ជាតិ
លោក ខៀវ សុភ័គ ៖ អ្នក Hack ហ្វេសប៊ុកសម្ដេច ហ៊ុន សែន នៅក្រៅប្រទេស រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
× ភ្នំពេញ៖ មកដល់ពេលនេះ ហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនអនាមិក (Hacker)នៅឡើយ។ សមត្ថកិច្ចកំពុងដោះស្រាយបញ្ហានេះ ជូនប្រមុខរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ចកំពុងតាមដាន និងដោះស្រាយបញ្ហាគណនីហ្វេសប៊ុកសម្ដេចនេះ យកមកគ្រប់គ្រង១០០ភាគរយវិញ។
ចំពោះការលួច(Hack)គណនីហ្វេសប៊ុកនាយករដ្ឋមន្ត្រីគ្រប់គ្រងនេះ ខាងសមត្ថកិច្ចមិនទាន់អាចកំណត់មុខសញ្ញាបានច្បាស់នៅទេ ប៉ុន្តែសមត្ថកិច្ច គ្រាន់តែអាចសន្និដ្ឋានបឋមថា ជនអនាមិក ដែលចូលលួចគណនីនេះ គឺកំពុងស្ថិតនៅក្រៅប្រទេស។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភ័គ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងកំណត់បានអាស័យដ្ឋានក្រុមអនាមិកនេះ នៅក្រៅប្រទេស ប៉ុន្តែយើងមិនទាន់អាចកំណត់ថា ប្រទេសណាមួយទេ ។ ហើយយើងកំពុងតាមដានករណីនេះ យ៉ាងយកចិត្តទុកដាក់»។
នៅម៉ោងជាង១១ព្រឹក ថ្ងៃទី១០ សីហានេះ ហ្វេសប៊ុកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារនិយាយពីរឿងចែកអាសនៈរដ្ឋសភាចំនួន៤ ដែលគណបក្សប្រជាជនកម្ពុជា ឈ្នះទៅឲ្យគណបក្សចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ប៉ុន្តែក្រោយមកលោក ដួង តារា អ្នកគ្របគ្រង់ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានប្រាប់ Fresh News ថា ហ្វេសប៊ុករបស់សម្តេច ត្រូវបានគេលួចចូល (Hack) នៅព្រឹកថ្ងៃទី១០ ខែសីហានេះ ហើយក៏បង្ហោះព័ត៌មាននេះតែម្តង។
សារក្លែងក្លាយស្តីពីការបែងចែកអាសនៈឲ្យគណបក្សផ្សេង ដែលត្រូវបានគេលួចទៅសរសេរ ហើយបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន ស្រដៀងនឹងសារលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ លោក សម រង្ស៊ី បានសរសេរកាលពីពេលថ្មីៗនេះ យ៉ាងដូច្នេះថា៖«[….] ដោយសារតែគេ ចំអកឲ្យខ្លាំងពេក លោក ហ៊ុន សែន នឹងលៃលកយ៉ាងណា ឲ្យគណបក្សតូចៗ ទទួលបាន ៤-៥ កៅអី ដើម្បីកុំឲ្យអាក្រក់មើលពេក [....]៕
Tag:
ខៀវ សុភ័គ
ហ៊ុន សែន
ហ្វេសប៊ុក
© រក្សាសិទ្ធិដោយ thmeythmey.com