ជាតិ
បោះឆ្នោត
បក្សកាន់អំណាចជប៉ុន សាទរជ័យជម្នះរបស់សម្តេច ហ៊ុន សែន ហើយប្រកាសថា នៅតែសហការគ្នា រូបថតពី AKP៖ ជំនួបរវាងសម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចកម្ពុជា និងលោក អាបេ ប្រធានគណបក្សអំណាចជប៉ុន ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប កាលពីខែកក្កដា២០១៦ នៅប្រទេសម៉ុងហ្គោលី
× លោក តូស្សីហីរ៉ូ នីកៃ (Toshihiro Nikai) អគ្គលេខាធិការនៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សកាន់ណាចរបស់ជប៉ុន បានផ្ញើលិខិតមកជូនសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមសាទរចំពោះការទទួលបានជ័យជម្នះសាជាថ្មី លើការបោះឆ្នោត។ លិខិតសាទររបស់លោក តូស្សីហីរ៉ូ នីកៃ ដែលធ្វើឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបកប្រែជាភាសាខ្មែរ ហើយបង្ហោះលើគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជា។
ក្រៅពីអបអរសាទរ លោក តូស្សីហីរ៉ូ នីកៃ ដែលជាសមាជិករដ្ឋសភាជប៉ុនដែរនោះ បានកោតសរសើរសម្តេច ហ៊ុន សែន ថាបានធ្វើឲ្យប្រទេសកម្ពុជា រួចផុតពីភ្លើងសង្គ្រាម ហើយកសាងឡើងវិញ ឆ្ពោះទៅរកវិបុលភាព។ លោក បានប្រាប់សម្តេច ហ៊ុន សែន ក្នុងលិខិតសាទររបស់ខ្លួន បែបនេះថា៖«ខ្ញុំសូមបង្ហាញបំណងថា ខ្ញុំនឹងធ្វើការជាមួយសម្តេច ដើម្បីកសាងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត»។
យ៉ាងណា កាលពីប៉ុន្មានថ្ងៃមុន លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្ត្រីការបរទេសជប៉ុន បានបង្ហាញការមិនពេញចិត្តលើចំណុចខ្លះៗ អំពីការបោះឆ្នោតនៅកម្ពុជា ដូចជា សន្លឹកឆ្នោតអត់បានការ មានចំនួនច្រើន ជាដើម។ លោក បានលើកឡើងពីចំណុចអវិជ្ជមានអំពីការបោះឆ្នោតនេះ នៅនឹងមុខលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងឱកាសដែលលោកទាំងពីរ បានជួបគ្នា ពេលទៅចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥១ នៅប្រទេសសិង្ហបុរី។
នៅមានប្រទេសផ្សេងៗទៀត ជាពិសេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏មិនសាទរនឹងការបោះឆ្នោតនៅកម្ពុជាដែរ។ មូលហេតុ គឺដោយសារតែការបោះឆ្នោតលើកនេះ ពុំមានគណបក្សប្រឆាំង។
ទោះប្រទេសខាងបស្ចិមលោកទាំងនោះ មិនសូវឲ្យតម្លៃលើការបោះឆ្នោតនៅកម្ពុជាពិតមែន តែរដ្ឋាភិបាលកម្ពុជា និងគណបក្សកាន់អំណាច បានទទួលការលើកទឹកចិត្តពីបណ្តាប្រទេសនានា នៅក្នុងអាស៊ី។ ក្រោយការបោះឆ្នោតត្រូវបានបញ្ចប់ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មានប្រទេស៥ក្នុងអាស៊ី រួមមាន ចិន វៀតណាម ឡាវ ហ្វីលីពីន ថៃ និងចុងក្រោយនេះ គឺគណបក្សកាន់អំណាចរបស់ជប៉ុន ដែលបានផ្ញើលិខិតមកចូលរួមអបអរសាទរ ហើយទំនងជានៅមានប្រទេសផ្សេងៗ ក៏ថាបាន។
លទ្ធផលបឋម ដែលប្រកាសដោយគណៈកម្មាធិការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា គណបក្សកាន់អំណាចរបស់សម្តេច ហ៊ុន សែន បានទទួលសន្លឹកឆ្នោតដល់ទៅជាង ៤,៨លានឯណោះ ដែលស្មើជាង ៧៦ភាគរយ។ តាមការគណនាក្រៅផ្លូវការ ប្រហែលជាមានតែគណបក្សនេះទេ ដែលអាចទទួលបានអាសនៈក្នុងរដ្ឋសភា សម្រាប់នីតិកាលទី៦។
នៅថ្ងៃទី១១ ខែសីហា គ.ជ.ប នឹងលទ្ធផលបណ្តោះអាសន្នស្តីពីការបោះឆ្នោត ហើយបើគ្មានអ្វីប្រែប្រួល លទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ ក្រោយប្រកាសលទ្ធផលផ្លូវការ រដ្ឋសភានីតិកាលទី៦ នឹងបើកកិច្ចប្រជុំលើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ហើយរដ្ឋាភិបាលថ្មី នឹងត្រូវបង្កើតឡើង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
កម្ពុជា
ជប៉ុន
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com