កីឡាជាតិ
ជាតិ
ឈិន ឈឿន ផ្ញើសារសោកស្តាយទៅ ប្រាក់ មុន្នីឧត្តម ក្រោយទ័ពឈ្នះស្វាយរៀង រូបពីហ្វេសប៊ុក ឈិន ឈឿន
× ខ្សែបម្រើក្លិបក្រសួងការពារជាតិកីឡាករ ឈិន ឈឿន បានសរសេរសារចូលរួមសោកស្តាយចំពោះកីឡាករ ប្រាក់ មុន្នីឧត្តម បន្ទាប់ពីក្រុមខ្លួនបានទម្លាក់ ក្រុមព្រះខ័នរាជស្វាយរៀងពីពានរង្វាន់សម្តេច ហ៊ុន សែន ត្រឹមវគ្គ១/៤។ ក្រៅពីរំលឹកអនុស្សាវរីយ៍នៃការរាប់អាន និងការលេងបាល់ទាត់ជាគូបក្សដិបក្ស ឈិន ឈឿន បាននិយាយថា រូបគេនិង ប្រាក់ មុន្នីឧត្តម តែងតែហៅទូរស័ព្ទសួរសុខទុក្ខគ្នាទៅវិញទៅមក រៀងរាល់ចប់ការប្រកួតម្តងៗ។
ក្រុមក្រសួងការពារជាតិ បានទម្លាក់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀងពីពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៨ ត្រឹមវគ្គ១/៤ ដោយបាល់កាត់សេចក្តី ៤-៣ កាលពីថ្ងៃទី៨ ខែសីហា។
ប៉ុន្មានម៉ោងក្រោយ ទ័ព យកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ខ្សែបម្រើ ឈិន ឈឿន បានបង្ហោះរូបថតរវាងរូបគេនិង ប្រាក់ មុន្នីឧត្តម មួយសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់ជាមួយសារចូលរួមសោកស្តាយចំពោះ ប្រាក់ មុន្នីឧត្តម យ៉ាងដូច្នេះថា«បើនិយាយពីកាប្រកួតកាលពីថ្ងៃទី៨ ខែសីហា វាពិតជាស្វិតស្វាញខ្លាំងណាស់ តែគួរឲ្យសោកស្តាយ ដែលក្រុមរបស់សំលាញ់(ប្រាក់ មុន្នីឧត្តម) បរាជ័យ ចូលរួមសោកស្តាយផងណា គ្នាយល់អារម្មណ៍មួយនេះ បាល់ទាត់ចាញ់ឈ្នះជារឿងធម្មតា»។
ក្រៅពីបង្ហាញអារម្មណ៍សោកស្តាយចំពោះ ប្រាក់ មុន្នីឧត្តម ខ្សែបម្រើក្រសួងការពារជាតិខាងលើ បានរៀបរាប់ពីចំណងមិត្តភាពរវាងរូបគេជាមួយ ប្រាក់ មុន្នីឧត្តម ទៀតផង។ លើសពីនេះ រូបគេបានរំលឹកអនុស្សាវរីយ៍ពីការពើបប្រទះគ្នាក្នុងអាជីពបាល់ទាត់ ពេលពួកគេលេងក្នុងក្របខណ្ឌក្លិប ។
កីឡាករ ឈិន ឈឿន បានរំលឹកយ៉ាងដូច្នេះថា៖«អាសំឡាញ់ PM7(ប្រាក់ មុន្នីឧត្តម) បើនិយាយពីស្គាល់គ្នា និងប្រកបអាជីពបាល់ទាត់ជាមួយគ្នា វាជាង១០ឆ្នាំហើយ។ បើប្រកួតក្របខណ្ឌក្លិបមិនដឹងប៉ះគ្នាប៉ុន្មានរយប្រកួតនោះទេ។ តែនៅពេលប្រកួតចប់ម្ដងៗ តែងតែតេសួរសុខទុក្ខគ្នាទៅវិញទៅមករហូត»៕
Tag:
ឈិន ឈឿន
ប្រាក់ មុន្នីឧត្តម
ទ័ព
ព្រះខ័នរាជស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com