សិង្ហបុរី៖ ថ្ងៃព្រហស្បតិ៍ទី ៩ ខែសីហានេះ ប្រជាជនសិង្ហបុរីគ្រប់រូបនាំគ្នាប្រារព្ធខួបខួបលើកទី ៥៣ នៃការប្រកាសឯករាជ្យរបស់សិង្ហបុរីពីសហព័ន្ធម៉ាឡេស៊ី។ ថ្វីបើសិង្ហបុរីឈានចូលដល់ខួប ៥៣ ឆ្នាំ និងរីកចម្រើនខ្លាំងក៏ដោយ ប្រមុខរដ្ឋាភិបាលសិង្ហបុរីលោក លី សៀនឡុង បានប្រកាសថា បេសកកម្មកសាងនិងផ្លាស់ប្តូរសិង្ហបុរី មិនទាន់ចប់ទេ ហើយលោកបានប្តេជ្ញាធ្វើយ៉ាងណាបន្តបេសកកម្មកសាងប្រទេស និងលើកស្ទួយជីវភាពប្រជាជនសិង្ហបុរីឲ្យកាន់តែប្រសើរ ក៏ដូចជាឆ្លើយតបទៅនឹងស្ថានភាពអនាគតផងផង។
តាមពិតទៅ សិង្ហបុរី បានទទួលបានស្វ័យភាពពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ ១៩៥៩ ប៉ុន្តែនៅក្នុងឆ្នាំ ១៩៦៣ សិង្ហបុរីបានសម្រេចចូលរួមរស់ជាមួយសហព័ន្ធម៉ាឡេ សារ៉ាវ៉ាក់ (Sarawak) និង សាបា (Sabah) ដើម្បីបង្កើតជាសហព័ន្ធម៉ាឡេស៊ី។ ដល់ឆ្នាំ ១៩៦៥ ថ្ងៃ ៩ ខែសីហា សិង្ហបុរីក្រោមការដឹកនាំរបស់ស្ថាបនិករដ្ឋលី ក្វាន់យូ បានសម្រេចផ្តាច់ខ្លួនចេញពីសហព័ន្ធនេះដើម្បីបង្កើតជារដ្ឋឯករាជ្យ និងរស់នៅដោយខ្លួនឯងវិញ។
មកដល់ឆ្នាំ ២០១៨ នេះ សិង្ហបុរីគ្រប់អាយុ ៥៣ឆ្នាំ។ ក្នុងការអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះគេឃើញមានការជួបជុំគ្នារវាងប្រជាពលរដ្ឋនៅតាមសហគមន៍ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្មារតីស្រលាញ់រាប់អាន និងជាតិនិយម រួមជាមួយការសម្តែងនានា និងការដើរក្បួនព្យុហយាត្រាកងទ័ពជាដើមដែរ។
លោក លី សៀនឡុង៖ ទោះសម្រេចជោគជ័យច្រើនក៏ដោយ ការកសាងជាតិមិនទាន់ចប់ឡើយ
មុនថ្ងៃខួបបុណ្យឯករាជ្យជាតិមកដល់មួយថ្ងៃ លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងសារជូនជនរួមជាតិដោយលោកលើកឡើងពីឯកភាព សាមគ្គីជាតិ និងការប្រឹងប្រែងកសាងប្រទេសជាតិរបស់ប្រជាជនសិង្ហបុរីគ្រប់រូបកន្លងមក។ នាយករដ្ឋមន្ត្រីរូបនេះក៏បានលើកឡើងពីតួនាទីរបស់សិង្ហបុរីលើឆាកអន្តរជាតិជាពិសេសក្នុងការរៀបចំជំនួបកំពូលរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងកន្លងទៅ និងតួនាទីរបស់សិង្ហបុរីជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០១៨នេះដែរ។
ពាក់ព័ន្ធនឹងបញ្ហាក្នុងស្រុក នាយករដ្ឋមន្ត្រីរូបនេះក៏បានប្តេជ្ញាចិត្តធានាផ្តល់សេវាសាធារណសំខាន់ៗដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដល់ពលរដ្ឋសិង្ហបុរីទាំងអស់ទោះមានឬក្រក៏ដោយ។ លោកនិយាយដូច្នេះ៖ «នៅសិង្ហបុរី យើងត្រូវធានាថា សេវាសំខាន់ៗរបស់រដ្ឋមានគុណភាពខ្ពស់ និងតម្លៃថោកសម្រាប់ប្រជាជនទាំងអស់ទោះមានក៏ដោយ ក្រក៏ដោយ។ នេះជាវិធីដែលយើងជួយដល់ក្រុមគ្រួសារប្រជាជនសិង្ហបុរី ដើម្បីគ្រប់គ្រងការចំណាយលើការរស់នៅ, ផ្តល់ជំនួយដល់ប្រជាជនដែលត្រូវការ ហើយក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះយើងធ្វើបានល្អហើយ»។
ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុងសារដដែលនោះ នាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា បេសកកម្មរបស់ប្រជាជនសិង្ហបុរីក្នុងការកសាងជាតិមិនទាន់ចប់ត្រឹមប៉ុណ្ណេះទេ ហើយអ្វីដែលប្រជាជន និងរដ្ឋាភិបាលត្រូវធ្វើបន្ទាប់ គឺប្រើភាពច្នៃប្រឌិត ដើម្បីកែប្រែរូបភាពសិង្ហបុរី និងធ្វើឲ្យសហគមន៍ប្រសើរឡើងដូចគ្នា។ ដូច្នេះហើយ រដ្ឋាភិបាលលោកបន្តត្រួតពិនិត្យមើលគោលនយោបាយផ្ទះសម្បែង ប្រព័ន្ធអប់រំ និងសុខភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្នុងគោលបំណងធ្វើយ៉ាងណាលើកស្ទួយឬផ្លាស់ប្តូរជីវភាពប្រជាជនសិង្ហបុរីឲ្យប្រសើរ ធានាសុវត្ថិភាព សុខុមាលភាព និងវិបុលភាព។
ឆ្លៀតពេលជាមួយគ្នានោះ លោកបានប្រកាសពីគម្រោងកសាងផ្ទះថ្មីរបស់រដ្ឋសម្រាប់ប្រជាជនចាស់ៗដែលចូលនិវត្តន៍ (Kampung Admiralty) ផងដែរ។ ផ្ទះនេះនឹងជួយសម្រួល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនវ័យចំណាស់ព្រោះវាមានការគិតគូរបានដិតដល់ពីប្រព័ន្ធសុខាភិបាលមានគុណភាពខ្ពស់ តម្លៃសមរម្យ រួមទាំងសម្ភារផ្សេងទៀតសម្រាប់ថែរក្សាសុខុមាលភាពចាស់ជរាផងដែរ។
សូមទស្សនារូបភាពខ្លះៗនៃការប្រារព្ធខួបឯករាជ្យសិង្ហបុរី៖