ព្រះ​តេជគុណ គូ សុភាព បង្កើត​ថ្នាក់​សិក្សា​ពី​ព្រះធម៌ និង​សមាធិ ដើម្បី​ជួយ​ដល់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​
ជាតិ
ព្រះ​តេជគុណ គូ សុភាព បង្កើត​ថ្នាក់​សិក្សា​ពី​ព្រះធម៌ និង​សមាធិ ដើម្បី​ជួយ​ដល់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​
10, Aug 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​មើលឃើញថា ពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ​មាន​វិបត្តិ​ផ្លូវចិត្ត និង​គ្មាន​ទីតាំង​ដែល​អប់រំ​ផ្លូវចិត្ត តាមបែប​ពុទ្ធសាសនា​ច្រើន​នៅឡើយ ព្រះ​តេជគុណ គូ សុភាព គង់នៅ​វត្ត និគ្រោធ​វ័ន​(​គល់​ទទឹង​) បាន​បង្កើត​ថ្នាក់រៀន​អំពី​ព្រះធម៌ និង​សមាធិ បន្ថែម​ពីលើ​វីដេអូ ដែល​ព្រះអង្គ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​។ បើទោះជា​មួយ​សប្ដាហ៍​សិក្សា​តែមួយ​ម៉ោង​កន្លះ នៅ​រៀងរាល់​ចន្ទ​ក៏ដោយ តែ​ព្រះ​តេជគុណ​ជឿថា ប្រសើរ​ជាង​មិនមាន​ទាល់តែសោះ​។



​ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា ការសិក្សា​ពី​ព្រះធម៌ និង​សមាធិ​នេះ អាចជួយ​អ្វីខ្លះ​លើផ្លូវ​ចិត្ត​នោះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា ថា​ន រស្មី ដូចតទៅ​៖





​នេះ​ជា​សកម្មភាព​បង្ហាត់បង្រៀន​ពី​ព្រះធម៌ របស់​ព្រះ​តេជគុណ គូ សុភាព គង់​វត្ត​និគ្រោធ​វ័ន ហៅ​វត្ត​គល់​ទទឹង នៅក្នុង​ថ្នាក់​សិក្សា​ព្រះធម៌ និង​សមាធិ ឈ្មោះថា វិ​ប្ប​សា ដែល​បង្កើតឡើង​ដោយ​ព្រះអង្គ​ផ្ទាល់ និង​លោក នឹម ឈុ​ន្នី គ្រូបង្ហាត់​សមាធិ​។ ថ្នាក់​សិក្សា​ព្រះធម៌ និង​សមាធិ​នេះ បង្កើតឡើង​កាលពី​អំឡុង​ដើមឆ្នាំ​២០១៨ ដោយសារតែ​មើលឃើញថា ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​កំពុងមាន​វិ​ប​ត្ត​ផ្លូវចិត្ត និង​ភាព​តានតឹង​។

​វិ​ប្ប​សា បើក​បង្រៀន​រៀងរាល់ថ្ងៃ​ចន្ទ​។ ការសិក្សា​មាន​រយៈពេល​មួយ​ម៉ោង​កន្លះ​។ រយៈពេល​១​ម៉ោង​ដំបូង គឺជា​ការអប់រំ​អំពី​ព្រះធម៌ ហើយ​មានការ​សម្រាយ​ណែនាំ​ពី​ព្រះ​តេជ​គុណគូ សុភាព​។  «​សំឡេង​លោកគ្រូ គូ សុភាព បង្រៀន​ពី​ព្រះធម៌​»

​ក្រោយ​ពេលដែល​បង្កើត​ថ្នាក់រៀន​នេះ អស់​រយៈ​ជាង​៦​ខែ​មកហើយ ព្រះ​តេជគុណ​សង្កេតឃើញថា ចំនួន​អ្នក​មក​ចូលរួម​កាន់តែ​ច្រើនជាង​មុន​។ «​ភាគច្រើន​គាត់​បាន​ស្ដាប់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក ហើយ​គាត់​ក៏​មកជា​ប្រចាំ ហើយ​គាត់​បាន​នាំ​បងប្អូន​គាត់​មក​ច្រើន​។ មើលទៅ​គាត់​ឃើញ​គាត់​បាន​ធូរស្បើយ​ជាង​មុន បើ​ទោះ​មិនបាន​ទាំងស្រុង​តែ​ក៏បាន​ច្រើន​ដែរ​»​។

