អន្តរជាតិ
កូរ៉េខាងជើង​ចោទ​អាមេរិក​ថា បង្ក​អស្ថិរភាព ខណៈ​មេដឹកនាំ​កូរ៉េ​គ្រោង​ជួបគ្នា​លើក​ទី​បី​
10, Aug 2018 , 4:48 pm        
រូបភាព
លោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន នាជំនួបកន្លងមក (រូបភាព  AFP)
លោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន នាជំនួបកន្លងមក (រូបភាព AFP)
​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ទាំងពីរ នឹង​ជួបគ្នា​នៅ​ដើម​សប្ដាហ៍​ក្រោយ​ដើម្បី​ជជែក​ពី​ការត្រៀមខ្លួន​រៀបចំ​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​លើក​ទី​បី ស្របពេល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​បាន​ធូរស្រាល​ជា​លំដាប់​។ ប៉ុន្តែ​កូរ៉េខាងជើង​បាន​ចោទ​សហរដ្ឋអាមេរិក​ថា កំពុង​បង្កើត​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​ខ្លួន​។ សម្រាប់​កូរ៉េខាងជើង សកម្មភាព​របស់​អាមេរិក អាច​បង្កបញ្ហា​ដល់​ស្ថានភាព​ល្អប្រសើរ​ដល់​ទំនាក់ទំនង​កូរ៉េ​ទាំងពីរ​។​



​​ក្រសួងការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃទី​៩ ខែសីហា បានចេញ​សេចក្ដីថ្លែងការណ៍​រិះគន់​អាមេរិក​ដែល​ចង់​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​កាន់តែច្រើន​ថែមទៀត​។ កូរ៉េខាងជើង​គំរាមថា ទង្វើ​របស់​អាមេរិក​ជាការ​បង្ក​គ្រោះថ្នាក់​សម្រាប់​ឧបទ្វីប​កូរ៉េ និង​ការរំសាយ​នុយក្លេអ៊ែរ​ផង ស្រប​ពេលដែល​មេដឹកនាំ​កូរ៉េ​ទាំងពីរ​គ្រោង​ជួបគ្នា​ជា​លើក​ទី​បី​នៅពេល​ខាងមុខ​។ 

​តាម​គម្រោង កូរ៉េ​ទាំងពីរ​នឹងមាន​ជំនួប​មន្ត្រីជាន់ខ្ពស់​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ូ​ន និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ។ វា​នឹង​ក្លាយជា​ជំនួប​លើក​ទី​បី​រវាង​លោក មូ​ន និង​លោក គីម ក្រោយ​ជំនួប​ខែមេសា​នៅ​ទឹកដី​កូរ៉េខាងត្បូង និង​នៅ​ខែឧសភា​នៅ​ទឹកដី​កូរ៉េខាងជើង​វិញ​។ ប៉ុន្តែ​ពេលវេលា និង​ទីកន្លែង​ជាក់លាក់​មិនទាន់​កំណត់​នៅឡើយ​ទេ បើទោះជា​មេដឹកនាំ​ទាំងពីរ​ធ្លាប់​យល់ព្រម​ជួបគ្នា​នៅ​កូរ៉េខាងជើង​ក្ដី​។

​យ៉ាងណាមិញ ទំនាក់ទំនង​អន្តរ​កូរ៉េ​ដែល​កំពុង​ល្អប្រសើរ​នេះ អាច​រលាយ​ទៅវិញ​បើ​អាមេរិក​បន្តសកម្មភាព​របស់ខ្លួន​ទៀត​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន ក្រសួងការបរទេស​កូរ៉េខាងជើង​បញ្ជាក់ថា​៖ «​គ្មាន​ការធានា​អ្វី​ឡើយ​ថា បរិយាកាស​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែល​រកបាន​ទាំង​លំបាក​អាច​បន្ត​ឡើយ​។​» នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​

​តាមពិតទៅ ទោះជា​ស្ថានការណ៍​នៅ​ឧបទ្វីប​ធូរស្រាល​ក្ដី ដំណើការ​រំសាយ​នុយក្លេអ៊ែរ​បាន​ដើរ​ទៅមុខ​យឺតៗ​ប៉ុណ្ណោះ​។ ក្រៅតែពី​ជំនួប​មេដឹកនាំ​កូរ៉េ​ទាំងពីរ​កន្លងមក មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​ក៏បាន​ជួបគ្នា​ជា​លើ​កដំបូង​ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​មួយ​នេះ​។ ទោះជា​បាន​ព្រមព្រៀងគ្នា​រហូត​មាន​សេចក្ដីថ្លែងការណ៍​រួម​ក្ដី ការលុបបំបាត់​នុយក្លេអ៊ែ​រ​នៅតែ​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ដដែល ហើយ​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង​បាន​ត្រឹម​ជះ​ទឹក​ដាក់គ្នា​ប៉ុណ្ណោះ​។​

​ម្ដង​ជា​ពីរដង អាមេរិក​បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ព​ន្លឿ​ន​ការរំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​ឆាប់​តាម​ការឯកភាព​គ្នា​នៅ​សិង្ហ​បុរី បើ​ចង់​រួចខ្លួន​ពី​ទណ្ឌកម្ម​។ ពោល គឺ​គ្មាន​ការរំសាយ​នុយក្លេអ៊ែរ គ្មាន​ការផ្អាក​ទណ្ឌកម្ម​។ ប៉ុន្តែ​កូរ៉េខាងជើង​វិញ​បាន​ចោទ​អាមេរិក​ថា ធ្វើ​ចរិត​កោងកាច បង្ខំ​ឲ្យ​ខ្លួន​ធ្វើការ​តែម្នាក់ឯង រួច​គំរាម​ដាក់ទណ្ឌកម្ម​ថែមទៀត បើទោះជា​កូរ៉េខាងជើង​បាន​កម្ទេច​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ និង​ផ្អាក​ការសាកល្បង​រាប់សិប​ខែ​រួចមក​ក្ដី​៕ 


Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com