អន្តរជាតិ
ទ័ពអវកាសអាមេរិកនឹងកើតឡើងនៅឆ្នាំ២០២០ តាមការចង់របស់លោក ត្រាំ អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ថ្លែងនៅមន្ទីរបញ្ចកោណ (រូបភាព AFP)
× អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (Mike Pence) នៅថ្ងៃទី៩ ខែសីហា បានបង្ហាញផែនការជាក់លាក់ក្នុងការឈានទៅបង្កើតអង្គភាពទ័ពអវកាសតាមការចង់បានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ អង្គភាពទ័ពថ្មីទី៦នេះ ដែលអាចលេចរូបរាងនៅឆ្នាំ២០២០ នឹងទទួលបន្ទុកការពារផលប្រយោជន៍អាមេរិកនៅទីអវកាស និងកម្ចាត់ចោលការគំរាមកំហែងនានា។ យ៉ាងណាក្ដី ផែនការបង្កើតស្ថាប័ននេះ ត្រូវការមតិយល់ព្រមពីសភាអាមេរិកជាមុនសិន។
«ពេលវេលាមកដល់ហើយដើម្បីសរសេរទំព័រថ្មីក្នុងប្រវត្តិសាស្ត្រកងទ័ពរបស់យើង។» នេះជាការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន នៅថ្ងៃទី៩ ខែសីហា ក្នុងការបង្ហាញគម្រោងបង្កើតទ័ពអវកាស ដែលជាអង្គភាពទី៦ ចំណុះយោធាអាមេរិកនៅឯមន្ទីរបញ្ចកោណ។ លោក ផេន ចាត់ទុកទីអវកាសជាសមរភូមិបន្ទាប់ ដែលតម្រូវឲ្យអាមេរិកត្រៀមខ្លួនឲ្យបានរួចស្រេចដើម្បីទប់ទល់ការគំរាមកំហែងណាមួយ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញបញ្ជាបង្កើតអង្គភាពទ័ពអវកាសនេះកាលពីខែមិថុនា បន្ថែមពីលើអង្គភាពមានស្រាប់ទាំង៥ដូចជា ទ័ពជើងគោក ជើងអាកាស ជើងទឹក ទ័ពម៉ារីន និងកងឆ្នាំការពារឆ្នេរ។ កាលនោះ លោក ត្រាំ បានប្រើហេតុផលថា ក្រសួងការពារជាតិត្រូវតែដោះស្រាយបញ្ហាប្រឈមរបស់អាមេរិកនៅទីអវកាស និងពង្រឹងឥទ្ធិពលរបស់អាមេរិកនៅទីលំហដែលកំពុងក្លាយជាទីលានប្រជែងរបស់មហាអំណាចទៅហើយ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក ផេន បានរំលេចឈ្មោះរុស្ស៊ី និងចិនចំៗ ដែលជាគោលដៅរបស់អង្គភាពទ័ពថ្មីនេះ។ អនុប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា កម្លាំងអវកាសនេះ ពិតជាសំខាន់ណាស់ក្នុងការទប់ទល់ចិន និងរុស្ស៊ី ដែលកំពុងអភិវឌ្ឍសមត្ថភាពប្រឆាំងផ្កាយរណបឥតឈប់ឈរ។ បើតាមលោក ផេន ក្រុងមូស្គូ និងក្រុងប៉េកាំងបានពង្រឹងសមត្ថភាពដែលអាចឲ្យផ្កាយរណបពួកគេចូលកៀកផ្កាយរណបអាមេរិក ហើយបង្កជាគ្រោះថ្នាក់តែម្ដង។
សព្វថ្ងៃ ទ័ពអាកាសអាមេរិកជាអ្នកទទួលបន្ទុកការពារលំហនេះ តែក្រោយការបង្កើតកម្លាំងអវកាសនៅឆ្នាំ២០២០ តាមបំណងលោក ត្រាំ ភារកិច្ចនេះត្រូវផ្ទេរទៅឲ្យអង្គភាពថ្មី។ ក្រោយការថ្លែងសុន្ទរកថារបស់លោក ផេន លោក ត្រាំ ក៏បានសរសេរលើ Twitter ថា ទ័ពអវកាសចេញមកហើយ។ យ៉ាងណាមិញ ការបង្កើតស្ថាប័នយោធាថ្មីនេះរួចហើយ មិនមែនមានន័យថា អ្វីៗរួចរាល់ឡើយ។ រដ្ឋបាលលោក ត្រាំ ត្រូវការការយល់ព្រមពីសភាអាមេរិកសិន ដែលជារឿងលំបាកមួយ ដ្បិតសមាជិកសភាអាមេរិកខ្លះនៅសង្ស័យគម្រោងនេះនៅឡើយ ជាពិសេសការចំណាយ និងការបង្កើតរចនាសម្ព័ន្ធថ្មីតែម្ដង។
ក្នុងផែនការបង្កើតទ័ពអវកាសនេះ អាមេរិកនឹងបង្កើតទីបញ្ជាការលំហអាកាសជាមុនសិន។ ទីបញ្ជាការដ្ឋាននេះនឹងស្រូបយកទាហានពីអង្គភាពមានស្រាប់ មានទីស្នាក់ការផ្ទាល់ ហើយដែលត្រូវឲ្យកែប្រែរចនាសម្ព័ន្ធយោធាដ៏ធំមួយ ជាពិសេសនៅស្ថាប័នទ័ពអាកាសតែម្ដង៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com