អន្តរជាតិ
សិង្ហ​បុរី​ឈានដល់អាយុ ៥៣​ឆ្នាំ, ​នាយករដ្ឋមន្ត្រី​លី សៀន​ឡុង ថា​បេសកកម្ម​កសាង​សិង្ហ​បុរី​មិនទាន់​ចប់​ទេ​
09, Aug 2018 , 10:32 pm        
រូបភាព
រដ្ឋមន្រ្តីធនធានមនុស្សសិង្ហបុរីលោកស្រី Josephine Teo ជួបជាមួយប្រជាជននៅ Bishan North ក្នុងការប្រារព្ធខួបលើកទី ៥៣នៃបុណ្យឯករាជ្យ​
រដ្ឋមន្រ្តីធនធានមនុស្សសិង្ហបុរីលោកស្រី Josephine Teo ជួបជាមួយប្រជាជននៅ Bishan North ក្នុងការប្រារព្ធខួបលើកទី ៥៣នៃបុណ្យឯករាជ្យ​
សិង្ហ​បុរី​៖ ថ្ងៃ​ព្រហស្បតិ៍​ទី ៩ ខែសីហា​នេះ ប្រជាជន​សិង្ហ​បុរី​គ្រប់រូប​នាំគ្នា​ប្រារព្ធ​ខួប​ខួប​លើក​ទី ៥៣ នៃ​ការប្រកាស​ឯករាជ្យ​រប​ស់​សិង្ហ​បុរី​ពី​សហព័ន្ធ​ម៉ាឡេស៊ី​។  ថ្វីបើ​សិង្ហ​បុរី​ឈាន​ចូលដល់​ខួប ៥៣ ឆ្នាំ និង​រីកចម្រើន​ខ្លាំង​ក៏ដោយ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​លោក លី សៀន​ឡុង បានប្រកាសថា បេសកកម្ម​កសាង​និង​ផ្លាស់ប្តូរ​សិង្ហ​បុរី មិនទាន់​ចប់​ទេ ហើយ​លោក​បាន​ប្តេជ្ញា​ធ្វើយ៉ាងណា​បន្ត​បេសកកម្ម​កសាង​ប្រទេស និង​លើកស្ទួយ​ជីវភាព​ប្រជាជន​សិង្ហ​បុរី​ឲ្យ​កាន់តែ​ប្រសើរ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​ស្ថានភាព​អនាគត​ផង​ផង​។​

​តាមពិតទៅ សិង្ហ​បុរី បាន​ទទួលបាន​ស្វ័យភាព​ពី​ចក្រភព​អង់គ្លេស​នៅក្នុង​ឆ្នាំ ១៩៥៩ ប៉ុន្តែ​នៅក្នុង​ឆ្នាំ ១៩៦៣ សិង្ហ​បុរី​បានសម្រេច​ចូលរួម​រស់​ជាមួយ​សហព័ន្ធ​ម៉ា​ឡេ សា​រ៉ា​វ៉ា​ក់ (Sarawak) និង សា​បា (Sabah) ដើម្បី​បង្កើតជា​សហព័ន្ធ​ម៉ាឡេស៊ី​។ ដល់​ឆ្នាំ ១៩៦៥ ថ្ងៃ ៩ ខែសីហា សិង្ហ​បុរី​ក្រោម​ការដឹកនាំ​របស់​ស្ថាបនិក​រដ្ឋ​លី ក្វាន់​យូ បានសម្រេច​ផ្តាច់ខ្លួន​ចេញពី​សហព័ន្ធ​នេះ​ដើម្បី​បង្កើតជា​រដ្ឋ​ឯករាជ្យ និង​រស់នៅ​ដោយ​ខ្លួនឯង​វិញ​។ 
 
​មកដល់​ឆ្នាំ ២០១៨ នេះ សិង្ហ​បុរី​គ្រប់​អាយុ ៥៣​ឆ្នាំ​។ ក្នុង​ការអបអរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​គេ​ឃើញ​មានការ​ជួបជុំគ្នា​រវាង​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល ស្មារតី​ស្រលាញ់​រាប់អាន និង​ជាតិនិយម រួមជាមួយ​ការសម្តែង​នានា និង​ការដើរ​ក្បួនព្យុហយាត្រា​កងទ័ព​ជាដើម​ដែរ​។​
 
