ជាតិ
សង្គមជាតិ
TripAdvisor ៖សំណង់អង្គរវត្តស័ក្ដិសមបំផុតសម្រាប់ពានរង្វាន់ជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យក្នុងឆ្នាំ២០១៨នេះ
× សៀមរាប៖ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីទទួលពានរង្វាន់ដែលប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ផ្ទួនៗជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្តិសាស្ដ្រល្បីៗក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨។ ថ្លែងក្នុងពិធីនេះតំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) លោកស្រី SARA Mathews បានចូលរួមអបអរសាទរចំពោះព្រះរាជាណាចក្រកម្ពុជា ដែលអង្គរវត្តត្រូវគេអ្នកទេសចរនៅជុំវិញពិភពលោកបោះឆ្នោតគាំទ្រយ៉ាងសន្ធឹកសន្ធាប់។
តំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ TripAdvisor ដែលជាវេបសារល្បីល្បាញលើពិភពលោក លោកស្រី SARA Mathews បានលើកឡើងថា សំណង់អង្គរមានចំណុចដ៏អស្ចារ្យជាច្រើន ដែលធ្វើឱ្យភ្ញៀវទេសចរមិនអាចបំភ្លេចបាន និងចង់មកម្ដងហើយចង់មកម្ដងទៀត។ អ្វីដែលលោកស្រីចាប់អារម្មណ៍នោះ គឺការទស្សនាថ្ងៃរះ និងថ្ងៃលិចនៅអង្គរវត្ត ដែលមានពន្លឺពណ៌មាសដ៏អស្ចារ្យបំផុត ធ្វើឱ្យដក់ជាប់ក្នុងចិត្តភ្ញៀវទេសចរជាច្រើន។
ចំណុចមួយទៀតដែលលោកស្រីចាប់អារម្មណ៍ដែរនោះ គឺអង្គរវត្តបានក្លាយជាទីកម្សាន្តរបស់ប្រជាពលរដ្ឋជាច្រើន ដោយពួកគេតែងប្រើពេលសម្រាកនៅទីនេះដើម្បីជួបជុំគ្រួសារពួកគេដ៏រីករាយ។
ថ្លែងក្នុងពិធីទទួលពានរង្វាន់នៅមុខប្រាសាទអង្គរវត្ត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងពីភាពអស្ចារ្យរបស់សំណង់ប្រាសាទអង្គរវត្ត ដែលធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបន្ថែមថា កន្លងមកបានជួបភ្ញៀវទេសចរជាច្រើន ហើយពួកគេបាននិយាយច្រើនពីភាពអស្ចារ្យរបស់សំណង់ប្រាសាទអង្គរវត្តនេះ។
អ្វីដែលលោករដ្ឋមន្ត្រីបានសិក្សា និងស្វែងយល់ពីចំណុចពិសេសរបស់សំណង់ប្រាសាទអង្គរវត្តនោះរួមមាន ស្ថាបត្យកម្ម ភាពអស្ចារ្យនៃព្រឹត្តិការណ៍សមរាត្រី ដែលតែងមានថ្ងៃរះចំកំពូលប្រាង្គកណ្ដាលនៅអំឡុងខែ មីនា និងខែកញ្ញាជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីការគុនគូរយ៉ាងច្បាស់ពីបុព្វបុរសខ្មែរសម័យនោះ។
លោករដ្ឋមន្ត្រីក៏បានអរគុណដល់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក៏ដូចជាអាជ្ញាធរខេត្តដែលបានរួមចំណែកក្នុងការធ្វើឱ្យអង្គរវត្តកាន់តែមានភាពល្បីល្បាញជាសាកល។
គួររម្លឹកថា ប្រាសាទអង្គរវត្ត ត្រូវបានបោះឆ្នោតគាំទ្រ៥ឆ្នាំជាប់ៗគ្នា ជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈគេហទំព័រល្បីៗ ដែលក្នុងនោះរួមមាន ឆ្នាំ២០១៤ ប្រាសាទអង្គរវត្តជាប់លេខ១ លើគេហទំព័រ ArchaeoMadness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ដ្រដ៏ទាក់ទាញបំផុតលើពិភពលោក។ ឆ្នាំ២០១៥ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ពីគេហទំព័រ TripAdvisor ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដ៏ល្បីល្បាញលើពិភពលោក។ ឆ្នាំ២០១៦ តាមរយៈគេហទំព័រ Lonely Planet ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញបំផុតលើពិភពលោក។ និងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គេហទំព័រ TripAdvisor បានបន្តផ្ទាល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ក្នុងឋានៈជាសំណង់ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យបំផុតលើពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com