​ព្រះ​គ្រូសូត្រស្ដាំ​គង់នៅ​វត្ត និគ្រោធ​វ័ន​អង្គ​នេះ ក៏បាន​ណែនាំ​បន្ថែមថា នៅពេលដែល​មានទុក្ខ គួរ​ដកខ្លួន​សម្រាក​មួ​យ​រយៈ ឬ​អាច​និយាយប្រាប់​ទៅកាន់​មនុស្ស​ណា​ម្នាក់​ដែល​ទុកចិត្ត ចំណែកឯ​ព្រះធម៌​គឺ ជួយ​ឲ្យ​មនុស្ស​ហ៊ាន​ទទួល​ការពិត​ដែល​កើតឡើង​។ «​អ្នកមាន​វិបត្តិ​ចាំបាច់​ត្រូវមាន​មនុស្ស​ម្នាក់​នៅក្បែរ ដើម្បី​ប្រាប់​បញ្ហា ហើយ​អ្នក​ដែល​ប្រាប់​នោះ​ជាម​នុស្ស​ដើរតួរ​សំខាន់​ក្នុងការ​ជួយសង្គ្រោះ​ផ្លូវចិត្ត ឯ​អ្នកមាន​វិបត្តិ​កាន់តែ​ធ្ងន់​មែនទែន​ត្រូវ​រក​ពេទ្យ​ព្យាបាល ហើយ​មាន​ពេល​សម្រាក និង​ចាប់ផ្ដើម​រៀន​ពី​ធម៌ ពី​ដំណើរ​ធម្មជាតិ​នៃ​ជីវិត ព្រោះ​សេចក្ដី​ទុក្ខ​កើតឡើង​ពី​ការមិនទទួលស្គាល់​ការពិត​»​។​

​ក្រោយ​បញ្ចប់​ម៉ោង​រៀន​អំពី​ព្រះធម៌ កន្លះ​ម៉ោង​ក្រោយ​គឺ​ការសិក្សា​អំពី​ការធ្វើ​សមាធិ​។ ការធ្វើ​សមាធិ​ត្រូវបាន​បង្រៀន​ដោយ​លោក នឹម ឈុ​ន្នី ជា​អ្នកមាន​បទពិសោធ​ន៍ស​មា​ធិ​ជាង​២០​ឆ្នាំ​។ សមាធិ គឺជា​ការជួយ​ឲ្យ​មនុស្ស​អាច​គ្រប់គ្រង​លើ​ដង្ហើម​របស់ខ្លួន​បាន គ្រប់គ្រង​បាន​បែបនេះហើយ ដែល​អាចជួយ​ឲ្យ​មនុស្ស​គ្រប់គ្រង​អារម្មណ៍​របស់ខ្លួន​បាន​។ «​នៅពេលដែល​យើង​មក​ធ្វើ​សមាធិ​គឺ​យើង​រៀន​អំពី​ប្រព័ន្ធ​នៃ​ការគិត រៀន​របៀប​នៃ​ការគិត ឲ្យ​យើ​ស្ថិ​ង​ត​ក្នុង​ចំណុច​វិជ្ជមាន ឲ្យ​យើង​គិត​នៅក្នុង​ផ្លូវ​កុសល​គិត​រឿង​សេចក្ដីសុខ សេចក្ដី​ល្អ ហើយ​សេចក្ដី​ល្អ​ទាំងនោះ​កើតឡើង​តាមរយៈ​ផ្លូវដង្ហើម​រប​ស់​យើង​»​។

​បើទោះជា​ការសិក្សា​ពី​សមាធិ មាន​រយៈពេល​មិន​ដល់​មួយ​ម៉ោង​ក្ដី តែ​លោក នឹម ឈុ​ន្នី យល់ឃើញថា ប្រសើរ​ជាង​មិន​បានធ្វើ​ទាល់តែសោះ​។ «​ក្នុងពេល​មួយ​ម៉ោង​ដែល​យើង​បាន​ជួប វា​មិន​គ្រប់គ្រាន់​ទេ វា​តិច​ណាស់ ប៉ុន្តែ​ហោចណាស់​ឲ្យ​គាត់​បានទទួល​បទពិសោធ​ន៍​ថា សេចក្ដីសុខ​ផ្លូវចិត្ត​មាន​លក្ខណៈ​យ៉ាងម៉េច​? ហើយ​ចំណុច​ថាមពល​វិជ្ជមាន​មាន​អារម្មណ៍​យ៉ាងម៉េច​? ឲ្យ​គាត់​ទទួលបាន​បទពិសោធន៍​តាមរយៈ​ការអនុវត្ត​»​។​

