សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
IMF៖ សេដ្ឋកិច្ច​ឥណ្ឌា​ប្រៀបដូចជា​ដំរី​កំពុង​ចាប់ផ្ដើម​រត់​
10, Aug 2018 , 9:39 pm        
រូបភាព
​ឥណ្ឌា​កំពុងស្ថិត​លើផ្លូវ​ទៅកាន់​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​លឿន​ជាងគេ​របស់​ពិភពលោក​។ នេះ​ជា​ការទស្សទាយ​របស់​មូ​ល​និ​ធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ។ ស្ថាប័ន​មួយ​នេះ​បានគិត​គូរ​លើ​នយោបាយ​កំណែទម្រង់​នានា​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ដែល​កំពុង​ហុច​ផល​ត្រឡប់​វិញ និង​បាន​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ច្រើនជាង​៧​ភាគរយ​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំក្រោយ និង​ឆ្នាំ​បន្ទាប់​ទៀត​។ ប៉ុន្តែ​ឥណ្ឌា​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ដូចជា​អតិផរណា និង​កំណើន​ថ្លៃ​ប្រេង​ផង​។​



«​សេដ្ឋកិច្ច​ឥណ្ឌា​ប្រៀបដូចជា​សត្វ​ដំរី​ដែល​ចាប់ផ្ដើម​រត់​។​» នេះ​ជាការ​លើកឡើង​របស់លោក Ranil Salgado ប្រធាន​បេសកកម្ម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ប្រចាំ​ឥណ្ឌា ដោយ​សំដៅលើ​ទំហំ​សេដ្ឋកិច្ច​ដល់​ទៅ​២.៦​ទ្រី​លាន​ដុល្លារ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ច្រើនជាង​៧​ភាគរយ​។ នយោបាយ​សេដ្ឋកិច្ច​របស់​នាយករ​ដ្ឋ​មន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ដូចជា​ការកែប្រែ​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម ជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ម​ហា​អំណាច​មួយ​នេះ​។​

​ក្នុង​របាយការណ៍​ចេញ​ថ្ងៃទី​៨ ខែសីហា លោក Salgado បាន​ព្យាករ​កំណើនសេដ្ឋកិច្ច​រប​ស់​ឥណ្ឌា​ក្នុង​ឆ្នាំ​២០១៨ នេះ​ចំនួន​៧.៣​ភាគរយ​រហូតដល់​ខែមីនា​ឆ្នាំ​២០១៩ ។​ចាប់ពី​ឆ្នាំ​២០១៩ អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​ឥណ្ឌា​នឹង​កើន​ដល់​៧.៥​ភាគរយ​ឯណោះ ដែល​នោះ​ជា​កំណើន​មួយ​ដ៏​លឿន​ប្រៀបធៀប​នឹង​ប្រទេស​នានា​។ បើតាម​របាយការណ៍​ដ​ដែល​នេះ កំណើនសេដ្ឋកិច្ច​របស់​ឥណ្ឌា​មាន​ទំហំ​ប្រមាណ​១៥​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​ពិភពលោក​។​

​យោងតាម​សារព័ត៌មាន​ឥណ្ឌា Times of India ប្រធាន​សាខា IMF ខាងលើ​បាន​លើកសរសើរ​ឥណ្ឌា និង​ចាត់ទុក​មហាអំណាច​អាស៊ី​ខាងត្បូង​មួយ​ជា​ប្រភព​រយៈពេល​វែង​នៃ​កំណើនសេដ្ឋកិច្ច​សកល​ផង​។ លោក Salgado បញ្ជាក់ថា ឥណ្ឌា​នឹង​ក្លាយ​តួអង្គ​ជំរុញ​កំណើនសេដ្ឋកិច្ច​សាកល​បន្ទាប់ពី​អាមេរិក និង​ចិន ព្រោះ​ឥណ្ឌា​មាន​ពេល​បី​ទសវត្សរ៍​ទៀត​ទម្រាំ​ដល់ពេល​ដែល​ចំនួន​កម្លាំង​ពលកម្ម​ធ្លាក់ចុះ ហើយបី​ទសវត្សរ៍​ខាងមុខ ឥណ្ឌា​អាច​ដូចជា​ចិន​ទៀតផង​។​

​យ៉ាងណាមិញ សេដ្ឋកិច្ច​ឥណ្ឌា ក៏ត្រូវ​ប្រឈមមុខ​ប​ញ្ហ​ជាច្រើន មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ឡើយ​។ សម្រាប់​បញ្ហា​ក្នុងស្រុក នយោបាយ​ពន្ធ​លើ​ទំនិញ និង​សេវាកម្ម​របស់​នាយករ​ដ្ឋ​មន្ត្រី ម៉ូ​ឌី បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ខ្លាំង តែ IMF ស្នើ​ឲ្យ​ឥណ្ឌា​បន្ត​កែទម្រង់​ទៀត និង​ពង្រឹង​ប្រព័ន្ធ​ពន្ធ​ថែមទៀត​។ ការធ្លាក់ចុះ​តម្លៃ​ប្រាក់​រូពី​ក្នុង​ឆ្នាំ​២០១៨ នេះ នឹង​នាំ​ឲ្យ​អតិផរណា​ឡើងថ្លៃ​ដែរ ខណៈ​ស្ថាប័ន​ផ្ដល់​កម្ចី​របស់​រដ្ឋ ក៏​ជួប​បញ្ហា​បំណុល​គួរ​ឲ្យ​បារម្ភ​ដែរ​។​

​ទំនាស់​ផ្នែក​ពាណិជ្ជកម្ម និង​ការ​ឡើងថ្លៃ​ប្រេង ជា​កត្តា​ក្រៅ​ស្រុក​សំខាន់​ពីរ ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ឥណ្ឌា​។ នយោបាយ​ដំឡើង​ពន្ធ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ពិតជា​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​បញ្ហា​ផ្នែក​នាំចេញ​។ ក្រៅពីនោះ ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ក៏​នឹង​ជះឥទ្ធិពល​លើ​ឥណ្ឌា​ផងដែរ បន្ថែម​ពីលើ​ការ​រឹតបន្តឹង​ផ្នែក​ហិរញ្ញវត្ថុ​សាកល​នោះ​៕   


Tag:
 IMF
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com