ជាតិ
លោក ខៀវ សុភ័គ ៖ អ្នក Hack ហ្វេ​ស​ប៊ុ​ក​សម្ដេច ហ៊ុន សែន នៅក្រៅ​ប្រទេស​
10, Aug 2018 , 3:46 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
​ភ្នំពេញ​៖ មកដល់ពេលនេះ ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន កំពុងស្ថិត​នៅក្រោម​ការ​គ្រប់គ្រង​របស់​ជនអនាមិក (Hacker)​នៅឡើយ​។ សមត្ថកិច្ច​កំពុង​ដោះស្រាយ​បញ្ហា​នេះ ជូន​ប្រមុខ​រដ្ឋាភិបាល​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​បញ្ជាក់ថា នៅពេលនេះ សមត្ថកិច្ច​កំពុង​តាមដាន និង​ដោះស្រាយ​បញ្ហា​គណនី​ហ្វេ​ស​ប៊ុ​ក​សម្ដេច​នេះ យកមក​គ្រប់គ្រង​១០០​ភាគរយ​វិញ​។

​ចំពោះ​ការ​លួច​(Hack)​គណនី​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី​គ្រប់គ្រង​នេះ ខាង​សមត្ថកិច្ច​មិនទាន់​អាច​កំណត់​មុខសញ្ញា​បាន​ច្បាស់​នៅទេ ប៉ុន្តែ​សមត្ថកិច្ច គ្រាន់តែ​អាចសន្និដ្ឋាន​បឋម​ថា ជនអនាមិក ដែល​ចូល​លួច​គណនី​នេះ គឺ​កំពុង​ស្ថិតនៅ​ក្រៅប្រទេស​។ នេះ​ជាការ​បញ្ជាក់​របស់លោក ខៀវ សុភ័គ​។​



​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នក​នាំ​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​កំណត់​បាន​អាស័យដ្ឋាន​ក្រុម​អនាមិក​នេះ នៅក្រៅ​ប្រទេស ប៉ុន្តែ​យើង​មិនទាន់​អាច​កំណត់ថា ប្រទេស​ណាមួយ​ទេ ។ ហើយ​យើង​កំពុង​តាមដាន​ករណីនេះ យ៉ាង​យកចិត្តទុកដាក់​»​។​

​នៅ​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​១០ សីហា​នេះ ហ្វេ​ស​ប៊ុ​ក​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​សារ​និយាយ​ពី​រឿង​ចែក​អាសនៈ​រដ្ឋសភា​ចំនួន​៤ ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ទៅ​ឲ្យ​គណបក្ស​ចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ក្រោយមក​លោក ដួង តារា អ្នក​គ្រប​គ្រង់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បាន​ប្រាប់ Fresh News ថា ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ត្រូវបាន​គេ​លួច​ចូល (Hack) នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា​នេះ ហើយក៏​បង្ហោះ​ព័ត៌មាន​នេះ​តែម្តង​។​

អត្ថបទទាក់ទង


​សារ​ក្លែងក្លាយ​ស្តីពី​ការបែងចែក​អាសនៈ​ឲ្យ​គណបក្ស​ផ្សេង ដែល​ត្រូវបាន​គេ​លួច​ទៅ​សរសេរ ហើយ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន ស្រដៀង​នឹង​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក សម រង្ស៊ី​។ លោក សម រង្ស៊ី បាន​សរសេរ​កាលពីពេល​ថ្មីៗ​នេះ យ៉ាង​ដូច្នេះ​ថា​៖«[….] ដោយសារតែ​គេ ចំអក​ឲ្យ​ខ្លាំងពេក លោក ហ៊ុន សែន នឹង​លៃលក​យ៉ាងណា ឲ្យ​គណបក្ស​តូចៗ ទទួលបាន ៤-៥ កៅអី ដើម្បី​កុំ​ឲ្យ​អាក្រក់​មើល​ពេក [....]៕


Tag:
 ខៀវ សុភ័គ​
  ហ៊ុន សែន​
  ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com