​លោក លី សៀន​ឡុង​៖ ទោះ​សម្រេច​ជោគជ័យ​ច្រើន​ក៏ដោយ ការកសាង​ជាតិ​មិនទាន់​ចប់​ឡើយ 
 
​មុន​ថ្ងៃ​ខួប​បុណ្យ​ឯករាជ្យ​ជាតិ​មកដល់​មួយថ្ងៃ លោក លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ថ្លែង​សារ​ជូន​ជនរួមជាតិ​ដោយ​លោក​លើកឡើង​ពី​ឯកភាព សាមគ្គី​ជាតិ និង​ការប្រឹងប្រែង​កសាង​ប្រទេសជាតិ​របស់​ប្រជាជន​សិង្ហ​បុរី​គ្រប់រូប​កន្លងមក។ នាយករដ្ឋមន្ត្រីរូបនេះក៏​បានលើកឡើងពីតួនាទីរបស់​សិង្ហបុរី​លើ​ឆាក​អន្តរជាតិ​ជា​ពិសេសក្នុង​ការ​រៀបចំជំនួប​កំពូល​រវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងកន្លងទៅ និងតួនាទី​របស់​សិង្ហបុរីជា​ប្រធានអាស៊ានសម្រាប់ឆ្នាំ ២០១៨នេះដែរ។
  
ពាក់ព័ន្ធនឹងបញ្ហាក្នុងស្រុក នាយករដ្ឋមន្ត្រី​រូបនេះ​ក៏បាន​ប្តេជ្ញាចិត្ត​ធានា​ផ្តល់​សេវាសាធារណ​សំខាន់ៗ​ដែលមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ដល់​ពលរដ្ឋ​សិង្ហ​បុរី​ទាំងអស់​ទោះ​មាន​ឬ​ក្រ​ក៏ដោយ​។ លោក​និយាយ​ដូច្នេះ​៖ «​នៅ​សិង្ហ​បុរី យើង​ត្រូវ​ធានាថា សេវា​សំខាន់ៗ​របស់​រដ្ឋ​មាន​គុណភាព​ខ្ពស់ និង​តម្លៃថោក​សម្រាប់​ប្រជាជន​ទាំងអស់​ទោះ​មាន​ក៏ដោយ ក្រ​ក៏ដោយ​។ នេះ​ជា​វិធី​ដែល​យើង​ជួយ​ដល់​ក្រុមគ្រួសារ​ប្រជាជន​សិង្ហ​បុរី ដើម្បី​គ្រប់គ្រង​ការចំណាយ​លើ​ការរស់នៅ​, ផ្តល់ជំនួយ​ដល់​ប្រជាជន​ដែល​ត្រូវការ ហើយ​ក្នុង​រយៈពេល​ជាង ៥០​ឆ្នាំ​មកនេះ​យើង​ធ្វើ​បានល្អ​ហើយ​»។   
​ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្នុង​សារ​ដដែល​នោះ នាយករដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា បេសកកម្ម​របស់​ប្រជាជន​សិង្ហ​បុរី​ក្នុងការ​កសាង​ជាតិ​មិនទាន់​ចប់​ត្រឹម​ប៉ុណ្ណេះ​ទេ ហើយ​អ្វីដែល​ប្រជាជន និង​រដ្ឋាភិបាល​ត្រូវធ្វើ​បន្ទាប់ គឺ​ប្រើ​ភាព​ច្នៃប្រឌិត ដើម្បី​កែប្រែ​រូបភាព​សិង្ហ​បុរី និង​ធ្វើ​ឲ្យ​សហគមន៍​ប្រសើរឡើង​ដូចគ្នា​។ ដូច្នេះហើយ រដ្ឋាភិបាល​លោក​បន្ត​ត្រួត​ពិនិត្យមើល​គោលនយោបាយ​ផ្ទះសម្បែង ប្រព័ន្ធ​អប់រំ និង​សុខ​ភិ​បាល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​លើកស្ទួយ​ឬ​ផ្លាស់ប្តូរ​ជីវភាព​ប្រជាជន​សិង្ហ​បុរី​ឲ្យ​ប្រសើរ ធានា​សុវត្ថិភាព សុខុមាលភាព និង​វិបុលភាព​។​
 
​ឆ្លៀតពេល​ជាមួយគ្នា​នោះ លោក​បានប្រកាស​ពី​គម្រោង​កសាង​ផ្ទះ​ថ្មី​របស់​រដ្ឋ​សម្រាប់​ប្រជាជន​ចាស់ៗ​ដែល​ចូលនិវត្តន៍ (Kampung Admiralty) ផងដែរ​។ ផ្ទះ​នេះ​នឹង​ជួយ​សម្រួល និង​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​វ័យ​ចំណាស់​ព្រោះ​វា​មានការ​គិតគូរ​បាន​ដិតដល់​ពី​ប្រព័ន្ធ​សុខាភិបាល​មានគុណ​ភាព​ខ្ពស់ តម្លៃ​សមរម្យ  រួមទាំង​សម្ភារ​ផ្សេងទៀត​សម្រាប់​ថែរក្សា​សុខុមាលភាព​ចាស់ជរា​ផងដែរ​។​
 
សូមទស្សនារូបភាពខ្លះៗនៃការប្រារព្ធខួបឯករាជ្យសិង្ហបុរី៖ 


 






 










 



 

© រក្សាសិទ្ធិដោយ thmeythmey.com