​ក្រោយពី​ប្រើប្រាស់​ថ្នាំ​រំងាប់​អារម្មណ៍​ដោយសារ​ជំងឺ​បាក់​ទឹកចិត្ត អស់​រយៈពេល​៦​ឆ្នាំ​មកហើយ អ្នកស្រី លុយ ចាន់នា បាន​ងាក​មក​ធ្វើ​សមាធិ និង​សិក្សា​ពី​ព្រះធម៌ ដើម្បី​បញ្ឈប់​ការប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​។ ស្ត្រី​វ័យ ៣២​ឆ្នាំ​រូបនេះ បាន​ចាប់អារម្មណ៍​លើ​ព្រះធម៌ នៅពេលដែល​បានឃើញ​ការផ្សព្វផ្សាយ​របស់​ព្រះគ្រូ គូ សុភាព តាម​បណ្ដាញ​សង្គម​។ បើទោះជា​ទើបតែ​បាន​សិក្សា​មួយរយៈ​ពេល​ខ្លី​ក៏ពិតមែន តែ​អ្នកស្រី ជឿជាក់ថា ព្រះធម៌ និង​សមាធិ​អាចជួយ​អ្នកស្រី​ឲ្យ​បាន​ប្រសើរឡើង​។ អ្នកស្រី​ចាន់នា និង​បងប្អូន​ចំនួន​៥​នាក់​ផ្សេងទៀត​បានមក​សិក្សា​រៀងរាល់​សប្ដាហ៍​។ «​ភាគរយ​ដែល​បាន​គឺ​ប្រហែល​២០​ភាគរយ​ទេ​អូន ៨០​ទៀត​យើង​នៅ​មិនទាន់​យល់​អ្វី​ឲ្យ​ប្រាកដ​ទេ គ្រាន់​យើង​និយាយ​តាម​អ្វីដែល​យើង​ឮ​ទេ តែ​យកទៅអនុវត្ត​គឺ​បានត្រឹមតែ​២០​ភាគរយ​។ នៅ​នេះ​សិក្សា​ពី​សមាធិ​ស្វែងយល់​ពី​ដង្ហើម​របស់​យើង ហើយ​លោកគ្រូ គូ សុភាព ប្រៀនប្រដៅ​យើង​អំពី​ព្រះ​ត្រៃបិតក​»​។​

​ដោយនៅ​មិនទាន់​ផ្ដាច់​ថ្នាំ​រំងាប់​អារម្មណ៍​បាន​នៅឡើយ ស្ត្រី​មាន​មាឌធំ និង​មានទឹក​ចិត្តល្អ​រូបនេះ បាន​ឲ្យ​ដឹងថា ទោះ​អ្នកស្រី​បាន​រៀបការ​ជាង​៣​ឆ្នាំ ហើយ​ក្ដី តែ​បើសិនជា​មិនអាច​ផ្ដាច់​ថ្នាំ​បានទេ​អ្នកស្រី​មិនទាន់​យក​កូន​ឡើយ​។ «​បើកាលណា​បង​នៅ​ប្រើប្រាស់​ថ្នាំ​បង​មិន​យក​ដាច់ខាត តែ​គ្រួសារ​បង​យល់​ពី​បង បង​គិតថា​បើកាលណា​យើង​ប្រើ​ថ្នាំ ហើយ​យក​កូន​ប៉ះពាល់​ដល់​គេ ចឹ​ង​បង​ថែម​ការគិត​មួយទៀត​ហើយ​។ ចឹ​ង​វា​ពិបាក​ទាំង​កូន​ទាំង​ម៉ាក់ ចាំ​ពេល​សុខភាព​បង និង​ការគិតរ​បស់បង​បាន​ប្រសើរ​បង​នឹង​គិត​ឡើងវិញ​»​។​

