​ដែរ​។ ក្រុម​រហស្សនាម​ស្តេច​សបាន​យល់ព្រម​ឲ្យ​សមាជិក​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី វ័យ​២៤​ឆ្នាំ​រូបនេះ​ទៅ​ឲ្យ​ក្លិប​តោ​ខៀវខ្ចី​ជើង​ក្នុង​រយៈពេល​វែង បើ​ទោះ​មាន​ក្លិប​ធំៗ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​រូបគេ ដោយ​ហ៊ាន​ឲ្យ​តម្លៃ​ខ្លួន​ថ្លៃ​ទៀតផង​៕



Tag:
 បាល់ទាត់​
  Chelsea
  Kepa Arrizabalaga
  Thibaut Courtois
  Real Madrid
  Mateo Kovacic
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1011next