កីឡាជាតិ
ជាតិ
ឈិន ឈឿន ផ្ញើ​សារ​សោកស្តាយ​ទៅ ប្រាក់ មុន្នី​ឧ​ត្ត​ម ក្រោយ​ទ័ព​ឈ្នះ​ស្វាយរៀង​
09, Aug 2018 , 5:26 pm        
រូបភាព
រូបពីហ្វេសប៊ុក ឈិន ឈឿន
រូបពីហ្វេសប៊ុក ឈិន ឈឿន
ដោយ:
​ខ្សែបម្រើ​ក្លិប​ក្រសួងការពារជាតិ​កីឡាករ ឈិន ឈឿន បាន​សរសេរ​សារ​ចូលរួម​សោកស្តាយ​ចំពោះ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បន្ទាប់ពី​ក្រុម​ខ្លួន​បាន​ទម្លាក់ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ត្រឹម​វគ្គ​១/៤​។ ក្រៅពី​រំលឹក​អនុស្សាវរីយ៍​នៃ​ការ​រាប់អាន និង​ការលេង​បាល់ទាត់​ជា​គូ​បក្ស​ដិ​បក្ស ឈិន ឈឿន បាន​និយាយថា រូបគេ​និង ប្រាក់ មុន្នី​ឧ​ត្ត​ម តែងតែ​ហៅ​ទូរស័ព្ទ​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក រៀងរាល់​ចប់​ការប្រកួត​ម្តងៗ​។

 


​ក្រុម​ក្រសួងការពារជាតិ បាន​ទម្លាក់​ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៨ ត្រឹម​វគ្គ​១/៤ ដោយ​បាល់​កាត់សេចក្តី ៤-៣ កាលពី​ថ្ងៃទី​៨ ខែសីហា​។

​ប៉ុន្មាន​ម៉ោង​ក្រោយ ទ័ព យកឈ្នះ​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង ខ្សែបម្រើ ឈិន ឈឿន បាន​បង្ហោះ​រូបថត​រវាង​រូបគេ​និង ប្រាក់ មុន្នី​ឧ​ត្ត​ម មួយ​សន្លឹក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ភ្ជាប់​ជាមួយ​សារ​ចូលរួម​សោកស្តាយ​ចំពោះ ប្រាក់ មុន្នី​ឧ​ត្ត​ម យ៉ាង​ដូច្នេះ​ថា​«​បើ​និយាយ​ពី​កា​ប្រកួត​កាលពី​ថ្ងៃទី​៨ ខែសីហា វា​ពិតជា​ស្វិតស្វាញ​ខ្លាំងណាស់ តែ​គួរ​ឲ្យ​សោកស្តាយ ដែល​ក្រុម​របស់​សំលាញ់​(​ប្រាក់ មុន្នី​ឧ​ត្ត​ម​) បរាជ័យ ចូលរួម​សោកស្តាយ​ផង​ណា គ្នា​យល់​អារម្មណ៍​មួយ​នេះ បាល់ទាត់​ចាញ់ឈ្នះ​ជា​រឿង​ធម្មតា​»​។



​ក្រៅពី​បង្ហាញ​អារម្មណ៍​សោកស្តាយ​ចំពោះ ប្រាក់ មុន្នី​ឧ​ត្ត​ម ខ្សែបម្រើ​ក្រសួងការពារជាតិ​ខាងលើ បាន​រៀបរាប់​ពី​ចំណងមិត្តភាព​រវាង​រូបគេ​ជាមួយ ប្រាក់ មុន្នី​ឧ​ត្ត​ម ទៀតផង​។ លើសពីនេះ រូបគេ​បាន​រំលឹក​អនុស្សាវរីយ៍​ពី​ការ​ពើបប្រទះ​គ្នា​ក្នុង​អាជីព​បាល់ទាត់ ពេល​ពួកគេ​លេង​ក្នុង​ក្របខណ្ឌ​ក្លិប ។ 

​កីឡាករ ឈិន ឈឿន បាន​រំលឹក​យ៉ាង​ដូច្នេះ​ថា​៖«​អាសំឡាញ់ PM7(​ប្រាក់ មុន្នី​ឧ​ត្ត​ម​) បើ​និយាយ​ពី​ស្គាល់គ្នា និង​ប្រកប​អាជីព​បាល់ទាត់​ជាមួយគ្នា វា​ជាង​១០​ឆ្នាំ​ហើយ​។ បើ​ប្រកួត​ក្របខណ្ឌ​ក្លិប​មិនដឹង​ប៉ះគ្នា​ប៉ុន្មាន​រយ​ប្រកួត​នោះទេ​។ តែ​នៅពេល​ប្រកួត​ចប់​ម្ដងៗ តែងតែ​តេ​សួរសុខទុក្ខ​គ្នា​ទៅវិញទៅមក​រហូត​»៕


Tag:
 ឈិន ឈឿន​
  ប្រាក់ មុន្នី​ឧ​ត្ត​ម​
  ទ័ព​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com