​មិនមែន​មានតែ​អ្នកស្រី លុយ ចាន់នា នោះទេ ដែល​ពេញចិត្ត​ក្នុងការ​សិក្សា​ពី​ព្រះធម៌ និង​សមាធិ នៅក្នុង​ថា្នក់​រៀន​ដែលមាន​ឈ្មោះថា វិ​ប​ស្សា​នេះ មាន​អ្នក​ចូលរៀន​រៀងរាល់​សប្ដាហ៍​ជិត​៣០​នាក់​។ ក្នុងនោះ កញ្ញា គឹម ហៀ​ង ជា​អ្នក​ដែល​បានមក​សិក្សា​តាំងពី​បើក​ថ្នាក់ដំបូង បាន​ឲ្យ​ដឹងថា ការសិក្សា​ពី​ព្រះធម៌​គឺ​បាន​ជួយ​ឲ្យ​ផ្លូវចិត្ត​របស់​កញ្ញា​ត្រជាក់ ដូច​ទឹក និង​មិនមាន​ភាព​ឆេវឆាវ​ច្រើន​។​

«​ពេល​បង​មក​រៀន​ការអប់រំ​ផ្លូវ​ចិត្តល្អ ឲ្យ​យើង​ចេះ​បត់បែន​ដូច​ទឹក ចង់​ឲ្យ​ចិត្ត​យើង​ត្រជាក់​និង​ចេះ​បត់បែន​ដូច​ទឹក​ដូចគ្នា​។ ហើយ​សមាធិ​ឲ្យ​រៀន​ដកដង្ហើម​ចេញចូល និង​កាត់បន្ថយ​ការខឹង​ដូចគ្នា​។ ដូច​លោកគ្រូ គូ សុភាព ថា បើ​ផ្ទះ​គេ​ធំ​គេ​មាន​កាមេរ៉ា​មើល​ផ្ទះ​គេ ហើយ​ចិត្ត​យើង​ដូចគ្នា​ត្រូវធ្វើ​សមាធិ​ដើម្បី​ស្វែងយល់​ពី​ចិត្ត​ខ្លួនឯង ថា​បានធ្វើ​អី​គេ​ខ្លះ​»​។​

​យ៉ាងណាមិញ​រាល់​អ្នក​ដែល​បាន​ចូលរួម​សិក្សា​ពី​ព្រះធម៌ និង​សមាធិ​រួច អ្នក​ទាំងនោះ​បានស្នើ​ទៅ​ព្រះ​តេជគុណ គូ សុភាព និង​លោកគ្រូ នឹម ឈុ​ន្នី បន្ថែម​ម៉ោង​សិក្សា​ទៀត ដើម្បី​ឲ្យ​អ្នក​ចូលរួមបាន​អនុវត្ត​ច្រើន​។ ហេតុនេះហើយ​ព្រះ​តេជគុណ គូ សុភាព និង​លោកគ្រូ នឹម ឈុ​ន្នី បាន​សន្យាថា នឹង​ស្វែងរក​ម៉ោង​បន្ថែម អាច​១​សប្ដាហ៍​២​ដង ដើម្បី​ឲ្យ​អ្នកសិក្សា​មានឱកាស​សិក្សា​ពី​ព្រះធម៌ និង​សមាធិ​កាន់តែច្រើន​។ ទោះ​គ្រោង​បន្ថែម​ម៉ោង​សិក្សា​ក្ដី​តែ​លោកគ្រូ​ទាំង​២ បាន​ណែនាំ​ឲ្យ​យកទៅអនុវត្ត​ខ្លួនឯង​នៅឯ​ផ្ទះ​បន្ថែមទៀត​។ តួយ៉ាង​ដូចជា​ការ​សមា​ធិ គួរ​អនុវត្ត​មួយថ្ងៃ​២​ដង ក្រោយ​ក្រោក​ពី​គេង​សមាធិ​ឲ្យ​បាន​៥​នាទី និង​មុន​ចូល​គេង​គួរ​សមាធិ​ឲ្យ​បាន​៥​នាទី​។ ការធ្វើ​បែបនេះ អាចជួយ​អ្នក​ឲ្យ​មាន​ចិត្តស្ងប់ និង​គេង​លក់​ស្រួល​៕



© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 67769 [1] => 9 [2] => ព្រះ​តេជគុណ គូ សុភាព បង្កើត​ថ្នាក់​សិក្សា​ពី​ព្រះធម៌ និង​សមាធិ ដើម្បី​ជួយ​ដល់​អ្នកមាន​វិបត្តិ​ផ្លូវចិត្ត​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )