អន្តរជាតិ
ចោរលួចមេដាយប្រធានាធិបតីបូលីវី ខណៈដែលមន្ត្រីម្នាក់យកវាតាមខ្លួនពេលចូលផ្ទះបន
× មេដាយរបស់ប្រធានាធិបតីបូលីវី Evo Morales ដែលស្រោបដោយគ្រឿងអលង្ការមាស ត្រូវបានចោរលួច នៅពេលដែលមន្ត្រីដែលទទួលខុសត្រូវ បានយកវាទៅតាមខ្លួន នៅផ្ទះបនមួយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកប្រធានាធិបតីបូលីវី Evo Morales ត្រូវថ្លែងសន្ទរកថាក្នុងក្បួនព្យុះហយាត្រាយោធា នៅក្រុង Cochabamba ដោយលោកត្រូវពាក់ «មេដាយសាធារណរដ្ឋឆ្នាំ១៨២៥» នៅជាប់នឹងខ្លួន ប៉ុន្តែនៅមុនពិធីផ្លូវការ ស្រាប់តែមន្ត្រីដែលទទួលបន្ទុករៀបចំកម្មវិធី ប្រកាសពីការបាត់មេដាយនោះ។
តាមរបាយការណ៍របស់ប៉ូលិស យន្តហោះរបស់លោកប្រធានាធិបតីឆ្ពោះកាន់ក្រុង Cochabamba ត្រូវពន្យាពេល។ ដោយមិនទុកពេលទំនេរ លោក Roberto Juan de Dios Ortiz Blanco មន្ត្រីដែលទទួលបន្ទុករក្សាមេដាយប្រធានាធិបតី បានឆ្លៀតចូលលេងនៅតាមផ្ទះបនមួយចំនួន។
«ខ្ញុំបានចូលផ្ទះបនជាច្រើនកន្លែង បន្ទាប់មក ខ្ញុំបានត្រឡប់ទៅកន្លែងចតរថយន្តរបស់ខ្ញុំ។ ពេលទៅដល់ ទើបដឹងថា វ៉ាលីសរបស់ខ្ញុំ ដែលដាក់មេដាយមេដឹកនាំ ត្រូវបានចោរលួច»។ លោក Ortiz Blanco បានរ៉ាយរ៉ាប់បែបនេះ ទៅកាន់ភ្នាក់ងារប៉ូលិស។
ប៉ូលិសបូលីវី បានបើកប្រតិបត្តិការរុករកមេដាយលោកប្រធានាធិបតី ដោយមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មាន ជាពិសេសទូរទស្សន៍ Unitel។ ឧត្តមសេនីយ៍ Jhonney Aguolera អ្នកទទួលបន្ទុកកងកម្លាំងពិសេសក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម បានអះអាងថា ថាមានជនអនាមិកម្នាក់ បានរាយការណ៍ថា មេដាយប្រធានាធិបតីនោះ ត្រូវបានគេយកទៅទុកចោលនៅព្រះវិហារមួយនៅកណ្តាលក្រុង La Paz។
បើតាម AFP មេដាយនោះ មិនមានការខូចខាតអ្វីនោះឡើយ ហើយលោក Aguolera បានអះអាងថា អាជ្ញាធរ បានកំណត់អត្តសញ្ញាណជនសង្ស័យ២នាក់រួចហើយ ដែលសុទ្ធសឹងតែជាជនជាតិប៉េរូ។ ជាមួយគ្នានេះផងដែរ មន្ត្រីដែលទទួលបន្ទុករក្សាមេដាយ ត្រូវបានចាប់ខ្លួន ហើយសមត្ថកិច្ចបន្តបើកការស៊ើបអង្កេតលើករណីនេះ។
មេដាយនោះ ជាមេដាយផ្លូវការរបស់ប្រធានាធិបតីបូលីវី ចាប់តាំងពីឆ្នាំ១៨២៥មក ហើយជាទូទៅ វាត្រូវបានរក្សាទុកក្នុងបន្ទប់សុវត្ថិភាពមួយនៅធនាគារកណ្តាល។ គេអាចយកវាចេញបាន តែសម្រាប់ពិធីផ្លូវការធំៗរបស់ប្រធានាធិបតីប៉ុណ្ណោះ។
លោក Evo Morales ទើបតែពាក់មេដាយនេះ កាលពីថ្ងៃទី៦ ខែសីហា នៅក្រុង Potosi នាអំឡុងពេលនៃការប្រារព្ធពិធីបុណ្យឯករាជ្យជាតិលើកទី១៩៣របស់បូលីវី៕
© រក្សាសិទ្ធិដោយ thmeythmey.com