ជាតិ
បោះឆ្នោត
រដ្ឋាភិបាល ថា អូស្ត្រាលី គឺជាមិត្តល្អ ដែលគ្មានបំណងដាក់សម្ពាធលើកម្ពុជាឡើយ សម្ដេច ហ៊ុន សែន ចាប់ដៃនាយករដ្ឋមន្រ្តីអូស្ត្រាលី ម៉ាល់ខម ធើនប៊ូល នាជំនួបអាស៊ាន-អូស្ត្រាលី។ (រូបភាព AFP)
× ភ្នំពេញ៖ បញ្ហាបោះឆ្នោតនៅកម្ពុជា នៅតែស្ថិតក្នុងក្រសែភ្នែកអន្តរជាតិ សូម្បីតែអូស្ត្រាលី ដែលជាប្រទេសមួយក្បែរតំបន់អាស៊ី ក៏រិះគន់ការបោះឆ្នោតនៅកម្ពុជាដែរ។ អូស្ត្រាលីថា ខ្លួននឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងអន្តរជាតិ មុននឹងពិចារណាចំពោះស្ថានការណ៍កម្ពុជា។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីថា សម្តីការទូតរបស់អូស្ត្រាលីនេះ គឺគ្មានគោលបំណងដាក់សម្ពាធលើកម្ពុជាឡើយ។
ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយមិនសេរី និងយុត្តិធម៌ឡើយ ដោយសារតែមានការបង្ក្រាបលើគណបក្សនយោបាយ សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ។ នេះជាការបញ្ជាក់របស់លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជុំវិញសំនួរដែលផ្ដោតលើការតាមដានរបស់អូស្ត្រាលី ក្នុងការបោះឆ្នោតឆ្នោតនៅកម្ពុជា។
បន្ទាប់ពីបង្ហាញទស្សនជុំវិញការបោះឆ្នោតរួច លោកស្រី Julie Bishop ត្រូវឆ្លើយសំនួរមួយទៀតរបស់អ្នកកាសែតទូរទស្សន៍ ABC របស់អូស្ត្រាលី ដែលសួរភ្ជាប់នឹងវិធានការទណ្ឌកម្មលើកម្ពុជា។ លោកស្រី Julie Bishop ឆ្លើយយ៉ាងប្រុងប្រយ័ត្នចំពោះសំនួរមួយនេះ ដោយលោកស្រី បាននិយាយថា អូស្ត្រាលីនឹងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលចម្លើយពីភាគីកម្ពុជាសិន ។
តាមរយៈវីដេអូឃ្លីប ក្នុងកិច្ចសម្ភាសន៍រវាងលោកស្រី Julie Bishop ជាមួយទូរទស្សន៍ ABC នៅមុនចូលរួមកិច្ចប្រជុំក្រសួងការបរទេសអាស៊ាន នៅសិង្ហបុរី កាលពីថ្ងៃទី២ សីហា កន្លងមកថា៖« នៅចន្លោះពេលនេះ យើងនឹងទំនាក់ទំនង និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ហើយយើងមិនត្រឹមតែស្វែងរកការឆ្លើយតបជាមួយរដ្ឋាភិបាលកម្ពុជា ប៉ុន្តែយើងក៏ធ្វើការពិភាក្សាជាមួយប្រទេសដទៃផងដែរ ដើម្បីរកចំណាត់ការឲ្យមានប្រសិទ្ធភាព។ ហើយយើងមានជម្រើសច្រើន ក្នុងការពិចារណា»។
ដ្បិតអូស្ត្រាលីលើកឡើងបែបនេះក្តី រដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកអូស្ត្រាលី គឺជាមិត្តល្អ។ សម្រាប់លោក ផៃ ស៊ីផាន ពាក្យសម្ដីរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីខាងលើនេះ គឺជាភាសាការទូត ដើម្បីឆ្លើយតបនឹងទូរទស្សន៍ABC ប៉ុណ្ណោះ ហើយក៏មិនមែនជាសម្តីគំរាមកំហែងកម្ពុជា ដូចប្រទេសដទៃឡើយ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីរូបនេះ ហ៊ាននិយាយថា កម្ពុជា និងអូស្ត្រាលី គឺជាមិត្តដែលមិនអាចកាត់ផ្ដាច់បាន ដូច្នេះអូស្ត្រាលី គ្មានគោលបំណងដាក់សម្ពាធលើកម្ពុជានោះទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា៖«សម្តីអូស្ត្រាលីនេះ បង្ហាញពីជំហរប្រទេសជាមិត្ត មិនមែនជាទិសដៅចង់ដាក់អាណានិគម និងទណ្ឌកម្មមកលើកម្ពុជាដូចប្រទេសអន្តរជាតិដទៃ ដែលចង់ធ្វើអាណាព្យាបាលកម្ពុជាទេ។ អូស្ត្រាលី និងកម្ពុជា គឺជាដៃយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយឈរលើជំហរកិច្ចសហប្រតិបត្តិការល្អនឹងគ្នាទៅវិញទៅមកលើគ្រប់វិស័យ»។
ជុំវិញការបោះឆ្នោតនៅកម្ពុជានេះ មានប្រទេសខ្លះសាទរជ័យជម្នះគណបក្សប្រជាជនកម្ពុជា ប៉ុន្តែក៏មានបប្រទេសខ្លះមិនពេញចិត្តការបោះឆ្នោតដែរ។ មិនពេញចិត្ត ដោយសារតែអន្តរជាតិ យល់ឃើញថា ការបោះឆ្នោតកម្ពុជា រៀបចំឡើងក្នុងបរិយាកាសនយោបាយមិនល្អ ដែលមានការរំលាយគណបក្សប្រឆាំង សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។ អន្តរជាតិទាំងនោះរិះគន់ថា ការបោះឆ្នោតនៅកម្ពុជា មិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ ដែលចង់ជ្រើសរើសអ្នកតំណាងរបស់ពួកគេ បានដោយសេរី ដោយការរំលាយគណបក្សប្រឆាំង។
តែយ៉ាងណាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន ធ្លាប់បាននិយាយថា ការចូលរួមបោះឆ្នោតរបស់ពលរដ្ឋខ្មែរ ដែលមានចំនួន៨២,៨៩ភាគរយនេះ គឺបង្ហាញពីឆន្ទៈរបស់ពួកគេ គាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។ បើតាមលោក ផៃ ស៊ីផាន លទ្ធផលបោះឆ្នោតនេះ ក៏ជាសារមួយឆ្លើយតបទៅអន្តរជាតិ ដែលកំពុងបរាជ័យក្នុងដាក់សម្ពាធមកលើកម្ពុជាផងដែរ៕
Tag:
អូស្ត្រាលី
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com