អន្តរជាតិ
ចោរលួច​មេដាយ​ប្រធានាធិបតី​បូ​លី​វី ខណៈដែល​មន្ត្រី​ម្នាក់​យក​វា​តាម​ខ្លួន​ពេល​ចូល​ផ្ទះបន
10, Aug 2018 , 7:59 am        
រូបភាព
ដោយ: ធីតា
​មេដាយ​របស់​ប្រធានាធិបតី​បូ​លី​វី Evo Morales ដែល​ស្រោប​ដោយ​គ្រឿងអលង្ការ​មាស ត្រូវបាន​ចោរលួច នៅពេលដែល​មន្ត្រី​ដែល​ទទួលខុសត្រូវ បាន​យក​វា​ទៅតាម​ខ្លួន នៅផ្ទះ​បន​មួយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។



​លោក​ប្រធានាធិបតី​បូ​លី​វី Evo Morales ត្រូវ​ថ្លែង​សន្ទរកថា​ក្នុង​ក្បួន​ព្យុះ​ហយា​ត្រា​យោធា នៅ​ក្រុង Cochabamba ដោយ​លោក​ត្រូវ​ពាក់ «​មេដាយ​សាធារណរដ្ឋ​ឆ្នាំ​១៨២៥» នៅជាប់​នឹង​ខ្លួន ប៉ុន្តែ​នៅមុន​ពិធី​ផ្លូវការ ស្រាប់តែ​មន្ត្រី​ដែល​ទទួលបន្ទុក​រៀបចំ​កម្មវិធី ប្រកាស​ពី​ការបាត់​មេដាយ​នោះ​។​

​តាម​របាយការណ៍​រប​ស់​ប៉ូលិស យន្តហោះ​របស់លោក​ប្រធានាធិបតី​ឆ្ពោះ​កាន់​ក្រុង Cochabamba ត្រូវ​ពន្យា​ពេល​។ ដោយ​មិន​ទុកពេល​ទំនេរ លោក Roberto Juan de Dios Ortiz Blanco មន្ត្រី​ដែល​ទទួលបន្ទុក​រក្សា​មេដាយ​ប្រធានាធិបតី បាន​ឆ្លៀត​ចូល​លេង​នៅតាម​ផ្ទះបន​មួយចំនួន​។​

«​ខ្ញុំ​បាន​ចូល​ផ្ទះបន​ជាច្រើន​កន្លែង បន្ទាប់មក ខ្ញុំ​បាន​ត្រឡប់​ទៅ​កន្លែង​ចត​រថយន្ត​របស់ខ្ញុំ​។ ពេលទៅដល់ ទើប​ដឹងថា វ៉ា​លី​ស​របស់ខ្ញុំ ដែល​ដាក់​មេដាយ​មេដឹកនាំ ត្រូវបាន​ចោរលួច​»​។ លោក Ortiz Blanco បាន​រ៉ាយរ៉ាប់​បែបនេះ ទៅកាន់​ភ្នាក់ងារ​ប៉ូលិស​។

​ប៉ូលិស​បូ​លី​វី បាន​បើក​ប្រតិបត្តិ​ការរុករក​មេដាយ​លោក​ប្រធានាធិបតី ដោយមាន​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន ជាពិសេស​ទូរទស្សន៍ Unitel​។ ឧ​ត្ត​ម​សេនីយ៍ Jhonney Aguolera អ្នកទទួលបន្ទុក​កង​កម្លាំង​ពិសេស​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម បាន​អះអាងថា ថា​មាន​ជនអនាមិក​ម្នាក់ បាន​រាយការណ៍​ថា  មេដាយ​ប្រធានាធិបតី​នោះ ត្រូវបាន​គេ​យកទៅ​ទុកចោល​នៅ​ព្រះវិហារ​មួយ​នៅ​កណ្តាល​ក្រុង La Paz​។​

​បើតាម AFP មេដាយ​នោះ មិនមាន​ការខូចខាត​អ្វី​នោះឡើយ ហើយ​លោក Aguolera បាន​អះអាងថា អាជ្ញាធរ បានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ​២​នាក់​រួចហើយ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិ​ប៉េ​រូ​។ ជាមួយគ្នានេះ​ផងដែរ មន្ត្រី​ដែល​ទទួលបន្ទុក​រក្សា​មេដាយ ត្រូវបាន​ចាប់ខ្លួន ហើយ​សមត្ថកិច្ច​បន្ត​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ​។​

​មេដាយ​នោះ ជា​មេដាយ​ផ្លូវការ​របស់​ប្រធានាធិបតី​បូ​លី​វី ចាប់តាំងពី​ឆ្នាំ​១៨២៥​មក ហើយ​ជាទូទៅ វា​ត្រូវបាន​រក្សាទុក​ក្នុង​បន្ទប់​សុវត្ថិភាព​មួយ​នៅ​ធនាគារកណ្តាល​។ គេ​អាចយ​កវា​ចេញ​បាន តែ​សម្រាប់​ពិធី​ផ្លូវការ​ធំៗ​របស់​ប្រធានាធិបតី​ប៉ុណ្ណោះ​។​

​លោក Evo Morales ទើបតែ​ពាក់​មេដាយ​នេះ កាលពី​ថ្ងៃទី​៦ ខែសីហា នៅ​ក្រុង Potosi នា​អំឡុងពេល​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​១៩៣​របស់​បូ​លី​វី​៕


Tag:
 បូ​លី​វី
© រក្សាសិទ្ធិដោយ thmeythmey.com