អន្តរជាតិ
កូរ៉េខាងជើងចោទអាមេរិកថា បង្កអស្ថិរភាព ខណៈមេដឹកនាំកូរ៉េគ្រោងជួបគ្នាលើកទីបី លោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន នាជំនួបកន្លងមក (រូបភាព AFP)
× មន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរ នឹងជួបគ្នានៅដើមសប្ដាហ៍ក្រោយដើម្បីជជែកពីការត្រៀមខ្លួនរៀបចំជំនួបមេដឹកនាំអន្តរកូរ៉េលើកទីបី ស្របពេលស្ថានការណ៍នៅឧបទ្វីបកូរ៉េបានធូរស្រាលជាលំដាប់។ ប៉ុន្តែកូរ៉េខាងជើងបានចោទសហរដ្ឋអាមេរិកថា កំពុងបង្កើតអស្ថិរភាពនៅឧបទ្វីបកូរ៉េតាមរយៈការដាក់ទណ្ឌកម្មលើខ្លួន។ សម្រាប់កូរ៉េខាងជើង សកម្មភាពរបស់អាមេរិក អាចបង្កបញ្ហាដល់ស្ថានភាពល្អប្រសើរដល់ទំនាក់ទំនងកូរ៉េទាំងពីរ។
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃទី៩ ខែសីហា បានចេញសេចក្ដីថ្លែងការណ៍រិះគន់អាមេរិកដែលចង់ដាក់ទណ្ឌកម្មលើខ្លួនកាន់តែច្រើនថែមទៀត។ កូរ៉េខាងជើងគំរាមថា ទង្វើរបស់អាមេរិកជាការបង្កគ្រោះថ្នាក់សម្រាប់ឧបទ្វីបកូរ៉េ និងការរំសាយនុយក្លេអ៊ែរផង ស្របពេលដែលមេដឹកនាំកូរ៉េទាំងពីរគ្រោងជួបគ្នាជាលើកទីបីនៅពេលខាងមុខ។
តាមគម្រោង កូរ៉េទាំងពីរនឹងមានជំនួបមន្ត្រីជាន់ខ្ពស់នៅសប្ដាហ៍ក្រោយដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ូន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ វានឹងក្លាយជាជំនួបលើកទីបីរវាងលោក មូន និងលោក គីម ក្រោយជំនួបខែមេសានៅទឹកដីកូរ៉េខាងត្បូង និងនៅខែឧសភានៅទឹកដីកូរ៉េខាងជើងវិញ។ ប៉ុន្តែពេលវេលា និងទីកន្លែងជាក់លាក់មិនទាន់កំណត់នៅឡើយទេ បើទោះជាមេដឹកនាំទាំងពីរធ្លាប់យល់ព្រមជួបគ្នានៅកូរ៉េខាងជើងក្ដី។
យ៉ាងណាមិញ ទំនាក់ទំនងអន្តរកូរ៉េដែលកំពុងល្អប្រសើរនេះ អាចរលាយទៅវិញបើអាមេរិកបន្តសកម្មភាពរបស់ខ្លួនទៀត។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងជើងបញ្ជាក់ថា៖ «គ្មានការធានាអ្វីឡើយថា បរិយាកាសស្ថិរភាពនៅឧបទ្វីបកូរ៉េដែលរកបានទាំងលំបាកអាចបន្តឡើយ។» នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
តាមពិតទៅ ទោះជាស្ថានការណ៍នៅឧបទ្វីបធូរស្រាលក្ដី ដំណើការរំសាយនុយក្លេអ៊ែរបានដើរទៅមុខយឺតៗប៉ុណ្ណោះ។ ក្រៅតែពីជំនួបមេដឹកនាំកូរ៉េទាំងពីរកន្លងមក មេដឹកនាំអាមេរិក និងកូរ៉េខាងជើងក៏បានជួបគ្នាជាលើកដំបូងថែមទៀតដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃមួយនេះ។ ទោះជាបានព្រមព្រៀងគ្នារហូតមានសេចក្ដីថ្លែងការណ៍រួមក្ដី ការលុបបំបាត់នុយក្លេអ៊ែរនៅតែស្ថិតលើផ្លូវវែងឆ្ងាយដដែល ហើយក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងបានត្រឹមជះទឹកដាក់គ្នាប៉ុណ្ណោះ។
ម្ដងជាពីរដង អាមេរិកបានប្រាប់ឲ្យកូរ៉េខាងជើងពន្លឿនការរំសាយនុយក្លេអ៊ែរឲ្យបានឆាប់តាមការឯកភាពគ្នានៅសិង្ហបុរី បើចង់រួចខ្លួនពីទណ្ឌកម្ម។ ពោល គឺគ្មានការរំសាយនុយក្លេអ៊ែរ គ្មានការផ្អាកទណ្ឌកម្ម។ ប៉ុន្តែកូរ៉េខាងជើងវិញបានចោទអាមេរិកថា ធ្វើចរិតកោងកាច បង្ខំឲ្យខ្លួនធ្វើការតែម្នាក់ឯង រួចគំរាមដាក់ទណ្ឌកម្មថែមទៀត បើទោះជាកូរ៉េខាងជើងបានកម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរ និងផ្អាកការសាកល្បងរាប់សិបខែរួចមកក្ដី៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com