អន្តរជាតិ
អ៊ីរ៉ង់ក្រើនរំឭកកូរ៉េខាងជើង៖ អាមេរិកមិនអាចជឿបានទេ ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី (ស្ដាំ) ជជែកជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ (ឆ្វេង) ។ រូបភាព AFP
× ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី នៅថ្ងៃទី៨ ខែសីហា បានប្រាប់ប្រមុខការទូតកូរ៉េខាងជើង រី យ៉ុងហូ ថា អាមេរិកមិនអាចជឿជាក់បានទេ។ លោក រូហានី និយាយបែបនេះ ស្របពេលដែលអាមេរិកកំពុងស្វះស្វែងបញ្ចប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ សម្រាប់មេដឹកនាំអ៊ីរ៉ង់ អាមេរិកមិនអាចទុកចិត្តបាន ព្រោះហ៊ានដើរចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ហើយបែរទៅដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ទៅទៀត។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង រី យ៉ុងហូ បានទៅដល់ទឹកដីអ៊ីរ៉ង់ ស្របពេលដែលអាមេរិកចាប់ផ្ដើមអនុវត្តទណ្ឌកម្មលើអ៊ីរ៉ង់ឡើងវិញ។ ទណ្ឌកម្មនេះបានផ្អាក បន្ទាប់ពីអាមេរិក និងមហាអំណាចផ្សេងទៀត បានចុះកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រជាមួយអ៊ីរ៉ង់ សំដៅផ្អាកកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ជាថ្នូរនឹងការលើកឡើងទណ្ឌកម្មសេដ្ឋកិច្ច។ ប៉ុន្តែអាមេរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនជាឯកតោភាគី។
នាជំនួបថ្ងៃទី៨ ខែសីហា ប្រធានាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី បានប្រាប់លោក រី ថា សកម្មភាពរបស់អាមេរិកនៅឆ្នាំថ្មីៗនេះ ធ្វើឲ្យប្រទេសនេះក្លាយជារដ្ឋមិនអាចទុកចិត្តបានទេសម្រាប់ពិភពលោក ព្រោះមិនអាចបំពេញកាត្វកិច្ចរបស់ខ្លួនបាន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ដែលស្រង់សម្ដីលោក រូហានី ទៀតថា ក្នុងស្ថានភាពបច្ចុប្បន្ន ប្រទេសនានាគួរពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
សម្ដីរបស់ប្រធានាធិបតីអ៊ីរ៉ង់ ជាសារក្រើនរំឭកមួយសម្រាប់កូរ៉េខាងជើង ដែលកំពុងចរចាជាមួយអាមេរិកលើបញ្ហានុយក្លេអ៊ែរនេះដែរ។ លោក រូហានី ចង់បានន័យថា ទោះមានកិច្ចព្រមព្រៀង ក៏អាមេរិកអាចប្ដូរពាក្យវិញដែរ។ លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានឯកភាពគ្នានាជំនួបនៅសិង្ហបុរីក្នុងការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើងទាំងស្រុង។ ប៉ុន្តែក្នុងពេលជិតពីរខែមកនេះ ដំណើរការលុបបំបាត់នុយក្លេអ៊ែរ ធ្វើឡើងយឺតៗ និងមិនសូវមានលទ្ធផលផ្លែផ្កាតាមការឯកភាពគ្នាប៉ុន្មានឡើយ។
ជុំវិញបញ្ហានេះ ប្រមុខការទូតកូរ៉េខាងជើងបានប្រាប់លោក រូហានី ថា ការដកខ្លួនរបស់ក្រុងវ៉ាស៊ីនតោនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥ និងការដាក់ទណ្ឌកម្មឡើងវិញ គឺជាសកម្មភាពប្រឆាំងច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។ ដោយចង់សំដៅអាមេរិក លោក រី ក៏ប្រកាសពីយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងដែរ គឺពង្រឹងទំនាក់ទំនងជាមួយអ៊ីរ៉ង់ និងប្រឆាំងនយោបាយឯកតោភាគីនិយម។
ខុសពីកិច្ចព្រមព្រៀងសិង្ហបុរីដែលលោកបង្កើតដោយផ្ទាល់ លោក ត្រាំ មិនដែលពេញចិត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងមហាអំណាចជាមួយអ៊ីរ៉ង់ឡើយ។ លោកចាត់ទុកវាជាកិច្ចព្រមព្រៀងអាក្រក់បំផុត ព្រោះមិនបានបញ្ចូលកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ឡើយ ដែលមីស៊ីលនេះជាការគំរាមកំហែងដ៏ធំរបស់អាមេរិក។ កន្លងមក លោក ត្រាំ ក៏ធ្លាប់បើកផ្លូវចរចាឡើងវិញដែរ ប៉ុន្តែក្រុងតេហេរ៉ង់លែងជឿអាមេរិកទៅហើយ៕
Tag:
អ៊ីរ៉ង់
កូរ៉េខាងជើង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com