ជាតិ
ព័ត៌មានដែលថាសម្តេច ហ៊ុន សែន ចែកអាសនៈឲ្យបក្សផ្សេង គឺក្លែងក្លាយ សារក្លែងក្លាយដែលសរសេរដោយអនាមិកជន
× ការប្រកាសរបស់សម្តេច ហ៊ុន សែន តាមទំព័រហ្វេសប៊ុក ថាចែកអាសនៈរដ្ឋសភា២ទៅឲ្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង២ទៀត ទៅឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច គឺមិនមែនជាព័ត៌មានពិតនោះទេ។ លោក ដួង តារា អ្នកគ្របគ្រង់ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានប្រាប់ Fresh News ថា ហ្វេសប៊ុករបស់សម្តេច ត្រូវបានគេលួចចូល (Hack) នៅព្រឹកថ្ងៃទី១០ ខែសីហានេះ ហើយក៏បង្ហោះព័ត៌មាននេះតែម្តង។
សារក្លែងក្លាយស្តីពីការបែងចែកអាសនៈឲ្យគណបក្សផ្សេង ដែលត្រូវបានគេលួចទៅសរសេរ ហើយបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ស្រដៀងនឹងសារលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានសរសេរកាលពីពេលថ្មីៗនេះ យ៉ាងដូច្នេះថា៖«[….] ដោយសារតែគេ ចំអកឲ្យខ្លាំងពេក លោក ហ៊ុន សែន នឹងលៃលកយ៉ាងណា ឲ្យគណបក្សតូចៗ ទទួលបាន ៤-៥ កៅអី ដើម្បីកុំឲ្យអាក្រក់មើលពេក [....]។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនបកស្រាយឡើយថា ការបែងចែកអាសនៈ អាចធ្វើបានឬមិនបាន។ លោក គ្រាន់តែបញ្ជាក់ថា មកដល់ពេលនេះ គ.ជ.ប មិនទាន់ប្រកាសលទ្ធផលផ្លូវការស្តីពីការបែងចែកអាសនៈនោះទេ។ តាមការគ្រោងទុក លទ្ធផលផ្លូវការនេះ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
ទោះជាមិនបញ្ជាក់ឲ្យចំថាការបែងចែកអាសនៈអាចធ្វើបាន ឬមិនអាចធ្វើបានក្តី តែអ្នកនាំពាក្យខាងលើ លើកឡើងថា ការបែងចែកអាសនៈនេះ ពុំមានចែងនៅច្បាប់ឡើយ។ ប៉ុន្តែ លោក បានអះអាងថា បើមានការបែងចែកការអាសនៈមែននោះ វា ពាក់ព័ន្ធនឹងរឿងនយោបាយ ជាជាងផ្លូវច្បាប់។
លោក បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«គ.ជ.ប ធ្វើការងារតាមបច្ចេកទេស និងច្បាប់ ហើយការបែងចែកអាសនៈ ឬមិនបែងចែក ជាសិទ្ធិរបស់គណបក្ស»៕
© រក្សាសិទ្ធិដោយ thmeythmey.com